អាមេរិក-កូឡុំប៊ី ៖ អាមេរិក កាលពីថ្ងៃទី២២ តុលា បានវាយប្រហារនាវាមួយទៀតសង្ស័យថា រត់ពន្ធគ្រឿងញៀនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បណ្ដាលឲ្យមនុស្សស្លាប់សរុប៥នាក់ក្នុងពេលតែ២ថ្ងៃ និងគំរាមដោយផ្ទាល់ដល់ប្រធានាធិបតីកូឡុំប៊ី លោកហ្គូសស្តាវ៉ូប៉េត្រូ ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានចាត់ទុកលោកប៉េត្រូថា ជាស្ដេចគ្រឿងញៀន និងជាប្រធានាធិបតីអាក្រក់បំផុតរបស់កូឡុំប៊ី ។ ប្រធានាធិបតីរូបនោះ បានមានប្រតិកម្មតបវិញ ដោយប្រកាសពីការប្ដឹងទៅតុលាការអាមេរិកពីបទបរិហារកេរ្ត៍។ លោកត្រាំក៏បានធ្វើការគំរាមកំហែងបែបនេះដែរ ចំពោះប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូហើយប្រាប់ដល់លោកប៉េត្រូឲ្យប្រយ័ត្នខ្លួន។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីយ៉ូ បានចាត់ទុកមេដឹកនាំកូឡុំប៊ីថាមនុស្សឆ្កួត ។
ទន្ទឹមនឹងនេះដែរ អាមេរិកបានវាយប្រហារនាវាទី២នៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២២តុលា បន្ទាប់ពីការវាយប្រហារនាវាទីមួយកាលពីថ្ងៃទី២១តុលា បណ្ដាលឲ្យមនុស្សស្លាប់សរុប៥នាក់។ ការវាយប្រហារទាំងនេះដែលតាមក្រុងវ៉ាស៊ីនតោនថា សំដៅលើពួកអ្នករត់ពន្ធគ្រឿងញៀនក្នុងដែនទឹកអន្តរជាតិ ដែលការវាយប្រហារបែបនេះរហូតមកទល់បច្ចុប្បន្ន ធ្វើតែនៅដែនទឹកតំបន់ការ៉ាអ៊ីប។ សរុបមកអាមេរិក បានវាយប្រហារនាវា៨គ្រឿងនិងនាវាមុជទឹកធុនតូច១គ្រឿង ភាគច្រើនក្នុងដែនទឹកវេណេស៊ុយអេឡា។
អាមេរិកបានដាក់ពង្រាយកងយន្តហោះប្រដេញ និងកងនាវាចម្បាំងនៅតំបន់ការ៉ាអ៊ីបក្នុងអ្វីដែលខ្លួនថាដើម្បីតស៊ូប្រឆាំងពួករត់ពន្ធគ្រឿងញៀន។ សេតវិមាននិងមន្ទីរប៉ង់តាហ្កោន បានបង្ហាញភស្ដុតាងតិចតួចបំផុត ចំពោះសកម្មភាពរបស់ខ្លួន ដោយថា បណ្ដាមនុស្សដែលរងការវាយប្រហារសុទ្ធតែជាអ្នកចូលរួមក្នុងការរត់ពន្ធគ្រឿងញៀន។ មន្ទីរប៉ង់តាហ្កោនថ្លែងប្រាប់សភាអាមេរិកថា សហរដ្ឋអាមេរិកកំពុងតែមានជម្លោះដោយអាវុធ ជាមួយពួករត់ពន្ធគ្រឿងញៀនអាមេរិកខាងត្បូង ហើយចាត់ទុកពួកគេថាជាពួកភេរវករ ៕
ចែករំលែកព័តមាននេះ