ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ជួសជុល​ឡើង​វិញ ផ្លូវ​លេខ​៧៦​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្តមណ្ឌលគិរី

8 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្លូវជាតិ​លេខ​៧៦​ដ៏​មាន​សក្តានុពល និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ខេត្តមណ្ឌលគិរី ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧​ត្រង់​ផ្លូវបំបែក​ស្រុក​ស្នួល ខេត្តក្រចេះ ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​កែង​បំបែក​តា​អង់ ខេត្តរតនគិរី ដែល​មាន​ប្រវែង​ប្រមាណ​ជិត​ពីរ​រយ​គីឡូម៉ែត្រ…

ខេត្តមណ្ឌលគិរី ៖ ផ្លូវជាតិ​លេខ​៧៦​ដ៏​មាន​សក្តានុពល និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ខេត្តមណ្ឌលគិរី ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧​ត្រង់​ផ្លូវបំបែក​ស្រុក​ស្នួល ខេត្តក្រចេះ ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​កែង​បំបែក​តា​អង់ ខេត្តរតនគិរី ដែល​មាន​ប្រវែង​ប្រមាណ​ជិត​ពីរ​រយ​គីឡូម៉ែត្រ ហើយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ គិត​ត្រឹម​ដើមឆ្នាំ​២០២៥​នេះ បាន​រង​ការ​ខូចខាត​ដោយ​អន្លើ​ៗ​តែ​ត្រូវ​បាន​ស្ថាបនា​និង​ជួសជុល​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ភ្ញៀវ​ទេសចរ និង​ដឹក​កសិផល​នានា ។

តាម​ចក្ខុវិស័យ របស់​ប្រមុខ​រាជ រដ្ឋាភិបាល បាន​កំណត់​យក​ខេត្តមណ្ឌលគិរី ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ ក្នុង​វិស័យ ទេសចរណ៍ បន្ទាប់​ពី​ខេត្ត​ដ៏​ទៃ​នៅ​ក្នុង​តំបន់ ដើម្បី​លើក​ស្ទួយ​និង​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី ឱ្យ​កាន់តែ​រីក​ចម្រើន ដូច្នេះ​គម្រោង​ជួសជុល កែ​លម្អ នៅ​តាម​កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត​ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​បន្ត​ស្ថាបនា​ខ្សែ​ផ្លូវ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​គឺជា​ករណី​ចាំបាច់​បំផុត ។

​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី មាន​ប្រសា​ស​ន៏​ថា ដើម្បី​ធានា​បាន​រាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ពិសេស​ដំណើរការ​ដឹក​ជញ្ជូន​រាល់​កសិផល​របស់​ពុក​ម៉ែ​បងប្អូន​ប្រជា​កសិករ ដែល​កំពុង​ដល់​រដូវ​ប្រមូល​ផល ហើយ​មាន​តម្រូវការ​ដឹក​ទំនិញ​ទាំងនោះ​ទៅ​កាន់​ទីផ្សារ​ទាន់​ពេលវេលា ក្រុមការងារ​មន្ទីរ​សាធារណៈការ​ខេត្ត យកចិត្តទុកដាក់​ខិតខំ​ស្តារ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​ដែល​រង​ការ​ខូចខាត​យ៉ាង​សស្រាក់សស្រាំ​។ លោក រស់ គី​ម​ធន បន្ត​ថា សកម្មភាព​របស់​ក្រុមការងារ​មន្ទីរ​សាធារណៈការ​ខេត្តមណ្ឌលគិរី ដែល​កំពុង​ស្តារ​ផ្លូវជាតិ​លេខ​៧៦​នេះ គឺ​បាន​ធ្វើ​ចាប់ពី​ជិត​ព្រំប្រទល់​រវាង​ខេត្តក្រចេះ រហូត​ដល់ទី​ប្រជុំជន​ស្រុក​កែវ​សីមា ដោយ​អន្លើ​ព្រោះ​មាន​កំណាត់​ផ្លូវ​ខ្លះ​នៅ​ល្អ​ស្អាត និង​កំណាត់​ផ្លូវ​ខ្លះ​ទៀត​ត្រូវ​ជួសជុល​បន្ទាន់​។

ក្រៅពី​កិច្ច​ការងារ​ចំពោះ​មុខ មន្ទីរ​សាធារណៈការ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ថែទាំ​ផ្លូវ​ជា​ប្រចាំ និង​ជួសជុល​នៅ​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត ពិបាក​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​របស់​ប្រជាពលរដ្ឋ និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ ជាង​មុន និង​ស្ថាបនា ស្ពានបេតុង​ថ្មី ជំនួស​ស្ពានដែក​បេ​ឡេ​ត៍​ចាស់​ទ្រុឌទ្រោម រួម​ទាំង​ស្ថាបនា​ខ្សែ​ផ្លូវ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វា​ព្រំដែន និង​តាម​បណ្តា​ស្រុក ដោយ​កែ​លម្អរ​ពី​ផ្លូវ​ដី​មាន​លក្ខណៈ​តូច​ង្អៀ​ត និង​ពិបាកធ្វើ​ដំណើរ​មក​ជា​ផ្លូវ​ក្រាលកម្រាល​កៅស៊ូ DBST មាន​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល​នានា​។

តាម​ការ​បញ្ជាក់​របស់​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៧៦​ត្រូវ​បាន​ស្តារ​ឡើង​វិញ ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ក្នុង​ផែនការ​ឆ្នាំ​២០២៥ ចាប់ពី​កំណាត់​ផ្លូវ ចន្លោះ​គីឡូម៉ែត្រ ៤៩+០០០ ដល់ គីឡូម៉ែត្រ​៥២ + 000 កំណាត់​ទី​២​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៨ + ៤00 ដល់ ៦០ + ៣០០ និង​ទី​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧០+000 ដល់​១៧០ + ៦០០ ។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមការងារ​ជំនាញ​មន្ទីរ​នៅ​បន្តសកម្មភាព​ថែទាំ​តាម​ចិញ្ចើម​ផ្លូវ លុប​បំបាត់​ក្រឡុក ក៏​ដូច​ជា​សម្អាត​ប្រឡាយ​អម​សងខាង​ផ្លូវ និង​កាត់​ព្រៃ ស្មៅ ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​ប្រចាំ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ​របស់​ខ្លួនឯង និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំងអស់​។

ហើយ​ជា​ពិសេស​ក៏​សូម​ស្នើ​សុំ​ដល់ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់ ដែល​ប្រកប​របរ​ដឹក​ទំនិញ ដឹក​សម្ភារៈ​សំណង់ កសិផល ផ្សេង​ៗ កុំ​ត​ទ្រុង​កែ​ច្នៃ​យានយន្ត​ខុស​លក្ខណ​បច្ចេកទេស ដឹក​សំពីងសំពោង និង​សូមកុំ​ផ្ទុក​លើស​ទម្ងន់​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ខូចខាត​ខាតបង់​ថវិកាជាតិ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ ដោយ​បញ្ឈប់​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ធានា​អាយុកាល​យូរអង្វែង​នៃ​ផ្លូវថ្នល់ និង​ស្ពាន និង​សូម​ប្រជាពលរដ្ឋ បញ្ឈប់​ការ​រំលោភ​លើ​ដី​ចំណី​ផ្លូវ ការ​ចាក់​ដី​លើស​ពី​កំពស់​កម្រិត​ផ្លូវថ្នល់ ដែល​ធ្វើ​ឲ្យ​ទឹក​ដក់​លើ​ចិញ្ចើម​ផ្លូវ​ខូចខាត​ទៅ​ដល់​តួ​ផ្លូវ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ