ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ឱ្យ​បន្ត​ពិនិត្យ​លើ​ការងារ ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ច្រកចេញ ចូល​តែ​មួយ ថ្នាក់​ខណ្ឌ សង្កាត់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ជាមួយ​និង​ការ​ជម្រុញ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ មួយ​កម្រិត​ថែម​ទៀត ខណៈ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រស់នៅ​ក្នុង​បែប​ស៊ី​វី​ល័យ​។

ការ​ជំរុញ​បែប​នេះ​របស់ លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា​ឆ្នាំ​២០២៦​នេះ ខណៈ​លោក និង លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧​បស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខឹង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដើម្បី​ស្ដារ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ឯកឧត្ដម អភិបាល​បន្ត​ថា​៖ បើ​ទោះបី​មាន​បញ្ហា​ជម្លោះ​ជាមួយ​និង​ប្រទេស​ថៃ ប៉ុន្តែ​វា​មិន​បាន​រំខាន ដល់​ការ​ដើរទៅ​មុខ​របស់​កម្ពុជា​ឡើយ​។

លោក ឃួ​ង ស្រេង បាន​ណែនាំ​កងកម្លាំង​មាន​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ទាំងអស់​ត្រូវ​ពង្រឹង កិច្ច​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ជាមួយនឹង​ការ​អភិវឌ្ឍ​មូលដ្ឋាន ឲ្យ​កាន់តែ​រីក​ចម្រើន ខណៈ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​កំពុង​រស់​ក្នុង​បែប​ស៊ី​វិ​ល័យ ដែល​ទាមទារ​ឲ្យ​មន្ត្រី​ដែល​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ភាព​ស៊ី​វី​ល័យ ដូច្នោះ​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​បន្ត​ពិនិត្យ​លើ​ការងារ នៃ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ច្រកចេញ ចូល​តែ​មួយ នៅ​ថ្នាក់​ខណ្ឌ សង្កាត់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅ​តាម​អនុសាសន៍​របស់​សម្ដេច​បបរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត គឺ​ធ្វើ​ឱ្យ​លឿន ធ្វើ​ឱ្យ​លះ បើ​ស្ទះ​សុំ​យោបល់​។ លោក បាន បញ្ជាក់ ថា នៅ​រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​៣ ដែល​យើង​បាន​និង​កំពុង​ដោះស្រាយ នោះ​គឺ​បញ្ហា​ប្រឈម​សំណល់​រឹង ជំនន់​ទឹកភ្លៀង​និង​ការ​កកស្ទះ​ចរាចរណ៍​។​កិច្ចការ​ទាំងនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ដោះស្រាយ​ទាំង​ការ​រៀបចំ​ឲ្យ​មាន ខ្សែ​រត់​រថយន្តក្រុង​ចាប់ពី​ច្រមុះជ្រូក​ចោម​ចៅ​តាម​ផ្លូវ​លេខ​២១៧ ឆ្ពោះ​មក​បេនឡាន សូ​រិ​យា​។ ខ្សែ​រត់​ថ្មី​នេះ ទាមទារ​ឲ្យ​មានការ​កំណត់​ម៉ោង ពេល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បានការ​គាំទ្រ ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង ខ្សែ​រត់​ថ្មី​នេះ​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ចុះ​ធ្វើ​ការងារ​ជាមួយ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ (​គ​.​ក​.​ស​.​ក​) នៅ​តាម​ខណ្ឌ សង្កាត់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជម្រុញ​ឱ្យ (​គ​.​ក​.​ស​.​ក​) ខណ្ឌ សង្កាត់​ដំណើរការ​ទៅ​ដោយ​រលូន​និង​ទទួល​បាន​ជោគជ័យ ខណៈ​ដែល​នៅ​រាជធានី​ភ្នំពេញ​របស់​យើង​បាន​ជួយ​លើ​សកម្មភាព​ការងារ​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ នៅ​រាជធានី​ភ្នំពេញ​បាន​ចំណាត់ថ្នាក់​លេខ​១​។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ពិសេស គឺ​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) ។ ជាក់ស្តែង ការ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយៈ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ បាន​ដំណើរការ​ទៅ​បាន​ល្អ​និង​ជោគជ័យ​។ ការ​ផ្ដល់​សេវា តាម​ច្រកចេញ ចូល​តែ​មួយ​រាជធានី ខណ្ឌ សង្កាត់ បាន​ល្អ​ប្រសើរ ដោយនៅ​ក្នុង​ខែកក្កដា​កន្លង​មកនេះ ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៤០៣៣​សេវា កើនឡើង​ជាង​៨០០​សេវា​។ សេវា​រថយន្តក្រុង មាន​អ្នក​ជិះ​ចំនួន​៧១​ម៉ឺន​នាក់​កើនឡើង​ជាង​ខែមិថុនា ។ នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​៕