ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រ​ម៉ា​ញ់​បង្ក្រាប​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​មនុស្ស​ដាក់​រថយន្ត ដើម្បី​ជំរិ.ត​ទារប្រាក់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្រុង​បា​វិត

13 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​មនុស្ស​ដាក់​រថយន្ត​ដើម្បី​ជំរិត​ទារប្រាក់​ពិតជា​ហ៊ាន​មែន​យក​កាំបិត​ផ្ជ​ង់​ចាប់​ក្រៀក​មនុស្ស​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្រុង បា​វិត​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦​នៅ​ចំណុច​ផ្លូវ​កំពង់​ស្ពាន​ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។

បើ​តាម​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ៧​និង​៥០​នាទី​ព្រឹក កម្លាំង អធិការ ដ្ឋា​ន នគរបាល​ក្រុង​បា​វិត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ត​ដើម្បី​ជំរិត​ទារប្រាក់ នៅ​ត្រង់​ចំណុច​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង ព្រមទាំង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ក្រុង​បា​វិត ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម វិធានការ​ជំនាញ​។

ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​បើករថយន្ត​គេចខ្លួន ក៏​បាន​ដេញ​តាម និង​ស្ទាក់​តាម​គោលដៅ​ប្រទាក់ក្រឡា​។ ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​ទម្លាក់​ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម​ចោល តាម​ផ្លូវ ហើយ​បាន​ចេញពី​រថយន្ត រួច​រត់​ចូល​វាលស្រែ​។

កម្លាំង​សមត្ថកិច្ច​បាន​រត់​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​០៣​នាក់ (​ភេទ​ប្រុស )​ជា​ជនជាតិ​វៀតណាម នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ដដែល​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ រថយន្ត ម៉ាក Toyota prius ពណ៌​ក្រហម (​រថយន្ត​ធ្វើ​សកម្មភាព​) ១​គ្រឿង​, កាំបិត​ធ្វើ​សកម្មភាព ០៣​ដើម​, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕