ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុនជំនួបនៅអ៊ិស្លាម៉ាបាត! លោក ត្រាំ ឌឺដងថាអ៊ីរ៉ង់ ‘អស់សន្លឹកបៀ’ ក្រៅពីការគំរាមបិទច្រកសមុទ្រហូម៉ូស ខណៈអ៊ីរ៉ង់ប្រកាសត្រៀមលក្ខណៈសងសឹកវិញគ្រប់វិនាទី

9 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១១ ខែមេសានេះ បានឱ្យដឹងថា ភាពតានតឹងរវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងវិញយ៉ាងខ្លាំងនៅមុនកិច្ចចរចាសំខាន់ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ិស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន…

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១១ ខែមេសានេះ បានឱ្យដឹងថា ភាពតានតឹងរវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងវិញយ៉ាងខ្លាំងនៅមុនកិច្ចចរចាសំខាន់ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ិស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍នេះ។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social ដើម្បីបង្កើនសម្ពាធផ្លូវចិត្ត ដោយលោកបានលើកឡើងថា អ៊ីរ៉ង់ពុំមាន “សន្លឹកបៀ” អ្វីក្នុងដៃទៀតឡើយ ក្រៅតែពីការប្រើប្រាស់ច្រកសមុទ្រហូម៉ូសដើម្បី “ជំរិតទារប្រាក់” ពីពិភពលោកក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយលោកថែមទាំងបានប្រើសម្តីធ្ងន់ៗថា មូលហេតុតែមួយគត់ដែលអ៊ីរ៉ង់នៅមានជីវិតមកដល់ថ្ងៃនេះ គឺដើម្បីអង្គុយតុចរចាតែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសជាមួយ New York Post លោក ត្រាំ បានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចចរចានឹងត្រូវដឹងច្បាស់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ហើយលោកបានគំរាមថា នាវាចម្បាំងអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពត្រៀមគ្រាប់រំសេវរួចជាស្រេច ដើម្បីបន្តការវាយប្រហារលើអ៊ីរ៉ង់ភ្លាមៗ ប្រសិនបើការចរចានោះត្រូវទទួលបរាជ័យ។

ផ្ទុយទៅវិញ ខាងភាគីអ៊ីរ៉ង់ក៏បានបង្ហាញជំហរមិនចុះចាញ់ឡើយ ដោយទីបញ្ជាការកណ្តាល​បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកំពុងស្ថិតក្នុង “ស្ថានភាពត្រៀមខ្លួនពេញទំហំ” ដូចកាលពីសមរភូមិ ៤០ ថ្ងៃមុនអ៊ីចឹង ដោយសារតែសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ជាញឹកញាប់តែងតែ “រំលោភលើការសន្យា”។ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួនឡើយ ហើយនឹងមិនព្រលែងដៃឱ្យ “ពួកឈ្លានពាន” ដែលបានវាយប្រហារមកលើប្រទេសខ្លួននោះទេ ព្រមទាំងបានព្រមានថានឹងផ្តល់ការឆ្លើយតបដ៏ “ឈឺចាប់បំផុត” ប្រសិនបើអាម៉េរិក និងអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើក្រុមហេសបូឡានិងប្រជាជនលីបង់។

ស្របពេលដែលភាគីទាំងពីរ សុទ្ធតែបានប្រកាសជ័យជម្នះរៀងៗខ្លួននៅក្នុងសង្រ្គាមកន្លងមកនេះ អ្នកវិភាគជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នគឺមានសភាពផុយស្រួយបំផុត។ ភាពខុសគ្នាខ្លាំងនៃផលប្រយោជន៍ និងជម្លោះដ៏រ៉ាំរ៉ៃរវាងភាគីទាំងពីរ នឹងក្លាយជាឧបសគ្គដ៏ធំធេងក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍ នៅក្នុងជំនួបដ៏រសើបនៅប៉ាគីស្ថាននាពេលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ