ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកង្ហារដេកយប់ខែក្ដៅឱ្យត្រូវរបៀប៖ តិចនិកងាយៗជួយការពារផ្លូវដង្ហើម និងស្បែក ឱ្យនៅស្រស់ស្រាយទោះបីអាកាសធាតុក្ដៅខ្លាំង

9 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុក្ដៅហប់ស្អុះស្បាប់ ការបើកកង្ហារដេកគឺជាដំណោះស្រាយដ៏ពេញនិយម ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវទេនោះ វានឹងប្រែពីជំនួយការផ្ដល់ភាពត្រជាក់ ទៅជាសត្រូវលាក់មុខដែលយាយីសុខភាពរបស់អ្នកទៅវិញ។ ផលវិបាកចម្បងដែលមនុស្សភាគច្រើនតែងជួបប្រទះគឺបញ្ហាផ្លូវដង្ហើម ដោយសារខ្យល់កង្ហារដែលបក់ចំខ្លួនដោយត្រង់ពេញមួយយប់អាចធ្វើឱ្យមាត់ បំពង់ក…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុក្ដៅហប់ស្អុះស្បាប់ ការបើកកង្ហារដេកគឺជាដំណោះស្រាយដ៏ពេញនិយម ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវទេនោះ វានឹងប្រែពីជំនួយការផ្ដល់ភាពត្រជាក់ ទៅជាសត្រូវលាក់មុខដែលយាយីសុខភាពរបស់អ្នកទៅវិញ។

ផលវិបាកចម្បងដែលមនុស្សភាគច្រើនតែងជួបប្រទះគឺបញ្ហាផ្លូវដង្ហើម ដោយសារខ្យល់កង្ហារដែលបក់ចំខ្លួនដោយត្រង់ពេញមួយយប់អាចធ្វើឱ្យមាត់ បំពង់ក និងរន្ធច្រមុះស្ងួតខ្លាំង ដែលជំរុញឱ្យរាងកាយផលិតសំបោរមកជំនួសកាន់តែច្រើន បង្កជាអាការតឹងច្រមុះ រមាស់ភ្នែក ឬឈឺបំពង់ក ជាពិសេសចំពោះអ្នកដែលមានជំងឺអាឡែហ្ស៊ីស្រាប់។ លើសពីនេះ កង្ហារក៏ជាភ្នាក់ងារចម្លងធូលី និងលម្អងផ្សេងៗឱ្យហោះហើរពេញបន្ទប់ ដែលធ្វើឱ្យអ្នកងាយនឹងកណ្ដាស់ ឬពិបាកដកដង្ហើម ហើយការដេកឱ្យខ្យល់កង្ហារបក់ចំខ្លួនយូរពេក ក៏អាចធ្វើឱ្យសាច់ដុំឡើងតឹងណែនដោយមិនដឹងខ្លួន ដែលជាមូលហេតុធ្វើឱ្យអ្នកភ្ញាក់មកមានអាការឈឺក ឈឺស្មា ឬរមួលក្រពើថែមទៀតផង។

ដើម្បីទទួលបានភាពត្រជាក់ផង និងរក្សាសុខភាពឱ្យមាំមួនផង អ្នកគួរផ្លាស់ប្តូរទម្លាប់មកដាក់កង្ហារឱ្យឆ្ងាយពីខ្លួនចម្ងាយប្រហែល ១ ទៅ ២ ម៉ែត្រ ដើម្បីកាត់បន្ថយកម្លាំងខ្យល់ដែលបក់បោកមកលើរាងកាយខ្លាំងពេក។ ចំណុចសំខាន់មួយទៀតគឺមិនត្រូវដាក់កង្ហារឱ្យបក់ចុកចំខ្លួនរហូតនោះទេ ពោលគឺគួរឱ្យកង្ហារបក់ងាកទៅមក ឬបក់ទៅរកជញ្ជាំងដើម្បីឱ្យខ្យល់ក្នុងបន្ទប់វិលជុំវិញវិញ ជៀសវាងការបក់ចំចំណុចណាមួយនៃរាងកាយយូរពេកដែលនាំឱ្យស្ងួតស្បែក និងភ្នែក។ ជាមួយគ្នានេះ អ្នកគួរលាងសម្អាតស្លាបកង្ហារ និងសំណាញ់យ៉ាងហោចណាស់ ១ ដងក្នុងមួយសប្ដាហ៍ ដើម្បីកាត់បន្ថយការសន្សំធូលី និងបើមានមុខងារកំណត់ម៉ោង អ្នកគួរកំណត់ឱ្យវាបិទដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នកគេងលក់មួយសន្ទុះ ដើម្បីកាត់បន្ថយការប៉ះពាល់ខ្យល់ពេញមួយយប់។

ជារួម ការបើកកង្ហារដេកមិនមែនជាគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ប្រសិនបើអ្នកចេះប្រើប្រាស់វាដោយឆ្លាតវៃ និងយកចិត្តទុកដាក់លើអនាម័យឧបករណ៍ឱ្យបានខ្ជាប់ខ្ជួន។ ការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួចនេះនឹងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ និងក្រោកមកវិញដោយភាពស្រស់ស្រាយដោយមិនមានបញ្ហាសុខភាពរំខាន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ