ខេត្តស្ទឹងត្រែង ៖ រយៈពេលជាង១៥ខែនៃការចូលកាន់មុខតំណែងជាអភិបាលខេត្ត លោក សរ
សុពុត្រា បានបើកទំព័រជាប្រវត្តិសាស្ត្រលើដែនដីភាគឦសានទទួលបានការសាទរ និងស្ញប់ស្ញែងបំផុត ។ ផ្ដើមពីការគោរពភ្លេងជាតិនៅព្រឹកម៉ោង៧និង០០នាទី បានដាស់ស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង កំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងអស្ចារ្យ ។

កងចក្រដែលជានិមិត្តសញ្ញាបង្កប់អត្ថន័យពីកូនក្រមុំដ៏ស្រស់ស្អាតនៃខេត្ត ត្រូវបានកែលម្អទាំងឃឿនអមដោយបង្គោលភ្លើងពណ៌ដ៏ស្រស់ស្អាតនាពេលរាត្រី ។ វេទិការនាគជ័យ និងទីលានតេជោសន្តិភាព បានលេចរូបរាងឡើងយ៉ាងស្កឹមស្កៃ ផ្ទាំង LED ទំហំ៤ម៉ែត្រx៧ម៉ែត្រ បានសម្ញែងរាងយ៉ាងសង្ហារនៅលើទីលានតេជោសន្តិភាពក្រាលដោយថ្មក្រានីតពណ៌ប្រផេះលាតសន្ធឹងនៅចំកណ្ដាលទល់មុខសាលាខេត្ត។

ទីលាននេះមានចម្លាក់នាគ តោ និងសួនច្បារផ្កា ឈើពណ៌បៃតងព័ទ្ធជុំវិញ បំភ្លឺដោយអំពូលភ្លើងធំៗទាំងបួនជ្រុង ជាទីទាក់ទាញមនុស្សក្មេងចាស់ប្រុសស្រីមកហាត់ប្រាណ និងកម្សាន្តលំហែលើទីធ្លាដ៏ល្វឹងល្វើយ ។ ទីលានតេជោសន្តិភាពនេះ ក៏ជាទីតាំងវេទិការដ៏សំខាន់សម្រាប់រៀបចំកម្មវិធីតូចធំ ដែលអាចទទួលមនុស្សរាប់ពាន់នាក់ដោយមិនចង្អៀតផងដែរ ។

ប្រសិនបើយើងសម្លឹងពីទិសខាងត្បូងពីមុខសាលាខេត្តទៅទិសខាងជើង យើងនឹងឃើញមានការរៀបចំដ៏វិសេសវិសាលជាបន្តបន្ទាប់ ៖រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រង្វង់មូលគ្រួសារសត្វផ្សោត ដែលតំណាងឲ្យផ្សោតទឹកសាបដ៏កម្រលើពិភពលោក ទើបនឹងរៀបចំសាងសង់ឡើងនៅលើសួនច្បារបវរធិបតី ក្រុមអ្នកស្ថាបនាកំពុងមមារញឹកដោយមិនដកដៃ នៅចំកណ្តាលទ្រូងនៃសួនបវរធិបតី ដាំលម្អជាជូនៃអំបូរទៅនឹងដើមត្នោតនោះ គឺដើមទ្រាំងដែលមានសារប្រយោជន៍បំផុត ។

រង្វង់មូលព្រះភិរុណ ដែលជាប់នឹងមាត់ទន្លេសេកុង ក៏ចាប់ផ្ដើមកែលម្អព្រមគ្នាឡើងវិញនូវអាងទឹករូបសំណាកត្រីប៉ាស៊ីអ៊ី និងកសាងបន្ថែមនូវរូបសំណាកបុព្វបុរសខ្មែររំលេចដោយពណ៌មាសចំនួនបីទន្ទឹមគ្នា បែរមុខទៅទិសខាងលិច នោះគឺ៖ ព្រះបាទជ័យវរ្ម័នទី៧, សម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត និងអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ក្រម ង៉ុយ ។ នៅលើបរិវេណបន្ទាប់នោះក៏បានបំពាក់ឧបករណ៍កុមារកម្សាន្តលើសួនកម្ពុជាមាតុភូមិខ្ញុំផងដែរ ។ កែលម្អជួសជុលកំពង់សាឡាងសេកុង បំពាក់បន្ថែមនូវកៅអីវែងសម្រាប់ដំណើរថ្មើជើង សម្រាកលំហែរគយគន់ថ្ងៃរះ-ថ្ងៃលិច និងថតរូបកម្សាន្ត ។

ព្រះរាជតំណាក់ស្ដេច ដែលពុំសូវមានអ្នកមើលថែជាច្រើនទសវត្សរ៍ ក៏ត្រូវបានសម្អាត និងរៀបចំឡើងវិញ ថែមទាំងដាំលម្អដើមឈើប្រណីតក្នុងបរិវេណ និងរៀបចំក្រាលការ៉ូឡាហ៊ុមព័ទ្ធជុំវិញជាទីទាក់ទាញ ។ បច្ចុប្បន្ន ទីធ្លាជុំវិញព្រះរាជតំណាក់ក៏បានទាក់ទាញពលរដ្ឋក្បែរនោះឲ្យមកលំហាត់ប្រាណសុខភាពផងដែរ ។

កែលម្អទីធ្លាបរិវេណស្ដូបអនុស្សាវរីយ៍ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪសម្តេចម៉ែ ព្រមទាំងដាក់តម្កល់រូបសំណាកទេវរូប ព្រះភគនេស្ស ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ។

មិនឆ្ងាយពីស្ពានមិត្តភាពកម្ពុជា-ចិនសេកុង លើសួនច្បារសង្កាត់ស្រះឫស្សី ក៏មានសាងសង់នូវរូបសំណាកអធិរាជសំឡេង លោកតា ស៊ិន ស៊ីសាមុត (ដែលជាខេត្តដើមកំណើតរបស់លោក) ក្នុងកាយវិការជាតារាចម្រៀងឆ្នើម និងជាការរំលឹកអនុស្សាវរីយ៍ដ៏មានតម្លៃបំផុត ។

ការរៀបចំឲ្យមានចំណតរថយន្ត និងម៉ូតូបានល្អប្រសើរ បានចូលរួមចំណែកបង្កើតរបៀបរៀបរយ និងបញ្ចៀសការកកស្ទះនៅជុំវិញទីប្រជុំជនផ្សារសាមគ្គីស្ទឹងត្រែង ។ សមិទ្ធផលដ៏មហោឡារិកមួយទៀតគឺព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ(ព្រះបរមរាជានុកោដ្ឋ) តម្កល់លើសួនសុវណ្ណភូមិប្របនឹងដងទន្លេសេកុង ក្រុងស្ទឹងត្រែង ដ៏ស្កឹមស្កៃ ផុសឡើងរស់រវើកជាទីមោទនៈដ៏អស្ចារ្យ ដែលធ្វើឲ្យពលរដ្ឋមានការស្ញប់ស្ញែងជាតម្លៃមរតកដ៏មហាវបមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគឦសាន្តនេះ។

អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ក៏បានសាងសង់ថ្មី និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រមទាំងការសម្របសម្រួលយកចេញនូវសំណង់មិនរៀបរយក្បែរបងមន្ទីរសុខាភិបាល ដើម្បីពង្រីកផ្លូវធំទូលាយ ដែលកន្លងមកប្រជាពលរដ្ឋរស់នៅខាងក្នុងតែងព្រួយបារម្ភពីហានិភ័យកើតឡើងពុំមានលទ្ធភាពរថយន្តចូលសង្គ្រោះទាន់ពេល។

ក្នុងផែនការអភិវឌ្ឍន៍បន្តបន្ទាប់៖ នៅចំណុចផ្លូវបំបែកអូរពង់មាន់បានរៀបចំ និងស្ថាបនា ទេវរូបព្រះភុម្មជយមង្គលដ៏ធំមហិមា ដែលនឹងរួចរាល់នៅពេលដ៏ខ្លីខាងមុខ។ ភ្នំធាតុដែលជាទីទួលខ្ពស់បំផុតអាចគយគន់ទេសភាពទីក្រុងទាំងមូល និងជាទីកន្លែងមានជំនឿសុំសេចក្តីសុខ ក៏នឹងត្រូវចាប់ផ្ដើមតុបតែងកែលម្អឲ្យទៅជាទីកន្លែងទេសចរណ៍វប្បធម៌ផងដែរ។ ដងវិថីជាច្រើនខ្សែក៏បានបំពាក់ដោយអំពូលឃើញបំភ្លឺផ្លូវក្នុងពេលរាត្រីដើម្បីជាសុវត្តិភាពពលរដ្ឋ។

តាមការគ្រោងទុករបស់លោកអភិបាលខេត្តនឹងសាងសង់រង្វង់មូលនៅចំណុចផ្លូវបំបែកគីឡូម៉ែត្រលេខ៤ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងបង្កើតសោភ័ណភាពនៃទីក្រុង។

លោកអភិបាលខេត្ត សរ សុពុត្រា ក៏បានបំផុសគំនិតក្នុងការរៀបចំតុបតែងវត្ថុសិប្បនិម្មិតតំណាងស្របទៅតាមកម្មវិធីប្រពៃណីជាតិធំៗផងដែរ ។ សរុបមក គំនិតដ៏ប៉ិនប្រសប់ក្នុងការរៀបចំ និងអភិវឌ្ឍក្រុងស្ទឹងត្រែងនេះ គឺជាការបង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់សោភ័ណភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យទេសចរណ៍របស់ខេត្តភាគឦសានមួយនេះ ឲ្យកាន់តែមានភាពរស់រវើក សមសួន និងស័ក្ដិសមជាទីក្រុងវប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញ ៕


ចែករំលែកព័តមាននេះ