ទីក្រុងកៀវ៖ ថ្ងៃនេះ យោធារុស្ស៊ីបន្តវាយប្រហារទីក្រុងកៀវ និងតំបន់ខ្សែក្រវាត់ទីក្រុងនេះយ៉ាងខ្លាំងក្លាដោយប្រើប្រាស់ដ្រូន និងមីស៊ីល បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២៨នាក់។ នេះជាការបង្ហាញថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនក្រោមការជួយជ្រោមជ្រែងពីអាមេរិក និងអឺរ៉ុបមិនទាន់គ្រប់គ្រាន់ទេ។ ក្រុមអ្នកជួយសង្គ្រោះខិតខំជីកកកាយគំនរបាក់បែកដើម្បីប្រមូលសាកសពជនរងគ្រោះ។ ការវាយប្រហារថ្មីបំផុតនេះកើតមានឡើងមុនពេលអង្គការណាតូរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួន។ គេរំពឹងថាលោកត្រាំនឹងជជែកគ្នាជាមួយលោកហ្សេឡិនស្គីដើម្បីជំរុញការចរចរចាសន្តិភាពជាមួយរុស្ស៊ី។

នៅក្នុងចំណោមមីស៊ីលផ្លោង២៣គ្រាប់ដែលរុស្ស៊ីបញ្ជូនទៅវាយប្រហារអ៊ុយក្រែនលើកនេះ អ៊ុយក្រែនមិនអាចបាញ់ទម្លាក់សូម្បីតែមួយគ្រាប់។ នេះបើយោងតាមទិន្នន័យពីកងទ័ពអាកាស។ បើដូច្នេះមែន វាជាការឆ្លុះបញ្ចាំងថាអ៊ុយក្រែនងាយប្រឈមនឹងការវាយប្រហារពីសំណាក់យោធារុស្ស៊ី។ តាមដឹងមកថាអ៊ុយក្រែនកាន់តែប្រើរលស់អស់ច្រើនពីក្នុងឃ្លាំងនូវមីស៊ីលការពារដែនអាកាសម៉ាកផេទ្រាត ហើយក៏មិនមានស្តុកថ្មីចូលទៀតដែរ។ នៅក្នុងស្ថានភាពនេះ លោកហ្សេឡិនស្គីស្នើសុំយ៉ាងទទូចទៅក្រុមសម្ព័ន្ធមិត្តដើម្បីឱ្យពួកគេពន្លឿនការបញ្ជូនមីស៊ីលការពារដែនអាកាសឱ្យបានរួសរាន់ដើម្បីឱ្យទាន់សភាពការណ៍។

នៅក្នុងការថ្លែងសុន្ទរកថាប្រចាំពេលរាត្រី លោកហ្សេឡិនស្គីយល់ថាវាជារឿងដ៏ឥតន័យដែលនៅក្នុងសម័យទំនើបនេះ បរិមាណផលិតកម្មមីស៊ីលបែរជាមិនឆ្លើយតបទាន់សភាពការណ៍ទៅនឹងការវាយប្រហារដ៏សន្ធាប់ពីសំណាក់មីស៊ីលផ្លោងរបស់រុស្ស៊ី។ លោកថ្លែងបន្តទៀតថាអ៊ុយក្រែនអាចផលិតមីស៊ីលប្រភេទនេះបាន។ បើអ៊ុយក្រែនទទួលបានសិទ្ធិ (license) ដើម្បីផលិតជើងទម្រ និងគ្រាប់មីស៊ីលផេទ្រាត ពេលនោះអ៊ុយក្រែនអាចមានមីស៊ីលនេះប្រើប្រាស់គ្រប់គ្រាន់ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួនផង ហើយអាចនឹងជួយផ្ដល់មីស៊ីលនេះទៅក្រុមសម្ព័ន្ធមិត្តផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាយោធារបស់ខ្លួនបានវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងកៀវ និងទីតាំងជាច្រើនកន្លែងទៀតដោយប្រើប្រាស់អាវុធ និងដ្រូនរយៈចម្ងាយឆ្ងាយ។ ក្រសួងដដែលនេះ ថ្លែងបន្តទៀតថាទីតាំងយោធា, ថាមពល និងមូលដ្ឋានទ័ពអាកាសរបស់អ៊ុយក្រែននៅទីក្រុងកៀវ និងតំបន់ខ្សែក្រវាត់ក្រុងត្រូវរុស្ស៊ីវាយប្រហារ។ មួយរយៈចុងក្រោយនេះ ទីក្រុងម៉ូស្គូសម្រុកវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា។ នៅលើសមរភូមិជើងគោក យោធារុស្ស៊ីនៅតែសម្រុកទៅមុខជានិច្ច ប៉ុន្តែមានដំណើរយឺតៗ។ អ៊ុយក្រែនក៏វាយប្រហារទៅរុស្ស៊ីវិញដែរដោយផ្ដោតសំខាន់លើឃ្លាំងភ័ស្តុភារសម្រាប់យោធា និងរោងចក្រចម្រាញ់ប្រេង៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ