រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមេសានេះ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងឈានមកដល់ហើយ ។ ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅទីតាំងចំនួន ៥កន្លែងផ្សេងទៀត ។
នាព្រឹកថ្ងៃទី១០ មេសានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញ ចុះពិនិត្យ និងពន្លឿនសកម្មភាពការងាររៀបចំតុបតែងលម្អសោភណ្ឌភាពនៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលកំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសឆ្នាំថ្មីនេះ។ បន្ទាប់មក លោក ឃួង ស្រេង បានអញ្ជើញបន្តទៅពិនិត្យការងាររៀបចំនៅភូមិវប្បធម៌ «សួនរវឌ្ឍនៈ» នាសួនច្បារអតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។
ក្នុងឱកាស នៃការចុះពិនិត្យនោះ លោក ឃួង ស្រេង ណែនាំឱ្យក្រុមការងារជំនាញ ពន្លឿនការរៀបចំឱ្យបានលឿន និងឱ្យទាន់ពេលចូលឆ្នាំ ជាពិសេស បាញ់ទឹកសម្អាតផ្លូវ ធ្វើអនាមម័យ បរិស្ថានផងដែរ ។
គិតមកដល់ថ្ងៃទី១០ មេសានេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកញាប់ដៃញាប់ជើងសម្រុករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។ ចំណែកខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជា ក៏កំពុងរៀបចំតុបតែងលម្អ ពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ ។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕

























ចែករំលែកព័តមាននេះ