ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ខ្លាំង​ណាស់ ! អាកា​រៈ​ឈឺក្បាល​រ៉ាំរ៉ៃ អាច​ជា​សញ្ញា​ព្រមា.ន​​នៃ​ដុំ​សាច់​ក្នុង​ខួរក្បាល

15 ម៉ោង មុន

«​ឈឺក្បាល​» គឺជា​អាកា​រៈទូ​ទៅ​មួយ​ដែល​មនុស្ស​គ្រប់​រូប​តែងតែ​ជួប​ប្រទះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ជា​រឿយ​ៗ យើង​តែងតែ​គិត​ថា​វា​បណ្តាល​មក​ពី​ការ​ស្ត្រេ​ស ការ​គិត​ច្រើន ការ​គេង​មិន​លក់ ឬ «Office Syndrome» ព្រោះតែ​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ​យូរ​ពេក ហើយ​ដំណោះស្រាយ​ដែល​យើង​តែងតែ​ធ្វើ គឺ​ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ដើម្បី​ទប់ទល់​មួយ​គ្រា​ៗ​។

ប៉ុន្តែ​ដឹង​ទេ​ថា ប្រសិនបើ​អាកា​រៈ​ឈឺក្បាល​នោះ​ប្រែជា «​រ៉ាំរ៉ៃ ខ្លាំងក្លា និង​មិន​ងាយ​បាត់​ទៅ​វិញ​» វា​អាច​ជា​សំឡេង​ជួង​ព្រមាន​ដ៏​គ្រោះថ្នាក់​ពី​ខាងក្នុង​ថា ខួរក្បាល​របស់​អ្នក​កំពុង​តែ​មាន​វត្តមាន​របស់ «​ដុំ​សាច់ (Brain Tumor)»​។

តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​ថា​ការ​ឈឺក្បាល​បែប​ណា​ជា​សញ្ញា​គ្រោះថ្នាក់? មក​ស្វែង​យល់ និង​សង្កេត​រោគ​សញ្ញា​ទាំងអស់​គ្នា​៖

ហេតុ​អ្វី​បានជា​ដុំ​សាច់​ក្នុង​ខួរក្បាល​បង្ក​ឱ្យ​មានការ​ឈឺក្បាល?

លលាដ៍ក្បាល​របស់​មនុស្ស​យើង​មាន​ទំហំ​កំណត់ និង​រឹង​មាំ​ខ្លាំង​។ នៅ​ពេល​ដែល​មាន​ដុំ​សាច់​ចាប់ផ្តើម​លូតលាស់​នៅ​ក្នុង​ខួរក្បាល វា​នឹង​ទៅ​ដណ្តើម​ដី និង​បង្កើត​សម្ពាធ​នៅ​ក្នុង​លលាដ៍ក្បាល (Intracranial Pressure)​។ សម្ពាធ​នេះ​នឹង​ទៅ​សង្កត់​លើ​សរសៃប្រសាទ និង​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល បង្ក​ឱ្យ​មានការ​ឈឺចាប់​ខ្លាំងក្លា និង​រ៉ាំរ៉ៃ​ទៅ​ៗ​តាម​ទំហំ​នៃ​ដុំ​សាច់​នោះ​។

៥ សញ្ញា​ព្រមាន​៖ ឈឺក្បាល​បែប​ណា​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ?

ប្រសិនបើ​ការ​ឈឺក្បាល​របស់​អ្នកមាន​អម​មក​ជាមួយ​នូវ​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោម​នេះ ដាច់ខាត​កុំ​ទិញ​ថ្នាំលេប​ផ្សំ​ខ្លួនឯង​អី​៖

១. ឈឺ​ខ្លាំង​បំផុត​នៅ​ពេល​ព្រឹក​ព្រលឹម​៖ ការ​ឈឺក្បាល​ដោយសារ​ដុំ​សាច់​ក្នុង​ខួរក្បាល តែងតែ​ធ្វើទុក្ខ​ខ្លាំង​នៅ​ពេល​យប់​ជ្រៅ ឬ​ពេល​ជិត​ភ្លឺ ព្រោះ​នៅ​ពេល​យើង​គេង សម្ពាធ​ក្នុង​ខួរក្បាល​នឹង​កើនឡើង​ខ្ពស់​។ អ្នកជំងឺ​អាច​ភ្ញាក់​ពី​គេង​ទាំង​ឈឺក្បាល​ចាក់​ៗ​។

២. ឈឺក្បាល​រួម​ផ្សំ​នឹង​ការ​ចង្អោរ ឬ​ក្អួត​៖ ជា​ការ​ក្អួត​ដោយ​គ្មាន​មូលហេតុ (​មិនមែន​ពុល​អាហារ​) ហើយ​ជា​រឿយ​ៗ បន្ទាប់​ពី​ក្អួត​រួច អាកា​រៈ​ឈឺក្បាល​ក៏​មិន​បាន​ធូរស្រាល​ដែរ​។

៣. កម្រិត​នៃ​ការ​ឈឺចាប់​កើន​ឡើងជា​លំដាប់​៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ ការ​ឈឺចាប់​កាន់តែ​ខ្លាំង​ទៅ​ៗ ទោះបីជា​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​ក៏​លែង​សូវ​ដឹង​ដែរ​។

៤. មាន​បញ្ហា​លើ​គំហើញ និង​ការ​និយាយ​ស្តី​៖ ចាប់ផ្តើម​ស្រវាំងភ្នែក មើលឃើញ​រូបភាព​បែក​ជា​ពីរ ឬ​និយាយ​មិន​ច្បាស់ រក​នឹក​ពាក្យ​និយាយ​មិនឃើញ​ភ្លាម​ៗ​។

៥. វង្វេងស្មារតី ឬ​ខ្សោយ​សាច់ដុំ​៖ មាន​អារម្មណ៍​ថា​ទន់ដៃទន់ជើង​ម្ខាង ដើរ​មិន​ត្រង់​ផ្លូវ ពិបាក​រក្សា​លំនឹង​ខ្លួន ឬ​មានការ​ប្រែប្រួល​បុគ្គលិកលក្ខណៈ (​ឆាប់​ខឹង​ប្លែក ខុស​ពី​ធម្មតា​)​។

អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជា​បន្ទាន់

ដុំ​សាច់​ក្នុង​ខួរក្បាល មិនមែន​សុទ្ធតែ​ជា​ដុំ​សាច់​មហារីក (​កាច​) ទាំង​អស់នោះ​ទេ វា​ក៏​អាច​ជា​ដុំ​សាច់​ស៊ុម (​ស្លូត​) ផង​ដែរ​។ ប៉ុន្តែ​ទោះជា​ស្លូត​ឬ​កាច កាលណា​វា​ដុះ​នៅ​ក្នុង​ខួរក្បាល វា​នឹង​បង្ក​គ្រោះថ្នាក់​ដូច​គ្នា​ប្រសិនបើ​ទុក​ចោល​។

-​កុំ​ពន្យារពេល​៖ ប្រសិនបើ​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​មាន​សញ្ញា​ព្រមាន​ខាងលើ ត្រូវ​ប្រញាប់​ទៅ​ជួប​ឯកទេស​រោគ​សរសៃប្រសាទ ដើម្បី​ធ្វើការ​ពិនិត្យ​ស្កេ​ន​ខួរក្បាល (CT Scan ឬ MRI)​។ ការ​រក​ឃើញ​ទាន់​ពេល គឺជា​គន្លឹះ​មាស​ក្នុង​ការ​សង្គ្រោះ​ជីវិត​។

-​កុំ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ហួស​កម្រិត​៖ ការ​លេបថ្នាំ​បិទ​បាំង​រោគ​សញ្ញា គ្រាន់តែ​ជួយ​ឱ្យ​អ្នក​បាត់​ឈឺ​មួយ​ភ្លែត ប៉ុន្តែ​វា​កំពុង​តែ​លាក់បាំង​ឃាតករ​ដែល​កំពុង​លូតលាស់​។

«​រាង​កាយ​របស់​យើង​តែងតែ​និយាយ​មក​កាន់​យើង​តាម​រយៈ​ការ​ឈឺចាប់​។ ចូល​ស្តាប់​វា​ដោយ​យកចិត្តទុកដាក់ កុំ​ព្រងើយកន្តើយ​ឡើយ​»​។

សុខភាព​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​។ ចាប់ផ្តើម​សង្កេត និង​ថែទាំ​សុខភាព​ខួរក្បាល​របស់​អ្នក​នៅ​ថ្ងៃនេះ ដើម្បី​អនាគត​ដ៏​យូរអង្វែង និង​ក្តី​សុខ​ក្នុង​ក្រុម​គ្រួសារ​!