ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ខ្នាត​យក្ស​ ជាប់​គាំង​នៅ​ក្រុង​ព្រះ​សីហនុ​ ដោយសារវិប.ត្តិប្រេង​

1 នាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍​ឈ្មោះ Villa Vie Odyssey សញ្ជាតិ BAHAMA ដែល​បាន​ចូល​សំចត​នៅ​វេលា​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ ។ នាវា​នេះ​បាន​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន​២០៣​នាក់ ក្នុង​នោះ​(​ស្រី​១១៦​នាក់​) មាន​១៥​សញ្ជាតិ និង​មាន​នា​វឹក​សរុប​ចំនួន​១៥៦​នាក់ ក្នុង​នោះ​(​នា​វឹក​ស្រី​ចំនួន​១២​នាក់​) មាន​១៦​សញ្ជាតិ ។

តាម​ការ​គ្រោងទុក​នាវា​ទេសចរណ៍​នេះ​ដឹក​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា និង​ចេញដំណើរ​បន្ត​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ដោយសារ​នាវា​អស់​ប្រេង​សម្រាប់​ប្រតិបត្តិការ មិន​មាន​ប្រាក់​ទិញ​ប្រេងឥន្ធនៈ​ចាក់​បន្ថែម ទើប​មិន​អាច​បន្តដំណើរ​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​បាន ហើយ​ភ្ញៀវ​ទេសចរ ដែល​នៅ​លើ​នាវា​នេះ ក៏​បាន​ចាកចេញ​ដើម្បី​រក​កន្លែង​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន តាម​ការ​ចង្អុលបង្ហាញ​ពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្តសៀមរាប​និង​មួយ​ចំនួន​បាន​ស្នាក់​នៅ​សណ្ឋាគារ​ឯករាជ្យ ក្នុង​ក្រុងព្រះសីហនុ ។

ការ​ចូល​ចត​របស់​នាវា​ខាងលើ ហើយ​ជាប់​គាំង​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លើ​នាវា​ទេសចរណ៍ និង​បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ជាមួយ​កា​ពី​ទែន​នាវា​ពី​បញ្ហា​ដែល​បាន​ជួប​ប្រទះ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ភាព​កក់ក្តៅ​ជួប​ជាមួយ​ភ្ញៀវ​ទេសចរ ដោយ​បាន​បំពាក់​ក្រមា​ជា​វត្ថុ​អនុស្សាវរីយ៍ ដល់​អ្នកទេសចរ​ទាំងអស់ ដែល​បាន​បង្ហាញ​ពី​បេះដូង​កម្ពុជា​ធំធេង មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ទោះបី​ប្រទេស​តូច​ក្តី ។ ដើម្បី​ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ដោយ​បាន​ប្រគល់​កន្សែង​វត្ថុ​អនុស្សាវរីយ៍​ស្នាដៃ​កូន​ខ្មែរ​ជូន​ដល់​កា​ពី​ទែន​ដែល​នៅ​ប្រចាំការ​នៅ​លើ​នាវា​ផង​ដែរ ។

អ្នកដំណើរ​តាម​នាវា​នេះ​ជា​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​លើ​នាវាអ្នកទេសចរ​លើ​នាវា​ទេសចរណ៍​លំដាប់​ប្រណីត​ឈ្មោះ Villa Vie Odyssey បាន​បង្ខំចិត្ត​ចុះ​ចេញពី​នាវា ដែល​ជាប់​គាំង​នៅ​កំពង់​ផែ​ក្នុង​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​ប្រតិបត្តិការ​នាវា​មួយ​គ្រឿង​នេះ បាន​ប្រកាស​ផ្អាក​ដំណើរការ​ភ្លាម​ៗ ដោយសារ​តែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី AFP, Reuters និង BBC កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ។

ក្រុមហ៊ុន Villa Vie Residences មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ដំណើរការ​នាវា Odyssey បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​នាវា​នេះ នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ២០២៦ ដោយ​សម្អាង​លើ​ការ​កើនឡើង​យ៉ាង​គំហុក​ខុស​ពី​ធម្មតា​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដែល​បណ្តាល​មក​ពី​ផលវិបាក​នៃ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល ជាមួយនឹង​អ៊ីរ៉​ង់ ។

ក្រុមហ៊ុន​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ថា ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ប្រចាំខែ​គិត​ក្នុង​មួយ​បន្ទប់ បាន​កើនឡើង​ពី​តម្លៃ​ជា​មធ្យម​១ ៨០០​ដុល្លារ​អា​មេ​រិ​ក ទៅ​ដល់​ចន្លោះ​ពី​៦ ០០០ ទៅ​៨ ០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ក្នុង​តំបន់​ខ្លះ​នៃ​ទ្វីបអាស៊ី ។ តាម​រយៈ​ការ​ឡើងថ្លៃ​ប្រេង​យ៉ាង​គំហុក​បែប​នេះ បាន​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់​នាវា​ទេសចរណ៍​នេះ ។

ក្រុមហ៊ុន​បានឱ្យ​អ្នកដំណើរ​ទាំងអស់​ចុះ​ពី​នាវា ខណៈ​ដែល​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​ស្នាក់​នៅ​លើ​នាវា​ត្រូវ​បាន​ផ្តល់​ពេល​ត្រឹមតែ​៧​ម៉ោង​ប៉ុណ្ណោះ ដើម្បី​រៀបចំ​វ៉ា​លី និង​ចាកចេញ ។ ក្រុមហ៊ុន​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ពី AFP បាន​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​កំពុង​តែ​ធ្វើការ​ជាមួយ​អ្នកដំណើរ ដើម្បី​សម្រប​សម្រួលការ​ចុះ​ចាក​ពី​នាវា និង​ស្វែងរក​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន ។

ក្រុមហ៊ុន​បន្ថែម​ថា ការ​ផ្ទេរ​ចំណាយ​ដែល​កើនឡើង​ទាំងស្រុង​ទៅ​ឱ្យ​អ្នក​រស់នៅ​លើ​នាវា មិនមែន​ជា​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន​នោះ​ទេ ។ បច្ចុប្បន្ន ខ្លួន​ផ្តោត​លើ​ការ​ជួយ​គាំទ្រ​អ្នក​រស់នៅ​លើ​នាវា សមាជិក​នា​វឹក និង​បុគ្គលិក ខណៈ​ពេល​ដែល​កំពុងធ្វើការ​រៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​ឡើង​វិញ និង​បង្កើន​ដើមទុន​ក្នុង​រយៈពេល ៦០​ថ្ងៃ​ខាង​មុខ ។ ការងារ​នេះ​កំពុង​បន្ត ហើយ​មិន​ទាន់​មានការ​ធានា​ថា​នឹង​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ។

អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ លោក ឡុ​ង ឌី​ម៉​ង់ បានឱ្យ​ដឹង​ថា នាវា​មួយ​គ្រឿង​នេះ បាន​មក​ពី​ប្រទេស​ថៃ ហើយ​ចូល​ចត​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ដោយ​ដឹក​អ្នកដំណើរ ២០៣​នាក់ និង​នាវិក ១៥៦​នាក់ ។ អ្នកដំណើរ​មួយ​ចំនួន​បាន​ជិះ​យន្តហោះ​ចាកចេញ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​នៅ​បន្ត​ស្នាក់​នៅ​ក្នុង​ក្រុងព្រះសីហនុ និង​រៀបចំ​ការ​ធ្វើ​ដំណើរ ។ លោក​បាន​បន្ថែម​ថា នាវា​នេះ​មាន​គម្រោង​ចាក់​ប្រេងឥន្ធនៈ និង​ចេញដំណើរ​វិញ នៅ​ថ្ងៃ​ទី​៣១ ខែតុលា​ខាង​មុខ ។

គួរ​បញ្ជាក់​ដែរ​ថា នាវា​ទេសចរណ៍​Odyssey មាន​ប្រវែង​២០០​ម៉ែត្រ បាន​ចេញដំណើរ​ពី​ប្រទេស​អៀរ​ឡង់​ខាងជើង តាំងពី​ខែតុលា ឆ្នាំ​២០២៤ សម្រាប់​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​មិន​ឈប់ ដោយ​អ្នកដំណើរ​អាច​ទិញ ឬ​ជួល​បន្ទប់ ដើម្បី​ដើរ​លេង​មួយ​រយៈ ឬ​ក៏​រស់​នៅ​​លើ​នាវា​ពេញ​មួយ​ជីវិត​ក៏​បាន រហូត​មាន​អ្នកដំណើរ​ខ្លះ បាន​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ខ្លួន​មាន ដើម្បី​បង់ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ​ទៀត​ផង ។

ការ​ជាប់​គាំង​គឺ​មក​ពី​តម្លៃ​ប្រេងឥន្ធនៈ​ជា​សាកលតម្លៃ​ប្រេង​ពិភពលោក​បាន​កើនឡើង​ខ្លាំង បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល រួមដៃគ្នា​បង្ក​សង្គ្រាម​ប្រឆាំង​អ៊ី​រ៉​ង់ តាំងពី​ដើមឆ្នាំ​២០២៦​មក ។ បច្ចុប្បន្ន តម្លៃ​ប្រេង​សាកល ហក់​ឡើង​ដល់​១១៥​ដុល្លារ​ក្នុង​១​បារ៉ែល ។ មុន​សង្គ្រាម តម្លៃ​ប្រេង​ពិភពលោក ស្ថិត​ក្នុង​ខ្ទង់​តែ​៧០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​បារ៉ែល ។ ការ​កើនឡើង​ដ៏​ច្រើន​នេះ បាន​បង្ក​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​ការ​ចំណាយ​លើ​ប្រតិបត្តិការ​នាវា Villa Vie Odyssey ។ សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ ដូច​ជា BBC និង AP បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ២០២៦ ការ​សម្រេចចិត្ត​មិន​ធ្លាប់​មាន​របស់​នាវា​ខ្នាត​យក្ស​របស់​សហរដ្ឋអាមេរិក​នេះ ដែល​ផ្អាក​ដំណើរ​ទៅ​មុខ និង​បន្ត​ស្នាក់​នៅ​កម្ពុជា ដោយសារ​សាំង​ឡើងថ្លៃ ។

ការ​ចូល​ចត​នៅ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​នាវា​នេះ ។ ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​ជា​ម្ចាស់​នាវា Villa Vie Odyssey កំពុង​សហការ​ជាមួយ​អ្នកដំណើរ ដើម្បី​រៀបចំ​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន សម្រាប់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ​ថា នឹង​បន្តដំណើរ​នៅ​ពេល​ណា ។

បើ​តាម BBC ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​ជា​ម្ចាស់​នាវា Villa Vie Odyssey បាន​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង ដោយ​បន្ថយល្បឿន​ធ្វើ​ដំណើរ និង​ចំណាយពេល​នៅ​កំពង់​ផែ​នានា ក្នុង​រយៈពេល​យូរ​ជាង​មុន ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​បាន​ទទួលស្គាល់​ថា វិធានការ​ទាំងនេះ មិន​អាច​ទប់ទល់​នឹង​តម្លៃ​ប្រេង ដែល​កើនឡើង​ខ្ពស់​នោះ​ទេ ។ ក្រុមហ៊ុន លើក​ឡើង​ទៀត​ថា ការ​ដំឡើង​ថ្លៃ ឬ​ការ​យក​ថ្លៃ​បន្ថែម​ពី​ភ្ញៀវ​នៅ​លើ​នាវា មិនមែន​ជា​ដំណោះស្រាយ ដែល​អាច​អនុវត្ត​បាន​ឡើយ ។

ក្រុមហ៊ុន​គ្រប់គ្រង​នាវា Villa Vie Odyssey ប្រកាស​ថា នឹង​ចំណាយពេល​៦០​ថ្ងៃ ដើម្បី​រៀបចំ​ហិរញ្ញវត្ថុ​ឡើង​វិញ និង​ស្វែងរក​ដើមទុន​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាយ និង​ស្វែងរក​មធ្យោបាយ​បន្ត​ប្រតិបត្តិការ ។ នាវា​លំដាប់​អន្តរជាតិ​មួយ​នេះ មាន​ប្រវែង​ជិត​២០០​ម៉ែត្រ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​៦៥០​នាក់ ។ នាវា​នេះ បាន​ចេញដំណើរ​ពី​ទីក្រុង​បែ​ល​ហ្វា​ស (Belfast) ប្រទេស​អៀរ​ឡង់​ខាងជើង តាំងពី​ខែតុលា ឆ្នាំ​២០២៤​មក​ម្ល៉េះ​ដោយ​កំណត់ពេល​៣​ឆ្នាំ​កន្លះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​១៥០ នៅ​ជុំវិញ​ពិភពលោក ។

មុន​ពេល​ចេញដំណើរ នាវា Villa Vie Odyssey ធ្លាប់​ពន្យារពេល ដោយសារ​ត្រូវ​ជួសជុល​ផ្នែក​ខ្លះ ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ជាប់​គាំង​នៅ​ទីក្រុង​បែ​ល​ហ្វា​ស អស់​រយៈពេល​ជា​ច្រើន​ខែ នា​ពេល​នោះ និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នាវា​នេះ ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ ។ មុន​ពេល​មក​ដល់​កម្ពុជា នាវា​នេះ បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​អស់​រយៈពេល​២​ឆ្នាំ​ហើយ ។ ការ​ផ្អាក​ប្រតិបត្តិការ​នៅ​កម្ពុជា នា​ពេល​នេះ បាន​ធ្វើ​ឱ្យ​គម្រោង​ធ្វើ​ដំណើរ​រយៈពេល​ច្រើន​ឆ្នាំ​របស់​នាវា ត្រូវ​ជាប់​គាំង ខណៈ​ក្រុមហ៊ុន​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ ។

តាម​គេហទំព័រ​របស់​ក្រុមហ៊ុន បន្ទប់​ដែល​អាច​ទិញ​សិទ្ធិ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​លើ​នាវា មាន​តម្លៃ​ចាប់ពី​១២​ម៉ឺន​ដុល្លារ រហូត​ដល់​៤៤​ម៉ឺន​ដុល្លារ ។ ចំណែក​ការ​ជួល​បន្ទប់ មាន​តម្លៃ​ចាប់ពី​៣,៥​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ក្នុង​១​ខែ ។ នាវា​នេះ មាន​ភោជនីយដ្ឋាន កន្លែង​ហែល​ទឹក និង​ទីលាន​លេង​កីឡា ។​ល​។ កាលពី​ឆ្នាំ​២០២៥ ក្រុមហ៊ុន បាន​ដាក់​ចេញ​កម្មវិធី​បង់ប្រាក់​ស្នាក់​នៅ​ពេញ​មួយ​ជីវិត​លើ​នាវា ដែល​ផ្តល់​ឱកាស​ឱ្យ​អ្នក​ចូល​និវត្តន៍ ចំណាយពេល​រស់នៅ​រហូត​លើ​ផ្ទៃសមុទ្រ ។

នឹកឃើញ​នាវា Westerdam ចូល​ចត​នៅ​កម្ពុជា​សម័យ​កូ​វី​ដ​-១៩ នាវា​ទេសចរណ៍ Westerdam ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ២០២៦ ដោយ​ផ្ទុក​ភ្ញៀវ​ទេសចរ​ជាង​១៥០០​នាក់ ។ ភ្ញៀវ​ទេសចរ​ជាង​៩០០​នាក់ នឹង​ត្រឡប់​ទៅ​តាម​នាវា​វិញ ឯ​ជាង ៦០០​នាក់​ទៀត នឹង​បន្ត​ស្នាក់​នៅ​កម្ពុជា ។

នៅ​ពេល​នោះ ប្រទេស​ជា​ច្រើន​បាន​បដិសេធ​មិន​អោយ​ចូល ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។ ទីបំផុត​នាវា​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​អ្នកដំណើរ និង​នាវិក​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​សុខភាព និង​ស្វាគមន៍ ។

មូលហេតុ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ឱ្យ​នាវា​អា​មេ​រិ​ក​ចូល​ចត​នេះ ក្រោម​ហេតុផល​ថា​ជួយ​សង្គ្រោះ​មនុស្សជាតិ និង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌ ជា​ពិសេស​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពលរដ្ឋ លើ​បញ្ហា​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​-១៩ ។

នា​ពេល​នោះ មាន​មនុស្ស​ជាង ២ ២០០​នាក់ នៅ​លើ​នាវា​ក្នុង​នោះ អ្នកដំណើរ ១ ៤៥៥​នាក់ មាន​ជាង ៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់ ។ ចំនួន​អ្នកដំណើរ​ច្រើន​ជាងគេ គឺ​មក​ពី​អា​មេ​រិ​ក កា​ណា​ដា អង់គ្លេស ហូ​ឡង់ អូស្ត្រាលី និង​អា​ល្លឺ​ម៉​ង់ ។

តាំងពី​ពេល​នោះ​មក​ក៏​បាន​បង្ហាញ​ទៅ​កាន់​អន្តរជាតិ​ថា​ថ្វីបើ​កម្ពុជា​ប្រទេស​តូច តែ​បេះដូង​ធំ ៕