សហរដ្ឋអាមេរិក ៖ តាមសេចក្តីរាយការណ៍ថ្មីៗនេះពីកាសែត Washington Post បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុន បានជិះយន្តហោះហើរយោធាសម្ងាត់១គ្រឿងចេញពីប្រទេសតួកគីយ៉េ ក្នុងប្រតិបត្តិការពិសេសមួយ ដែលតម្រូវឱ្យផ្លាស់ប្តូរលោកពីយន្តហោះមួយទៅយន្តហោះមួយទៀត ដោយប្រើឡានដឹកម្ហូបអាហារ ដែលនេះជាការបន្លំភ្នែកដ៏ចម្លែកមួយធ្វើឡើង ដោយសារតែមានការគំរាមកំហែងសុវត្ថិភាពរបស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
សេតវិមានបានប្រកាសនាពេលនោះថា លោក ត្រាំ កំពុងធ្វើដំណើរតាមយន្តហោះ Air Force One ចេញពីតួកគីយ៉េ ជាកន្លែងលោកបានចូលរួមសន្និសីទកំពូលអង្គការណាតូ (NATO) ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។ យ៉ាងណាក៏ដោយ កាសែត Washington Post បានចុះផ្សាយកាលពីថ្ងៃទី១០ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ថា ភ្លាមៗ បន្ទាប់ពីលោកឡើងយន្តហោះ Air Force One លោកក៏បានចាកចេញពីយន្តហោះនោះវិញដោយសម្ងាត់តាមឡានដឹកម្ហូបអាហារ ហើយបន្តឡើងយន្តហោះធុនតូច១គ្រឿងទៀត Air Force C-32A ដើម្បីហោះទៅកាន់ចក្រភពអង់គ្លេស។ ក្រៅពី Washington Post កាសែតអាមេរិក១ទៀត New York Times ក៏បានចុះផ្សាយរបាយការណ៍ស្រដៀងគ្នានេះដែរ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះម្នាក់ផងដែរ។
លោក ត្រាំ បានជិះយន្តហោះ Air Force One ថ្មី ដែលទើបឆ្លងនឹងកាត់ត្រួតពិនិត្យ និងការកែលម្អ ជាអំណោយពីប្រទេសកាតា ទៅកាន់ទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគីយ៉េ ដើម្បីចូលរួមសន្និសីទកំពូលអង្គការណាតូ ប៉ុន្តែក្រោយមកស្រាប់តែសេចក្តីប្រកាសដ៏នឹកស្មានមិនដល់ថា លោកនឹងប្រើប្រាស់យន្តហោះ Air Force One ស៊េរីចាស់វិញនៅពេលចាកចេញពីប្រទេសនោះ ដែលនេះជាការផ្លាស់ប្តូរមួយបង្កឱ្យមានសំណួរជុំវិញបញ្ហាជុំវិញតម្លៃ និងប្រព័ន្ធសុវត្ថិភាពរបស់យន្តហោះថ្មី។ ស្របពេលការធ្វើដំណើរទៀតសោត បានកើតឡើងចំពេលភាពតានតឹងកំពុងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់ ដែលមានព្រំប្រទល់ជាប់នឹងតួកគីយ៉េ។
គ្រានោះ មុនពេលចាកចេញពីទីក្រុងអង់ការ៉ា លោក ត្រាំ ក៏បានសរសេរសារមួយនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ពណ៌ខៀវខ្ចី ដែលបម្រើប្រធានាធិបតីអាមេរិករាប់សិបឆ្នាំហើយនោះ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ ទៅកាន់មូលដ្ឋានទ័ពអាកាស RAF Mildenhall ក្នុងប្រទេសអង់គ្លេស ខណៈយន្តហោះថ្មីនឹងចុះចតនៅមូលដ្ឋានទ័ពដដែលនោះដែរ ដើម្បីឱ្យបណ្តាកងទ័ពអាមេរិកដែលឈរជើងនៅទីនោះ អាចចូលទស្សនាយន្តហោះនេះបាន។
របាយការណ៍ព័ត៌មានបន្តថា យន្តហោះធុន C-32A ដែលដឹកលោក ត្រាំ បានហោះទៅដល់អង់គ្លេសនៅម៉ោង ១០:២០ នាទីយប់ (ម៉ោងក្នុងស្រុក) ខណៈយន្តហោះ Air Force One ស៊េរីចាស់ និងក្រុមអ្នកសារព័ត៌មានបានទៅដល់ប៉ុន្មាននាទីក្រោយ។ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើលោក ត្រាំ ត្រូវបានគេផ្លាស់ទីពីយន្តហោះ C-32A ត្រឡប់ទៅយន្តហោះ Air Force One ស៊េរីចាស់វិញដោយរបៀបណានោះទេ? ព្រោះក្រុមអ្នកព័ត៌មានដែលធ្វើដំណើរជាមួយលោកបានរាយការណ៍ថា លោកបានចុះតាមកាំជណ្តើរយន្តហោះ Air Force One ស៊េរីចាស់ នៅម៉ោងប្រមាណ ១០:៥៦ នាទីយប់ ព្រមទាំងបានធ្វើដៃសញ្ញាសន្តិភាព (ម្រាមដៃពីរ) ទៅកាន់អ្នកសារព័ត៌មាន ប៉ុន្តែមិនបានដើរទៅនិយាយជាមួយពួកគេនោះទេ។
ឆ្លើយតបនឹងការហោះហើរដោយសម្ងាត់នេះ លោក Steve Cheung ជានាយកផ្នែកទំនាក់ទំនងនៃសេតវិមានបានឱ្យដឹងថា យន្តហោះថ្មី ដែលជាអំណោយរបស់កាតាត្រូវបានបំពាក់ប្រព័ន្ធសន្តិសុខខ្ពស់បំផុត ធានាសុវត្ថិភាពជូនប្រធានាធិបតី និងបុគ្គលិករបស់លោក។ លោកក៏បានបន្ថែមថា ដូចដែលលោកប្រធានាធិបតីបានលើកឡើងថ្មីៗនេះថា សត្រូវរបស់អាមេរិកជាច្រើនកំពុងតាមដានរូបលោក ដូច្នេះអាមេរិកត្រូវប្រើគ្រប់ឧបករណ៍ទាំងអស់ដែលមាន ដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះ។
ដោយឡែក ជុំវិញរបាយការណ៍ Washington Post នេះ មន្ទីរបញ្ចកោណមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕



ចែករំលែកព័តមាននេះ