ទីក្រុងដាម៉ាស់៖ នៅពេលសភាពការណ៍នៅប្រទេសស៊ីរីចាប់ផ្ដើមធ្លាក់ទៅក្នុងវិបត្តិសាជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់ជាង១០ឆ្នាំ ឥឡូវនេះ រុស្ស៊ីបង្ហាញជំហររបស់ខ្លួនជាថ្មី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរូស (Sergei Lavrov) ថ្លែងថាលោកចង់ឃើញភាគីជម្លោះនៅស៊ីរីគឺរដ្ឋាភិបាលរបស់លោកអាល់អាសាត និងពួកឧទ្ទាមដែលកំពុងវាយសម្រុកខ្លាំងនៅតំបន់ខាងជើងចាប់ផ្ដើមការសន្ទនាគ្នា។ លោកចាត់ទុកថាធ្វើបែបនេះដើម្បីធ្វើឱ្យចលនាប្រឆាំងនៅស៊ីរីក្លាយជាប្រឆាំងស្របច្បាប់។
លោកឡាវរ៉ូសថ្លែងថាលោកបានជួបសមភាគីតួកគី និងអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ ហើយយើងបានឯកភាពគ្នាថាត្រូវតែភាគីជម្លោះទាំង២បិទបញ្ចប់អរិភាពនឹងគ្នាជាបន្ទាន់។ សូមជម្រាបត្រង់ចំណុចនេះថាខាងភាគីលោកអាល់អាសាតគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ខណៈដែលពួកឧទ្ទាមដែលប្រឆាំងនឹងលោកអាល់អាសាតគាំទ្រដោយរដ្ឋាភិបាលតួកគី។
ចំណុចដែលមិនល្អរបស់ពួកឧទ្ទាមនៅត្រង់ថាពួកគេត្រូវសហគមន៍អន្តរជាតិចាត់ទុកជាក្រុមភេរវកម្មដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាយស៊ីស។ ដូច្នេះ រុស្ស៊ីយល់ថាភេរវកម្មនៅតែជាភេរវកម្មដដែលទោះបីពួកគេកែសម្រួលជំហរ និងមាគ៌ានយោបាយរបស់ខ្លួនយ៉ាងណាក្ដី។ ហេតុនេះ គេមិនអាចបណ្ដោយឱ្យពួកនេះគ្រប់គ្រងទឹកដីសូម្បីតែចំណែកណាមួយ។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនេះផងដែរ រដ្ឋាភិបាលស៊ីរីបញ្ជាក់ថាលោកអាល់អាសាតមិនទាន់រត់ទៅណាទេ។ លោកនៅតែបន្តដឹកនាំរដ្ឋាភិបាលនៅរដ្ឋធានីដាម៉ាស់ដដែល។ នេះបើតាមការផ្សាយរបស់បណ្ដាញសារព័ត៌មានរដ្ឋាភិបាល។ ប៉ុន្តែទន្ទឹមនឹងនោះ កងទ័ពរបស់លោកមិនអាចទប់ស្កាត់បានឡើយនៅចំពោះមុខនៃការវាយសម្រុកដូចផ្លេកបន្ទោររបស់ពួកឧទ្ទាម។
ពួកគេ (ឧទ្ទាម) រហូតដល់ប្រើយុទ្ធសាស្ត្រអូសទាញទាហានរដ្ឋាភិបាលស៊ីរី និងមេបញ្ជាការរបស់ពួកគេដើម្បីបញ្ឈប់ការច្បាំងគ្នា និងប្រគល់ទឹកដីឱ្យពួកឧទ្ទាមតាមសម្រួល។ នេះជាសង្គ្រាមចិត្តសាស្ត្រដែលពួកតាលីបង់ធ្លាប់ធ្វើជោគជ័យទៅលើកងទ័ពអាហ្វហ្កានីស្ថាន ហើយធ្វើឱ្យតាលីបង់វាយយកបានរដ្ឋធានីកាប៊ុលដោយគ្មានផ្ទុះអាវុធមួយគ្រាប់កាលពីឆ្នាំ២០២១។
នៅក្នុងកិច្ចជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាល់អាសាតប្ដេជ្ញាថានឹងកម្ទេចពួកឧទ្ទាមឱ្យក្លាយជាផេះ។ កាលនោះថ្ងៃទី១ ខែធ្នូ ពួកឧទ្ទាមវាយយកបានទីក្រុងអាឡេប៉ូ។ អ៊ីរ៉ង់ទទួលស្គាល់ថាសង្គ្រាមនេះមិនអាចមើលស្រាលបានឡើយ។ កងទ័ពរដ្ឋាភិបាលអាល់អាសាត ទោះបីមានជំនួយពីអ៊ីរ៉ង់ និងរុស្ស៊ីជួយទម្លាក់គ្រាប់បែកពីលើអាកាសនៅតែពិបាកទប់ទល់។
សង្គ្រាមនៅស៊ីរីសម្លាប់មនុស្សរាប់សែននាក់ និងបង្ខំឱ្យជនស៊ីវិលរាប់លាននាក់ផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសស៊ីរីខ្លួនឯង ឬរត់ភៀសខ្លួនទៅប្រទេសដទៃ។ កាលពីឆ្នាំ២០១១ សង្គ្រាមនេះបានស្ងប់ស្ងាត់មួយសាហើយ។ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការ ឬដំណោះស្រាយផ្នែកនយោបាយទេ។ ដោយសារអាល់អាសាតមានរុស្ស៊ី និងអ៊ីរ៉ង់ជួយជ្រោមជ្រែង ដូច្នេះ ពួកគេអាចទប់ស្កាត់ការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកឧទ្ទាម។
ប៉ុន្តែនៅពេលមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់ ពួកឧទ្ទាមនៅស៊ីរីក៏ឆ្លៀតឱកាសនេះវាយសម្រុកយកមួយឈ្នះដៃ និងដណ្ដើមបានទីក្រុងមួយចំនួនដូចជាអ៊ីតលីប (Idlib), អាឡេប៉ូ (Aleppo) និងហាម៉ា (Hama)។ នេះជាយុទ្ធសាស្ត្រពង្រីកទឹកដីដើម្បីងាយស្រួលតថ្លៃគ្នាផ្នែកនយោបាយបើមានការចរចានៅពេលអនាគត៕
ចែករំលែកព័តមាននេះ