ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុយ អេ​ណា ក្លាយជា​ទូត​សុ​ឆ​ន្ទះ​ក្រសួង​កិច្ចការ​នារី​ក្នុង​បេស​កម្ម​លើកកម្ពស់​តម្លៃ​នារី

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​បង្ហាញ​ម៉ូត​នាង កុយ អេ​​​ណា ត្រូវ​បាន​តែងតែ​ជា​ទូត​សុ​ឆ​ន្ទះ​សម្រាប់​ក្រសួង​កិច្ចការ​នារី​ក្នុង​បេស​កម្ម​លើកកម្ពស់​តម្លៃ​នារី​មិន​ថា ​ក្មេង​ស្រី ឬ​ស្ត្រី​មាន​ពិការ​ភាព ។ការ​ប្រកាស​តែងតាំង​នេះ​…

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​បង្ហាញ​ម៉ូត​នាង កុយ អេ​​​ណា ត្រូវ​បាន​តែងតែ​ជា​ទូត​សុ​ឆ​ន្ទះ​សម្រាប់​ក្រសួង​កិច្ចការ​នារី​ក្នុង​បេស​កម្ម​លើកកម្ពស់​តម្លៃ​នារី​មិន​ថា ​ក្មេង​ស្រី ឬ​ស្ត្រី​មាន​ពិការ​ភាព ។
ការ​ប្រកាស​តែងតាំង​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ឨ​កាស​តារា​ស្រី​រូប​នេះ ​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ។

ក្រោយ​ទទួល​បាន​តំណែង​ខាងលើ​នេះ កុយ អេ​ណា បាន​សម្តែង​ក្តី​រីករាយ និង​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​មាន​ឨ​កាសចូល​រួម​ផ្សព្វផ្សាយ​ភាព​គំរូ និង​ស្នាដៃ​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម កុយ អេ​​​ណា បាន​លើក​ឡើង​ថា នាង​ខ្ញុំ​មាន​មោទ​នភាព​ដែល​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​ជា​ទូត​សុ​ឆន្ទៈ​ថ្មី​របស់​ក្រសួង​កិច្ចការ​នារី​ពី​សំណាក់​លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ដើម្បី​ចូលរួម​លើកកម្ពស់​តម្លៃ​នារី មិន​ថា​ជា​ក្មេង​ស្រី ឬ​ស្ត្រី​មាន​ពិការ​ភាព និង​ផ្សព្វផ្សាយ​ភាព​ជា​គម្រូ ព្រមទាំង​ស្នាដៃ​របស់​ស្ត្រី​ដែល​មាន​សក្តានុពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​។

ដោយឡែក​ នៅ​អំឡុង​ពេល​ដឹកនាំ កុយ អេ​​ណា ចូល​ជួប​សម្តែង​ការ​គួ​រសមជា​មួយ​លោក​ជំទាវ​រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី​នោះ លោក​ជំទាវ ញ៉ែ​ម មរកត រដ្ឋលេខាធិការ​បាន​លើក​ឡើង​សរ​សេរ​តារា​ស្រី​រូប​នេះ​ថា ខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង មិន​ស្តាយ​ពេលវេលា កម្លាំងកាយ​ចិត្ត​ក្នុង​ការ​គាំទ្រ​ផ្តល់​ភាព​កក់ក្តៅ ជម្រុញ​ទឹកចិត្ត ពិគ្រោះ​យោបល់ ចែករំលែក​បទ​ពិសោធន៍​ទៅ​ក្មេង​ស្រី​ដែល​មាន​អាយុ​ត្រឹម​២៤​ឆ្នាំ ក្រៅពី​សម្រស់​ស្អាត​ចរិត​ទន់ភ្លន់ ឧស្សាហ៍​ព្យាយាម អេ​​​ណា មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន និង​ចូលរួម​ជួយ​កិច្ចការ​សង្គម​។​ល​។

លោក​ជំទាវ​បញ្ជាក់​ថា គិត​ត្រឹម​១​អាទិត្យ អេ​​​ណា​ទទួល​បាន​កិត្តិយស​ដ៍​ខ្ពស់​ខ្ពស់ តែងតាំង​ជា​
ទី​១-ទូត​សុ​ឆន្ទៈ​សប្បុរស​ធ៍​ម​របស់​ជន​មាន​ពិការ​ភាព​ភ្នែក និង​កាយសម្បទា (​ដែល​ស្នើ​ដោយ​ជន​មាន​ពិការ​ភាព​ភ្នែក កាយសម្បទា​ជិត​១​ពាន់​នាក់​) ទី​២-ទូត​សុ​ឆន្ទៈ​របស់​ក្រសួង​កិច្ចការ​នារី (​តាម​ការ​តែងតាំង​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី​) ។

លោក​ជំទាវ​បន្ត​ថា បេស​កម្ម​ទាំង​២ ​គឺ​មាន​សា​រសំខាន់​ដូច​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​ផ្តល់​ក្តី​សង្ឃឹម​និង​លើកទឹកចិត្ត​ដល់​ស្ត្រី ក្មេង​ស្រី កុមារី​កុមា​រា​ជន​ពិការ​គ្រប់​ប្រភេទ និង​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រសួង​កិច្ចការ​នារី​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ភាព​ជា​គំរូ តម្លៃ និង​ស្នាដៃ​របស់​ស្ត្រី ដែល​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់ និង​មាន​សក្តានុពល​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កុយ អេ​ណា បាន​បង្ហាញតួលេខ​សរុប​ចំនួន​ថវិកា​ដែល​នាង​ទទួល​បាន​ពី​សប្បុរសជន​នានា​ពី​ព្រឹ​ត្ត​ការ​ដើរ​ថ្មី​ជើង​របស់​នាង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប ដែល​ទើបតែ​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ។

កុយ អេ​ណា បាន​បញ្ជាក់​ថា ចំនួន​ថវិកា​ដែល​នាង​ទទួល​បាន​ពី​សប្បុរស​នៃ​ព្រឹ​ត្ត​ការ​ខាងលើ​នេះ​មាន​ចំនួន​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​ថវិកា​ទាំង​អស់នេះ​នាង​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​ជន​ពិការ​នៅ​កម្ពុជា ។

កុយ អេ​ណា បាន​លើក​ឡើង​ថា ការ​ដែល​នាង​បង្កើត​នូវ​ព្រឹ​ត្ត​ការ​មួយ​នេះ​គឺជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​នាង ហើយ​នាង​ក៏​មិន​នឹក​ស្មាន​ដល់​សម្រាប់​ការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន ជា​ពិសេស​សប្បុរសជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ។ នាង​ថា សម្រាប់​ទឹកប្រាក់​ដែល​នាង​ទទួល​បាន​ពី​សប្បុរសជន​នានា​នោះ​មាន​ចំនួន​សរុប​១២៤.៦១៦​ដុល្លារ ដែល​ថវិកា​នេះ​គឺ​មាន​ចំនួន​ច្រើន និង​លើស​ពី​ការ​រំពឹង​ទុក​របស់​នាង ។ យ៉ាងណា​ សម្រាប់​ថវិកា​ដ៏​ច្រើន​នេះ​នាង​ពិតជា​អរគុណ​ទៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​មក​កាន់​មូលនិធិ​របស់​នាង ។

នាង​បន្ថែម​ថា គោលបំណង​ដែល​នាង​ធ្វើ​រឿង​ខាងលើ​នេះ​ឡើង ដោយ​ទី​មួយ​នាង​ចង់​បំពេញ​បំណង​ខ្លួនឯង​នៅ​ក្នុង​ការ​ដើរ​ដោយ​ថ្មើរជើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប និង​ទី​ពីរ​គឺ​នាង​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងស្រី​ម្នាក់​ដែល​ជា​ជន​ពិការ ហើយ​គាត់​ជា​អ្នក​ម៉ាស្សា​សម្រាប់​រូប​នាង​តែ​ម្តង ហើយ​ជា​មនុស្ស​ដែល​ជម្រុញ​ឲ្យ​នាង​បង្កើត​ព្រឹ​ត្ត​ការ​នេះ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ