រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងខេត្តបាត់ដំបង និង ឧត្តរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ។
ក្រសួងការបរទេសបានលើកឡើងថា កងកម្លាំងប្រដាប់អាវុធថៃបានលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៦ ។
ការសាងសង់របងព្រំដែនជាឯកតោភាគី នៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាផាស ស៊នឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand’s Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុង សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ។
ក្រសួងការបទេសបានលើកឡើងថា សកម្មភាពទាំងនេះ ដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាលើចំណុចទី I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ។
កម្ពុជាបានហៅការសាងសង់របងព្រំដែនដោយឯកតោភាគីនេះ កាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែល បានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បដិសេធការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្មជាលេសសម្រាប់ការឈ្លាន ពានទឹកដីដែរ ។
រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់យកនូវខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបខាងលើ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងការកំណត់បន្ទាត់ ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពាក់ព័ន្ធនានា ហើយត្រូវជៀសវាង ធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត ។ ទាំងនេះជាភាពចាំបាច់ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹង ជំនឿជាក់និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយ ព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់នូវការប្តេជ្ញាចិត្តមុតមាំរបស់ខ្លួន ក្នុងការស្វែងរក ដំណោះស្រាយប្រកប ដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់របស់កម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជានៅតែបន្តរក្សាជំហរជាគោលការណ៍របស់ខ្លួនដដែលថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕
ចែករំលែកព័តមាននេះ