ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថ្លែង​ថា​អាមេរិក​មិន​ចាំ​បា​ច់​រវល់​នឹង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ទេ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​អាមេរិក​គួរ​កុំ​ចូល​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​ដែល​កំពុង​​ឆាប​ឆេះ​នៅ​ប្រទេស​ស៊ីរី​។ ឥឡូវ​នេះ គេ​ទទួ​ល​ដំណឹង​ថា​ពួក​ឧទ្ទាម​សម្រុក​វាយ​ប្រហារ​ទាំង​យប់​ទាំង​ថ្ងៃ​យក​បាន​ទី​ក្រុង​តូច​ធំ​ជា​បន្ត​បន្ទាប់​។ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ពួក​គេ​វាយ​សម្រុក​ពី​គ្រប់​មុខ​ព្រួញ​ឡោម​ព័ទ្ធ​​រដ្ឋ​ធានី​ដាម៉ាស់​បាត់​ទៅ​ហើយ​​បន្ទាប់​ពី​ទី​ក្រុង​ធំ​ៗ​ចំនួន​២​ទៀត​ដែល​ជា​ស្លាប​ការ​ពារ​ឆ្វេង​ស្ដាំ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​។ លោក​ត្រាំ​សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​ប្រទេស​ស៊ីរី​កំពុង​តែ​ច្របូក​ច្របល់​សម្បើម​ណាស់​​។ ប៉ុន្តែ​​ដោយ​សារ​ស៊ីរី​មិន​មែន​ជា​មិត្ត​ភក្ដិ​របស់​យើង​ ហេតុ​នេះ​អាមេរិកគ្មាន​អ្វី​ត្រូវ​ឈឺ​ឆ្អាល​​នៅ​ក្នុង​រឿង​​នេះ​ទេ​​។ នេះ​មិន​មែន​ជា​សង្គ្រាម​ដែល​អាមេរិក​ត្រូវ​ប្រ​ឡូក​ឱ្យ​បាន​ពេញ​ទំហឹង​នោះ​ឡើយ​​​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​អាមេរិក​គួរ​កុំ​ចូល​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​ដែល​កំពុង​​ឆាប​ឆេះ​នៅ​ប្រទេស​ស៊ីរី​។ ឥឡូវ​នេះ គេ​ទទួ​ល​ដំណឹង​ថា​ពួក​ឧទ្ទាម​សម្រុក​វាយ​ប្រហារ​ទាំង​យប់​ទាំង​ថ្ងៃ​យក​បាន​ទី​ក្រុង​តូច​ធំ​ជា​បន្ត​បន្ទាប់​។ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ពួក​គេ​វាយ​សម្រុក​ពី​គ្រប់​មុខ​ព្រួញ​ឡោម​ព័ទ្ធ​​រដ្ឋ​ធានី​ដាម៉ាស់​បាត់​ទៅ​ហើយ​​បន្ទាប់​ពី​ទី​ក្រុង​ធំ​ៗ​ចំនួន​២​ទៀត​ដែល​ជា​ស្លាប​ការ​ពារ​ឆ្វេង​ស្ដាំ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​។

លោក​ត្រាំ​សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​ប្រទេស​ស៊ីរី​កំពុង​តែ​ច្របូក​ច្របល់​សម្បើម​ណាស់​​។ ប៉ុន្តែ​​ដោយ​សារ​ស៊ីរី​មិន​មែន​ជា​មិត្ត​ភក្ដិ​របស់​យើង​ ហេតុ​នេះ​អាមេរិកគ្មាន​អ្វី​ត្រូវ​ឈឺ​ឆ្អាល​​នៅ​ក្នុង​រឿង​​នេះ​ទេ​​។ នេះ​មិន​មែន​ជា​សង្គ្រាម​ដែល​អាមេរិក​ត្រូវ​ប្រ​ឡូក​ឱ្យ​បាន​ពេញ​ទំហឹង​នោះ​ឡើយ​​​​។ ដូច្នេះ កុំ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​​ល្អ​ជាង​។​​ លោក​ចង់​មាន​ន័យ​ថា​ទោះ​បី​ប្រទេស​ស៊ីរីមាន​ជោគ​វាសនា​បែបណា​ក៏​គួរ​តែ​បណ្ដោយ​ទៅ​តាម​យថា​កម្ម​ទៅ​ចុះ​។

លោក​ត្រាំ​សរ​សេរ​បន្ត​ទៀត​ថា​​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​មិត្ត​​របស់​លោក​អាល់​អាសាត​​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ ដូច្នេះ រុស្ស៊ី​ប្រហែល​ជា​មិន​អាច​ដក​ឃ្លា​​ដើម្បី​មក​ជួយ​លោក​អាល់​អាសាត​ទេ​​។ ចំណែក​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ក៏​មិន​អាច​បញ្ឈប់​ដំណើរ​រុល​ទៅ​មុខ​របស់​ពួក​ឧទ្ទាម​បាន​ឡើយ​។ លោក​ត្រាំ​យល់​ថា​បើ​រុស្ស៊ី​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ថយ​ពី​ប្រទេស​ស៊ីរី​ទាំង​ស្រុង​ក៏​ល្អ​ម៉្យាង​ដែរ​ព្រោះ​​រុស្ស៊ី​​បើ​ទុក​ជា​រុស្ស៊ី​គ្មាន​​ផល​ចំណេញ​អ្វី​ពី​ការ​គាំទ្រ​របប​លោក​អាល់​អាសាត​នោះ​ទេ​។​​

ការ​លើក​ឡើង​របស់​លោក​ត្រាំ​ត្រង់​ចំណុច​នេះ​​ទំនង​ជា​ចង់​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​គាំទ្រ​ឱ្យ​អាមេរិក​ដាក់​ទាហាន​ប្រហែល​៩​រយ​នាក់​នៅ​ស៊ីរី​។ ពួក​គេ​​ច្រើន​ឈរ​ជើង​នៅ​តំបន់​ឦសាន​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ចំពោះ​កង​ទ័ព​សម្ព័ន្ធ​មិត្ត​ដែល​ដឹក​នាំ​ដោយ​ពួក​ជន​អម្បូរ​ខឺត (Krud)។ ពួក​គេ​ចង់​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​អាយ​ស៊ីស​ដែល​បាន​ចុះ​ខ្សោយ​ខ្លាំងទៅ​ហើយ​នោះ​វិល​ត្រឡប់​មក​វិញ​ទេ​។

កាល​ពី​ឆ្នាំ​២០១៨ លោក​ត្រាំ​ចង់​ដក​កង​ទ័ព​អាមេរិក​ពី​ស៊ីរី​ទាំង​អស់​នៅ​ពេល​ក្រុម​អាយ​ស៊ីស​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ខ្លាំង​ រក​កល​នឹង​ដួល​រលំ​ទាំង​ស្រុង​។ ប៉ុន្តែ​ក្រោយ​មក​ លោក​បាន​កែ​ប្រែ​ជំហរ​នេះ​វិញ​នៅ​ពេល​ទី​ប្រឹក្សា​របស់​លោក​ប្រាប់​ថា​បើ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី អ្នក​ដែល​ចាំ​ត្រង​ផល​ចំណេញ​ធំ​ជាង​គេ​គឺ​ប្រទេស​អ៊ីរ៉ង់ និង​រុស្ស៊ី​។ ពួក​គេ​នឹង​ពង្រីក​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​។ នៅ​ពេល​ឮ​ដូច្នេះ លោក​ត្រាំ​ក៏​បន្ត​រក្សា​ទុក​កង​ទ័ព​រហូត​ដល់​សព្វ​ថ្ងៃ​។

ចំណុច​១​ទៀត​ដែល​លោក​ត្រាំ​មិន​ចង់​ធ្វើ​អត្ថា​ធិប្បាយ​វែង​ឆ្ងាយ​ដោយ​សារ​បាត​ដៃ​ក៏​សាច់​ ខ្នង​ដៃ​ក៏​សាច់​ និយាយ​ចុះ​និយាយ​ឡើង​ទៅ​ហាក់​ដូច​ជា​ហារ​ស្លាក់​ខ្ជាក់​ស្លែង​ដូច្នេះ​ដែរ​។ លោក​មិន​ចង់​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​លោក​ពូទីន​ទេ​ ខណៈ​ដែល​របប​លោក​អាល់​អាសាត​ជា​សម្ព័ន្ធ​មិត្ត​របស់​ពូទីន​។ ដូច្នេះ បើ​និយាយ​កាន់​ជើង​អាល់​អាសាត​ក៏​មិន​ត្រូវ​។ ហើយ​បើ​និយាយ​កាន់​ជើង​ពួក​ឧទ្ទាម​​ក៏​មិន​សម​។ និយាយ​អីចឹង​ទៅ​នាំ​ឱ្យ​​លោក​ពូទីន​អន់​ចិត្ត​។ ម៉្លោះហើយ​លោក​ត្រាំ​សុខ​ចិត្ត​នៅ​ស្ងៀម​។

ប៉ុន្តែ​ច្បាស់​ណាស់​ថា​ពួក​ឧទ្ទាម​ប្រាកដ​ជា​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ដទៃ​។ ជា​ពិសេស​ ព័ត៌​មាន​សម្ងាត់​អំពី​ទី​តាំង​យោធា​របស់​លោក​​អាល់​អាសាត​។ បើ​មិន​​ដូច្នេះ​ទេ ពួក​គេ​​​​មិន​អាច​វាយសម្រុក​លឿន​ដល់​ថ្នាក់​នេះ​ទេ​ ហើយ​ក៏​មិន​អាច​រយៈ​ពេល​ត្រឹម​តែ​៧-៨​ថ្ងៃ​​អាច​ឡោម​ព័ទ្ធ​រដ្ឋ​ធានី​បាន​សម្រេច​​។ ជួនកាល​ ពួក​គេ​មាន​ក្រុម​​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ​ និង​សង្គ្រាម​ចិត្ត​សា​ស្ត្រ​ ដើរ​បំផុស​បំផុល​ឱ្យ​ទាហាន​ស៊ីរី​លែង​មាន​អារម្មណ៍​ចង់​ច្បាំង​ត​ទៅ​ទៀត​ ហើយ​គិត​តែ​ចូល​ដៃ​ជា​មួយ​ពួក​ឧទ្ទាម​តែ​ម្ដង៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ