ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៥៦​គ្រួសារ ដែល​ស្ម័គ្រចិត្ត​ចេញពី​មាត់​ស្ទឹង ទទួល​បាន​ដី​ម្នាក់​មួយ​ឡូ​តិ៍ ពី​​អភិបាលខេត្ត​ពោធិ៍សាត់

1 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ ចំនួន ៥៦​គ្រួសារ ក្នុងភូមិ​ក្បាលហុង ភូមិ​វាល ភូមិ​ពោធិ៍​កំបោ និង​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ ចំនួន ៥៦​គ្រួសារ ក្នុងភូមិ​ក្បាលហុង ភូមិ​វាល ភូមិ​ពោធិ៍​កំបោ និង​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​រស់នៅ​លើ​ដី​ចំណី​មាត់​ស្ទឹង ចាប់ពី​ចំណុច​ផ្សារ​ក្បាលហុង រហូត​ដល់​ស្ពាន​អាកាស​ផ្លូវ​វាង​ក្រុង ដែល​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ខេត្ត ដើម្បី​ធ្វើការ​អភិវឌ្ឍ រៀបចំ​សោភ័ណ​ភាព​ក្រុង បាន​ត្រូវ​លោក​អភិបាលខេត្ត ប្រគល់​ដី​ជូន​ម្នាក់​ៗ​មួយ​ឡូ​តិ៍ ដើម្បី​រស់នៅ​ស្របច្បាប់ ។

ដី​ឡូ​តិ៍ ដែល​ខេត្ត​ដោះស្រាយ​ជូន​នេះ ស្ថិត​នៅ​ភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្ដៀង មាន​ចម្ងាយ​ប្រមាណ ០៣​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ។

នៅ​ថ្ងៃ​ទី​៤-៥ ខែធ្នូ ឆ្នាំ​២០២៤ ខេត្ត​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មក​ជួបជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ចាប់ឆ្នោត ទទួលយក​ដី​ឡូ​តិ៍​រៀង​ៗ​ខ្លួន ក្រោម​អធិបតីភាព​លោក ខូ​យ រី​ដា អភិបាល នៃ​អភិបាលខេត្ត​ពោធិ៍សាត់ និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​នានា និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។ ដី​ឡូ​តិ៍ ទាំងនេះ បាន​ចាក់​ដី​បំពេញ រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង ផ្លូវ​គ្រួ​ស​ក្រហម ប្រព័ន្ធ​លូ​បង្ហូរទឹក ហើយ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​(​ក​) និង​ប្រភេទ​(​ខ​) ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់ ។ ដី​ឡូ​តិ៍ ប្រភេទ​(​ក​) ទំហំ​១០​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ មាន​ចំនួន​៣០​គ្រួសារ សំដៅលើ​ពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន និង​រស់នៅ​អចិន្ត្រៃយ៍​។ រីឯ​ប្រភេទ​(​ខ​) ទំហំ​០៥​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ មាន​ចំនួន​២៦​គ្រួសារ សំដៅលើ​ពលរដ្ឋ ដែល​មាន​ដី​ទំនេរ ដាំ​ដំណាំ ធ្វើ​រោង​ចោល ដែល​មិនមែន​ជា​លំនៅ​ដ្ឋា​ន​រស់នៅ​អចិន្ត្រៃយ៍ ។

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អរគុណ​ដល់​បងប្អូន​ទាំងអស់ ដែល​មានការ​យោគយល់ ព្រម​ប្រគល់​ដី​ច្រាំង​ស្ទឹង ឲ្យ​ខេត្ត ធ្វើការ​អភិវឌ្ឍ ពោល​គឺ​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា​។

លោក​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ជាមួយ​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ថា នឹង​ធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់ ក្លាយជា​ទីក្រុង​ដ៍​មនោ​រម្យ ដ៍​មាន​តម្លៃ​សម្រាប់​ប្រជាជន​ខេត្តពោធិ៍សាត់ ដោយ​ត្រូវ​រៀបចំ​អោយ​មាន​សោភ័ណ​ភាព អនាម័យ បរិស្ថាន ការ​រស់នៅ​ប្រកបដោយ​ផា​សុខភាព និង​មាន​សណ្តាប់ធ្នាប់​ល្អ ។

លោក​បន្ត​ទៀត​ថា ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក បាន​ចាប់ផ្តើម​មុនគេ គឺ​ការ​រៀបចំ​ច្រាំង​ស្ទឹង ត្រើយ​ខាងកើត ពី​ស្ពានថ្ម​ថ្មី ដល់​ក្បាលហុង​។ ជំ​ហ៊ាន​ទី​២ ចាប់ពី​ចំណុច​ផ្សារ​ក្បាលហុង រហូត​ដល់​ស្ពាន​អាកាស និង​បន្ត​រៀបចំ​ជា​បន្តបន្ទាប់​ទៀត ក្នុង​គោលបំណង​រួម គឺ​ដើម្បី​ធ្វើ​អោយ​ខេត្តពោធិ៍សាត់ ស្រស់បំព្រង ស្រប​តាម​ស្ដង់ដា​ទីក្រុង​ស្អាត​។ ថ្មី​ៗ​នេះ ផ្លូវ​វាង​ក្រុង​ស្ពាន​អាកាស យើង​បាន​រៀបចំ​ភ្លើង​បំភ្លឺ និង​អនាម័យ​បរិស្ថាន​ជា​ប្រចាំ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ក្រុមហ៊ុន​ផ្សេង​ៗ មក​ធ្វើ​វិនិយោគ​នៅ​ខេត្តពោធិ៍សាត់ ។

លោក​អភិបាលខេត្ត បាន​លើក​ឡើង​ពី​គុណ​បំណាច់​របស់​ឯកឧត្តម ស៊ុ​យ សែ​ម អតីត​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ ដែល​លោក​បាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ខេត្តពោធិ៍សាត់ ទាំង​គោលនយោបាយ ទាំង​ការ​អភិវឌ្ឍ រហូត​មាន​ថ្ងៃនេះ​សម្រាប់​រូប​ឯកឧត្តម និង​ឯកឧត្តម កែវ រតនៈ ជា​អ្នក​បន្ត​វេ​ណ ។

លោក ខូ​យ រី​ដា បញ្ជាក់​ថា ចំពោះ​ដី​ឡូ​តិ៍ ដែល​ចែក​ជូន​បងប្អូន​នៅ​ទី​នេះ មិន​ត្រឹមតែ​ចាក់​ដី ធ្វើ​ផ្លូវ​គ្រួ​ស​ក្រហម ត​ប្រព័ន្ធ​ទឹក​ភ្លើង ប្រព័ន្ធ​លូ​បង្ហូរទឹក​ប៉ុណ្ណោះ​ទេ នឹង​រៀបចំ​ភ្លើង​ពន្លឺព្រះអាទិត្យ ដាំ​ដើមឈើ និង​ត្រៀម​មូលនិធិ​ធ្វើ​ផ្លូវ​បេតុង​ចូល​ទៀត​ផង​។ ដូច្នេះ​សូម​បងប្អូន​រស់នៅ​ឲ្យ​មាន​របៀបរៀបរយ មាន​អនាម័យ​បរិស្ថាន​ល្អ គោរព​ច្បាប់ ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជា​ពលរដ្ឋ​ល្អ​របស់​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ