ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មិន​ទាន់​ផ្ទុះ ២​គ្រាប់ ត្រូវ​បាន​អាជ្ញាធរ​មីន កម្ទេច​ចោល​ដោយ​ជោគជ័យ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រៀងរាល់ថ្ងៃ ក្រុមការងារ​របស់​អង្គការ CSHD តែងតែ​ចុះ​បំពេញបេសកកម្ម​នៅ​ទីវាល​ផ្ទាល់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង ក្នុងអំឡុងពេល​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​០៧ កក្កដា ២០២៦​នេះ បាន​ទទួល​សំណើរ និង​ធ្វើការ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ (ERW) ចំនួន​០២​គ្រាប់ ដែល​លាក់ខ្លួន​ក្បែរ​គល់ឈើ​ក្រៀម និង​ដើមឈើ នេះ​បើ​យោង​តាម​អាជ្ញាធរ​កម្ចាត់​មីន​កម្ពុជា ។

អាជ្ញាធរ​មីន បាន​ឲ្យ​ដឹង​បន្ត​ថា ការ​ស្វែងរក​ឃើញ និង​កម្ទេច​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំងនេះ គឺ​ដើម្បី​ធានា​ថា បងប្អូន​ប្រជា​កសិករ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​សហគមន៍ អាច​ប្រកប​របរ និង​ធ្វើ​ដំណើរ​នៅ​លើ​ដីធ្លី​របស់​ពួក​គេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។

អាជ្ញាធរ​មីន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ទីវាល​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ប្រទះ​ឃើញ​មីន គ្រាប់​មិន​ទាន់​ផ្ទុះ គ្រាប់បែក​ចង្កោម និង​វត្ថុ​ចំលែក​សង្ស័យ​ជា​គ្រាប់ សូមកុំ​ប៉ះពាល់ កែ​ច្នៃ គប់ ដុំ ឬ​ចល័ត​ទៅ​ទីណា​មួយ គ្រាប់​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​របួស ពិការ ស្លាប់ គ្រប់ពេល និង​សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល មេ​ភូមិ មេឃុំ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន តាម​រយៈ​លេខ​ទូរ​សព្ទ ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99 ៕