ខណៈដែលបន្ទុះនៃជំងឺគ្រុនឈាម នៅក្នុងប្រទេសកំពុងកម្រើកឡើង ក្រសួងសុខាភិបាលបានបើកកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសកម្មភាពឆ្លើយតបចំពោះការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅតាមបណ្តាស្រុក និងខេត្តមួយចំនួន ខណៈអាជ្ញាធរសុខាភិបាលត្រូវបានណែនាំឱ្យអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺឱ្យបានទាន់ពេលវេលា ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ។
កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានឃ្លាំងឱសថកណ្តាល ប្រធានកម្មវិធីគ្រុនឈាមខេត្ត និងមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សរុបចំនួន ៩៦នាក់។

ក្នុងកិច្ចប្រជុំ មន្ត្រីសុខាភិបាល បានចែករំលែកព័ត៌មានអំពីស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន ព្រមទាំងកំណត់ទិសដៅអនុវត្តវិធានការឆ្លើយតប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ។ ទន្ទឹមនឹងនេះក៏មានការណែនាំអំពីទម្រង់រៀបចំផែនការសកម្មភាពស្តង់ដាររយៈពេល៣០ថ្ងៃ សម្រាប់រាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារនៅមូលដ្ឋាន។

ក្រៅពីការផ្តល់ការណែនាំបច្ចេកទេស កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីសម្របសម្រួលការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ។
នៅពេលនេះករណីគ្រុនឈាមត្រូវបានរាយការណ៍ថា មានរីករាលដាលនៅខាងខេត្តកណ្តាល ហើយ កោះកុងក៏កំពុងតែកម្រើកឡើងផងដែរ ។
នៅខាងខេត្តកណ្តាលមានសេចក្តីរាយការណ៍ថា មានករណីឆ្លងជាង៥០០ ករណីហើយ រីឯនៅកោះកុងគឺមានប្រមាណជាជិត៤០០នាក់ ៕
ចែករំលែកព័តមាននេះ