សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្ថាប័ននានាគួរតែបន្តពង្រឹង និងកែសម្រួលនិតិវិធី និងលក្ខខណ្ឌកាន់តែអំណោយផលដល់ការទាក់ទាញអ្នកវិនិយោគបន្តទៀត ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សម្តេចធិបតីបានលើកឡើងថា គិតត្រឹមថ្ងៃទី៧ ខែសីហា ខេត្ត៤ នៅភូមិភាគឦសានរបស់កម្ពុជា បានទទួលសំណើគម្រោងវិនិយោគចំនួន៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៨ ម៉ឺនកន្លែង ។
សម្តេចធិបតី បានឱ្យដឹងថា ក្នុងចំណោមសំណើវិនិយោគទាំង៧២ គម្រោង មានគម្រោងចំនួន ៥៧ ត្រូវបានពិនិត្យ និងកំពុងបន្តនីតិវិធីពាក់ព័ន្ធ ដើម្បីឈានទៅរកការអនុវត្តគម្រោង ។
បើតាមសម្តេចធិបតីភាពសកម្មនៃការស្នើសុំវិនិយោគនៅភូមិភាគឦសាននេះ គឺជាសញ្ញាបង្ហាញពីសក្តានុពលកាន់តែខ្លាំងឡើងរបស់តំបន់ ដែលរួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ក្នុងការទាក់ទាញទុនវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ។

ជាមួយគ្នានេះ សម្តេចធិបតីបានបង្ហាញថា បើគិតទូទាំងប្រទេស គិតត្រឹមថ្ងៃទី៧ ខែសីហាដដែល កម្ពុជាបានទាក់ទាញ គម្រោងវិនិយោគចំនួន២១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ១៤០.០០០ កន្លែង ។ សម្តេចធិបតីក៏បានលើកឡើង ពីប្រសិទ្ធភាពនៃការអនុវត្តគម្រោងវិនិយោគនៅក្នុងរយៈពេល៣ឆ្នាំកន្លងមក ដោយបញ្ជាក់ថា គម្រោងដែលបានចុះបញ្ជី និងបានចាប់ផ្តើមអនុវត្តមានរហូតដល់ ៩៥,៧៥ ភាគរយ ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានៅតែមានភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ ហើយរាជរដ្ឋាភិបាលនឹងបន្តសម្រួលនីតិវិធី និងបង្កើតលក្ខខណ្ឌកាន់តែអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត មិនថាជា ការវិនិយោគខ្នាតតូច ខ្នាតមធ្យម ឬខ្នាតធំឡើយ ។

សម្តេចធិបតីបានណែនាំឱ្យបន្តពង្រឹងនីតិវិធី និងលក្ខខណ្ឌវិនិយោគឱ្យកាន់តែអំណោយផល ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ។
ទន្ទឹមនឹងការទាក់ទាញការវិនិយោគផ្លូវការ រាជរដ្ឋាភិបាលក៏មានគោលដៅបន្តគាំទ្រ និងលើកកម្ពស់អាជីវកម្មក្រៅប្រព័ន្ធ ឱ្យអាចចូលរួមកាន់តែសកម្មក្នុងសេដ្ឋកិច្ចជាតិ ដោយរំពឹងថា នឹងជួយពង្រីកសកម្មភាពអាជីវកម្ម បង្កើតការងារ និងបង្កើនឱកាសរកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ។
ការកើនឡើងនៃសំណើវិនិយោគនៅភូមិភាគឦសាន ក៏កំពុងធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានសក្តានុពលកាន់តែច្រើនសម្រាប់ការវិនិយោគ ជាពិសេសលើវិស័យដែលអាចប្រើប្រាស់ធនធានក្នុងតំបន់ បង្កើតការងារ និងភ្ជាប់ខេត្តភាគឦសានទៅនឹងទីផ្សារក្នុងស្រុក និងតំបន់ ។
សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា ការរក្សា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងការបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនឹងក្លាយជាកត្តាសំខាន់សម្រាប់ការទាក់ទាញទុនវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ