ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនរងការវា.យ.ប្រ.ហារពេលយប់ដ៏សាហាវពីសំណាក់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីលធុន ZIRCON និងមីស៊ីលកូរ៉េខាង​ជើង

13 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី កាលពី​ថ្ងៃ​ទី​១១​ សីហា​ បាន​ចោទប្រកាន់​
រុ​ស្ស៊ី​ថា បាន​ប្រើ​បណ្ដា​មី​ស៊ី​​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង ក្នុង​ការ​វាយប្រហារ​នា​ពេល​យប់ លើ​ទីក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់​ ។

តាម​បណ្ដាញ​សង្គម​ X លោក​ហ្សេ ឡេ​ន​ស្គី​ថ្លែង​ថា ទីក្រុង​នោះ​ រង​ការ​វាយប្រហារ​ដោយ​បណ្ដា​មី​ស៊ី​​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង និង​បណ្ដា​មី​ស៊ី​ល​រុ​ស្ស៊ី​​ធុន​ ZIRCON ព្រមទាំង​គ្រាប់បែក​អាកាស​បញ្ជា ​។ លោក​បរិហារ​ថា ​នោះ​ជា​ការ​វាយប្រហារ​ដ៏​សាហាវ ធ្វើ​ឲ្យ​មានការ​ខូចខាត​យ៉ាងដំណំ​ ។ តាម​តុល្យការ​ផ្លូវការ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១១​ សីហា​ ថា មនុស្ស​យ៉ាងតិច​៩​នាក់​ស្លាប់ ក្នុង​ការ​វាយប្រហារ​ពេល​យប់​ថ្មី​របស់​រុ​ស្ស៊ី​​ប្រឆាំង​អ៊ុយ​ក្រែ​ន​ ។ នៅ​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​មនុស្ស​៦​នាក់​ស្លាប់​ និង​១៩​នាក់​រង​របួស ហើយ​បណ្ដា​អគារ​រង​ការ​បំផ្លាញ​ឬ​ខូចខាត​ ។

ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្ស៊ី​​កើត​មាន​បន្ទាប់​ពី​លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​កាលពី​ថ្ងៃ​ទី​១០​ សីហា​ ថា រុ​ស្ស៊ី​​រៀបចំ​ដាក់​ពង្រាយ​​ថែម​ទៀត​កង​ទាហាន​កូរ៉េ​ខាងជើង​ក្នុង​ទឹកដី​ខ្លួន ហើយ​កំពុង​ទទួល​មី​ស៊ី​​ល​បាលី​ស្ទិ​ក​ថ្មី​ៗ​មក​ពី​កូរ៉េ​ខាងជើង​។ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​លោក​ហ្សេ​ឡេ​ន​ស្គី​ធ្លាប់​អះអាង​ថា ការ​សម្រេចចិត្ត​មួយ​គំ​ពុង​ធ្វើ ទាក់ទិន​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព​កូរ៉េ​ខាងជើង​ពី​៣០.០០០​ទៅ​៥០.០០០​នាក់ ក្នុង​ដែនដី​រុ​ស្ស៊ី ​។ លោក​មិន​បញ្ជាក់​ឡើយ​ថា​​តើ​លោក​ទទួល​បាន​ព័ត៌មាន​នោះ​មក​ពី​ខាង​ណា​។

អ៊ុយ​ក្រែ​ន​ក៏​ដូច​ជា​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ពី​មុន​មក​ក៏​ធ្លាប់​បាន​ចោទប្រកាន់​រុ​ស្ស៊ី​​ថា ​ប្រើ​បណ្ដា​អាវុធ​ផលិត​នៅ​កូរ៉េ​ខាងជើង ។ កូរ៉េ​ខាងជើង​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​រុ​ស្ស៊ី​ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ត្រូវ​បាន​ពង្រឹង​តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​មក​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​រុ​ស្ស៊ី ​និង​កូរ៉េ​ខាងជើង ជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​យើង ហើយ​ជា​ការ​បំពាន​លើ​បណ្ដា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ​។ ក្រុង​សេ​អ៊ូ​ល​កំពុង​តាមដាន​មើល​យ៉ាង​ប្រកិត​កា​រវិ​វ​ឌ្ឍ​នៃ​សភាពការណ៍​ ៕