អភិបាលខេត្តសៀមរាបចុះពង្រឹងសម្ព័ន្ធមេត្រីភាព និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១០ មេសា ឆ្នាំ ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១០ មេសា ឆ្នាំ ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១០ មេសា ឆ្នាំ ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់ចំនួន៣៥មុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយ បារម្ភពីសុខទុក្ខរបស់បងប្អូនវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ក្នុងពេលដែលប្រទេស ជិត ខាងបានចូលឈ្លានពានទឹកដីកម្ពុជា នៅតាមព្រំដែន ។ គណៈប្រតិភូបានពាំនាំនូវមនោ សញ្ចេតនា និង ទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់មន្ត្រីរាជការ កងកម្លាំង និងប្រជា ពលរដ្ឋខេត្តសៀមរាប ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជន ភ្ញៀវជាតិ អន្តរជាតិ ឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គី ភាពជាតិដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរ ខ្មែរជួយខ្មែរ ។ ក្នុងនោះ ឯកឧត្តម អភិបាល ខេត្តបានសង្កត់ធ្ងន់លើកត្តា៤យ៉ាង ដើម្បីឱ្យប្រទេសជាតិខ្លាំង ត្រូវមាន វីរកងទ័ពខ្លាំង , ថ្នាក់ដឹកនាំខ្លាំង , សេដ្ឋកិច្ចខ្លាំង , ប្រជាពល រដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជា (ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និង ការអភិវឌ្ឍ ) ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយមិនចង់ឱ្យមានការបាត់ បង់អាយុជីវិតកងទ័ព ឬ ប្រជាពលរដ្ឋឡើយ ។ ឯកឧត្តមបានជម្រុញ និងលើកទឹកចិត្តដល់នាយទាហាន ពល ទាហានទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ហ្វឹក ហាត់ក្បួនយុទ្ធសាស្ត្រឱ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយ អន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ ។

ឯកឧត្តមបានសម្តែងភាពស្ញប់ស្ញែងចំពោះវីរៈកងទ័ពកម្ពុជា មានភាពអង់អាចក្លាហានតតាំងជាមួយសត្រូវឈ្លានពាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិនិង បូរណ ភាពដែនដី និងបាន ធ្វើឱ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិ ភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានធ្វើសេចក្តីរាយការណ៍ ពីស្ថាន ភាពសន្តិសុខ នៅតាមបន្ទាត់ព្រំដែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាប និងបានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដីឱ្យ បានដាច់ខាត។

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន ៣៥មុខ ក្នុងនោះថវិកា៤០លានរៀល និងអង្ករ ៥តោន មី១៥០កេស,ស្រាបៀរ ២០០ កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០ យូរ,ប្រេងសាំង ១ពាន់៥០០ លីត្រ , ស័ង្គសី ១ពាន់សន្លឹក ពុយដាក់ប្រេង ៨ និង អំពូលសូឡា ៥គ្រឿង ,គោ៤ក្បាល , ជ្រូក២ក្បាល ក្រៅពីនោះជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា៦លានរៀល ផងដែរ ៕


ចែករំលែកព័តមាននេះ