រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជាតវ៉យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងខេត្តបាត់ដំបង និងឧត្ដរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥ ៖
- ការលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរ ក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
- ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ និង
– ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាផាស ស៊នឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand’s Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មាន និងបរទេសទៅកាន់សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ ។
សកម្មភាពទាំងនេះ ដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាលើចំណុចទី I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ការសាងសង់របងព្រំដែនដោយឯកតោភាគីនេះ កាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្ន ដែលបានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា ក៏បដិសេធការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្ម ជាលេសសម្រាប់ការឈ្លានពានទឹកដីផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ និងមិនទទួលយកនូវខ្សែព្រំដែនឬការទាមទារទឹកដីណាមួយ។ ដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងទៅនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងនេះ ដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់ នូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពាក់ព័ន្ធនានា ហើយត្រូវជៀសវាង ធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត។ ទាំងនេះជាភាពចាំបាច់ ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹង ជំនឿជាក់ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ នូវការប្តេជ្ញាចិត្តមុតមាំរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់កម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយកម្ពុជានៅតែបន្តរក្សាជំហរជាគោលការណ៍របស់ខ្លួនដដែលថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ ៕

ចែករំលែកព័តមាននេះ