ខេត្តព្រៃវែង ៖ តូបលក់ចេកចៀនមួយកន្លែង ដែលស្ថិតនៅខាងមុខផ្សារពោធ៍កន្លែង ក្នុងស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរស្រុកមេសាង ដឹកនាំកម្លាំងចម្រុះចុះរុះរើយកចេញកាលពីព្រឹកថ្ងៃទី១២ មេសា នេះ ។ ការចុះរុះរើនេះ ត្រូវបានអាជ្ញាធរស្រុកមេសាងអះអាងថា ធ្វើឡើងដើម្បីបញ្ចប់ជម្លោះដែលបានកើតឡើងយូរថ្ងៃខែមកហើយ និងដើម្បីរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារ ឲ្យបានល្អប្រសើរផងដែរ ។

លោក ឈឿង សារ៉ាន់ អភិបាលរងស្រុកមេសាង ទទួលបន្ទុកការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ផ្សារពោធិ៍កន្លែងបានឱ្យដឹងថា ទីតាំងតូបលក់ចេកចៀនដែលត្រូវរុះរើនេះ ពីមុនគឺជាតូបលក់ផ្លែឈើរបស់អាជីវករម្នាក់ឈ្មោះ អឿន ស្រីនាង ប៉ុន្តែក្រោយមក ត្រូវបានថៅកែម៉ៅការភាស៊ីផ្សារ
ពោធ៍កន្លែងបានដកហូតយកតូបនេះ រួចប្រគល់ទៅឲ្យស្ត្រីម្នាក់ឈ្មោះ ឡុញ រ៉ន ឱ្យចូលមកលក់ចេកចៀនជំនួសវិញ។

លោកអភិបាលរងស្រុកបានបន្តថា ដោយសារតែខឹងត្រូវគេដកហូតយកតូបរបស់ខ្លួន ស្ត្រីឈ្មោះអឿន ស្រីនាង បានដាក់ពាក្យប្ដឹងទៅរដ្ឋបាលស្រុកមេសាង ដោយចោទប្រកាន់ថា ថៅកែម៉ៅការភាស៊ីផ្សារពោធ៍កន្លែង ប្រើអំណាចផ្ដាច់ការបង្ខំដកហូតតូបលក់ដូរពីអាជីវករ ប្រគល់ទៅឲ្យសាច់ញាតិខ្លួន ហើយទាមទារឲ្យអាជ្ញាធរនិងមន្ត្រីជំនាញរកយុត្តិធម៌ឲ្យនាងវិញ។

ក្រោយមានពាក្យបណ្ដឹងពីអាជីវករ អាជ្ញាធរស្រុកក៏បានបង្កើតគណៈកម្មការចុះដោះស្រាយវិវាទនេះជាច្រើនលើក តែពុំទទួលបានលទ្ធផល ទើបរដ្ឋបាលស្រុកបានធ្វើរបាយការណ៍ជូនទៅរដ្ឋបាលខេត្ត ស្នើសុំគោលការណ៍ដោះស្រាយបន្ត រហូតអាជ្ញាធរខេត្តបានចេញសារាចរណ៍ណែនាំដោយតម្រូវឲ្យម្ចាស់តូបលក់ចេកចៀន រុះរើតូបរបស់ខ្លួនចេញពីទីតាំងនោះដើម្បីបញ្ចប់រឿង។

លោក ឈឿង សារ៉ាន់ អភិបាលរងស្រុកបានបញ្ជាក់ថា រដ្ឋបាលស្រុកមេសាង បានផ្សព្វផ្សាយណែនាំតាមសារាចរណ៍របស់អាជ្ញាធរខេត្ត ជូនដល់ម្ចាស់តូបលក់ចេកចៀន នឹងបានដាក់ឱសានវាទឲ្យម្ចាស់តូបរុះរើតូបចេញត្រឹមថ្ងៃទី០៦ មេសា ប៉ុន្តែម្ចាស់តូបរឹងរុះមិនព្រមរុះរើចេញទើបនៅព្រឹកថ្ងៃទី ១២ មេសា រូបលោកបានដឹកនាំកម្លាំងចម្រុះ ចុះរុះរើតូបលក់ចេកចៀននេះចេញតែម្ដង ។





ចែករំលែកព័តមាននេះ