ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ស្នើ​សុំ​ឱ្យ​តុលាការ​កាត់​ទោស​ប្រ.ហា.រ​ជី.វិ.ត​​អតីត​ប្រធានា​ធិបតី​យូនស៊ុក​យូល​​​ពី​បទ​ដឹក​នាំ​អំពើ​បះ​បោរ​​

2 នាទី មុន

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​នេះ​រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​អតី​ត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោ​កយូន​ស៊ុក​យូល​ ដែល​ជា​មេ​គំនិត​ធំ​ជាង​គេ​នៅ​ក្នុង​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​ និង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ចុង​ឆ្នាំ​២០២៤​។ បន្ទាប់​ពី​តុលាការ​សាលា​ដំបូង​សម្រេច​ផ្ដន្ទា​ទោសលោក​យូន​ស៊ុក​យូល​ដាក់​ពន្ធ​នាគារ​អស់​មួយ​ជីវិតកាល​ពី​ខែ​កុម្ភៈ​​ លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​សា​លា​ឧទ្ធរណ៍​។

សម្រាប់​ពេល​នេះ ​សាលា​ឧទ្ធរណ៍​​​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយទេ​ដើម្បី​​ប្រកាស​សេចក្ដីសម្រេច​ពាក់​ព័ន្ធ​នឹង​​ការ​ប្ដឹង​ជំទាស់​នោះ​​​​។ ​តុលាការ​រក​ឃើញ​ថា​លោក​យូន​បាន​ចល័ត​កង​ទ័ព​ និង​នគរ​បាល​ទាំង​ខុស​ច្បាប់​​ដើម្បីចូល​គ្រប់​គ្រង​រដ្ឋ​សភា​ ព្រម​ទាំង​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ និង​ដាក់​ចេញ​នូវ​ការ​គ្រប់​គ្រង​ផ្ដាច់​មុខ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​អស់រយៈ​ពេល​វែង​គួរ​សម​។

ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​ដឹក​នាំ​ដោយ​បេសក​ជន​ពិសេស​ លោក​ឆូ​អ៊ឺន​ស៊ុក (Cho Eun-suk) ក៏​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ផង​ដែរ​​ដោយ​ចាត់​ទុក​ថា​ទោស​ជាប់​គុក​មួយ​ជីវិត​គឺ​នៅ​ស្ទើរ​ណាស់​ គួរ​តែ​កាត់​ទោស​ប្រហារ​ជីវិត​ទើប​ស័ក្ដិ​សម​នឹង​ទង្វើ​របស់​អតីត​ប្រធានា​ធិបតី​រូប​នេះ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​លើក​ទឡ្ហីករណ៍​ថា​ទង្វើ​របស់​គាត់បង្ក​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ចំពោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​របស់​ប្រទេស​ជាតិ​។ តាម​មើល​ទៅ ការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក កូរ៉េ​ខាង​ត្បូង​ពុំ​ដែល​ប្រហារ​ជីវិត​ទណ្ឌិត​ណា​ម្នាក់​ឡើយ​។ ហេតុ​នេះ​ វា​ប្រៀប​ដូច​ជា​ការ​ចង់​បាន​របស់​មតិ​មហា​ជន​ដែល​ស្នើ​សុំ​ឱ្យ​លុប​ចោល​ទោស​នេះ​។ នៅ​ក្នុង​អង្គ​សវ​នា​ការ​ ក្រុម​របស់​លោក​ឆូ​ថ្លែង​ថា​ទោស​ប្រហារ​ជីវិត​គឺ​ស័ក្ដិ​សម​បំផុត​ដើម្បី​ឱ្យ​លោក​យូន​ស៊ុក​យូល​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ទង្វើ​របស់​គាត់​ដែល​ដឹក​នាំ​ចលនា​បះ​បោរ​។ ក្រុម​នេះ​លើក​ទឡ្ហីករណ៍​ថា​ការ​ដែល​ប្រទេស​ជាតិ​ពុំ​ដែល​កាត់​ទោស​ប្រហារ​ជីវិត​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​មិន​មែន​មាន​ន័យ​ថា​កាត់​ទោស​ប្រហារ​ជីវិត​លោក​យូន​ស៊ុក​យូល​មិន​បាន​នោះ​ទេ​៕ ប្រភព៖ AP​