រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលជិះរថយន្តពាក់ផ្លាកលេខរដ្ឋ បង្កគ្រោះថ្នាក់ហើយដកកាំភ្លើងខ្លីវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបែកក្បាល ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានហើយ ។
ការឃាត់ខ្លួនជនដៃដល់នេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅខាងត្បូងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនដៃដល់រូបនេះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះរថយន្តម៉ាកឡង់គ្រីស្ស័រ ពាក់ផ្លាកលេខរដ្ឋ ០៦.២.៨៦៨៨ ។
ហេតុការណ៍គ្រោះថ្នាក់ហើយបង្កហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះឈ្មោះ ប៉ែន សុខណា អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានខ្ចីម៉ូតូគេ១គ្រឿងជិះទៅទិញទឹកផឹក ហើយបានឈប់ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡង់គ្រីស្ស័រ ពាក់ផ្លាកលេខរដ្ឋ ថយក្រោយមកបុកនឹងកៀរនាង ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តនោះក៏បានបើករត់ ហើយនាងបើកម៉ូតូដេញតាម ទើបអ្នកបើករថយន្តនោះឈប់ ហើយបានសុំទោស ហើយនាងបានទារសំណងការខូចខាត២ម៉ឺនរៀល តែបុរសនោះថា អត់លុយមានតែ១ម៉ឺនរៀល គាត់ធ្វើការឱ្យគេដែរ ។
ក្រោយមកមានបុរសម្នាក់ស្គាល់គ្នាមកជួយនិយាយ ស្រាប់តែជនដៃដល់រូបនោះបានដកកាំភ្លើងគំរាមបាញ់ និងប្រាប់ថា ផ្ញើ២គ្រាប់ ។
ស្ត្រីរូបនេះបានឲ្យដឹងទៀតថា បន្ទាប់មកជនដៃដល់បានចាប់បោចសក់នាងភ្ជង់គំរាមវាយនឹងស្នាប់កាំភ្លើង បណ្ដាឲ្យបែកក្បាល ទោះនាងលើកដៃសំពះអង្វរយ៉ាងណាក៏ដោយ ។ ក្រោយមកក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ទើបជនដៃដល់ឡើងបើករថយន្តគេចខ្លួនបាត់ ។
បន្ទាប់ពីគេចខ្លួនបានមួយយប់ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាខណ្ឌទួលគោក ស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពឃាត់ខ្លួនបានជនសង្ស័យ និងរថយន្ត រួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។
ជនដៃដល់ត្រូវគេស្គាល់ជាឧត្ដមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។ បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខ រួចប្រគល់ទៅឲ្យកងរាជអាវុធហត្ថខណ្ឌ បញ្ជូនបន្តទៅរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធី ។
តាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម ៖
១-ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។
២-ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្ម វិន័យ ចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារប្រជាពលរដ្ឋ ត្រូវតែបម្រើច្បាប់ បទល្មើសត្រូវតែបង្ក្រាប” ។
៣-កងរាជអាវុធហត្ថបានទំនាក់ទំនងក្មួយស្រី និងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួស ។
៤-កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មាន អំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី ៕











ចែករំលែកព័តមាននេះ