រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួល ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

នាឱកាសនោះ បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋបានសម្តែង នូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានី ដែលបានជួយដោះស្រាយ ផ្តល់មធ្យោបាយបានទៅលេងស្រុកកំណើត ក្នុងខណ:ថ្លៃធ្វើដំណើរឡើងថ្លៃខ្ពស់ដោយសារវិបត្តិប្រេងឥន្ធន: ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជូនពរដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទាំងពេលទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពេលទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត តាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទាំងពេលត្រឡប់មករាជធានីភ្នំពេញវិញ ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ