ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អតីត​ឧកញ៉ា ស្រី ស៊ី​ណា បា.ញ់​​គូស្នេហ៍​២​នាក់ស្លា.ប់ និង​២​នាក់​រង​របួស តុលាការ​នឹងប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​២៣ ធ្នូ ខាង​មុខ​នេះ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ពាក់ព័ន្ធ​ករណី​ចូល​ទៅ​បា​.​ញ់​ប្រហារ​គូស្នេហ៍ នៅ​ក្ន​ង​ផ្ទះ បណ្តាល​ស្លា​.​ប់​២​នាក់ និង​២​នាក់​ទៀត​រង​របួស ព្រោះ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ពាក់ព័ន្ធ​ករណី​ចូល​ទៅ​បា​.​ញ់​ប្រហារ​គូស្នេហ៍ នៅ​ក្ន​ង​ផ្ទះ បណ្តាល​ស្លា​.​ប់​២​នាក់ និង​២​នាក់​ទៀត​រង​របួស ព្រោះ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ ដែល​មាន​ព្រំ​ដី​ជាប់​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​មក​បើក​សវនាការ ជំនុំជម្រះ​ទោស​ជា​សាធារណៈ ពី​បទ ឃា​.​ត​កម្ម​, ប៉ុនប៉ង​ឃា​.​ត​កម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ក្រោយ​ពី​តុលាការ​សាកសួរ ដេញដោល​ចប់​សព្វគ្រប់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​នេះ ជា​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ។

សូម​ជម្រាប​ថា ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ បាន​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ដែល​ជា​ខ្មាន់កាំភ្លើង​បា​.​ញ់​ស​ម្លា​.​ប់​គូស្នេហ៍ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។ ការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​របស់​ចៅក្រម​ស៊ើបសួរ​នោះ បន្ទាប់​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ថា អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន មេត្តា​ជ្រាប​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​មានឈ្មោះ ស្រី ស៊ី​ណា ឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ មក​កាន់​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​នឹង​ករណី​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ ២​នាក់ ម្នាក់​ឈ្មោះ ឡុ​ង លី​សុង ភេទ​ប្រុស និង​ម្នាក់​ឈ្មោះ ឃី​ន ក​ញ្ច​នា ភេទ​ស្រី បាន​ស្លា​.​ប់ ព្រមទាំង​ឈ្មោះ ហុង រិ​ទ្ធា​រ័ក្ស និង​ឈ្មោះ សុខុម រតនៈ រង​របួស ។

ក្រោយ​ពី​ពិនិត្យ​លើ​សំណុំរឿង ព្រមទាំង​ស្តាប់​ចម្លើយ​ភាគី​ពាក់ព័ន្ធ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៧ ឈ្មោះ ស្រី ស៊ី​ណា បាន​ជួល​ផ្ទះ​លេខ​២៤ ផ្លូវ P-10F នៃ​បុរី​ប៉េង​ហួត​បឹង​ស្នោរ ឱ្យទៅ​ឈ្មោះ សេង ចាន់​សុ​ផាត និង​ឈ្មោះ សាន ស្រី​ពេជ្រ ។ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ឈ្មោះ សាន ស្រី​ពេជ្រ មាន​ជម្លោះ​ជាមួយ​ឈ្មោះ ឡុ​ង លី​សុង ដែល​ជា​អ្នក​ជិតខាង​គ្នា ពី​រឿង​កាប់​មែក​ស្វាយ វាយ​កម្ទេច​ផើងផ្កា និង​ស្មួ​ហាល​ខោអាវ លយ​ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ឡុ​ង លី​សុង ហើយ​ឈ្មោះ សាន ស្រី​ពេជ្រ ក៏​បាន​ទូរ​សព្ទ​ប្រាប់​ទៅ​ឈ្មោះ ស្រី ស៊ី​ណា ដើម្បី​ឱ្យមក​ជួយ​ដោះស្រាយ​។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣​រសៀល ឈ្មោះ ស្រី ស៊ី​ណា បាន​ទៅ​ទីតាំង​ផ្ទះ​ខាងលើ ដើម្បី​ដោះស្រាយ ហើយ​ឈ្មោះ សាន ស្រី​ពេជ្រ ក៏​បានឱ្យ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង បើកឡាន​ទៅ​យកឈ្មោះ ស្រី ស៊ី​ណា ពី​កន្លែង​ចត​ឡាន​។ ពេល​ដែល​ឈ្មោះ សាន សុខ​ចំរើន បាន​នាំ​ឈ្មោះ ស្រី ស៊ី​ណា ទៅ​ដល់​ផ្ទះ​កើតហេតុ​រួច​ហើយ ឈ្មោះ សាន សុខ​ចំរើន ក៏​បាន​បើកឡាន​ចេញពីផ្ទះ​កើតហេតុ ដើម្បី​ទៅ​យក​កូន​របស់​ឈ្មោះ សាន ស្រី​ពេជ្រ ដែល​រៀន​សាលា​ម្តុំ​វត្ត​និរោធ ភ្លាម​ដែរ ។
ដោយឡែក​ឈ្មោះ ស្រី ស៊ី​ណា តែ​ម្នាក់ឯង ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ឡុ​ង លី​សុង ដើម្បី​សួរនាំ​រឿង​ជម្លោះ​ពី​ថ្ងៃមុន ។ ការ​ជជែក​គ្នា ក៏​បាន​ឈាន​ទៅ​ដល់​ជម្លោះ​ពាក្យ​សម្តី ហើយ​ឈ្មោះ ស្រី ស៊ី​ណា ក៏​បាន​ដក​កាំភ្លើងខ្លី ដែល​សៀត នឹង​ចង្កេះ​បញ្ចូល​គ្រាប់ បាញ់​ទៅ​លើ​ឈ្មោះ ឡុ​ង លី​សុង ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ឃើញ​សភាព​ដូច្នេះ​ឈ្មោះ ឃី​ន ក​ញ្ច​នា បាន​ស្ទុះ​ទៅ​ជួយ តែ​ត្រូវ​បាន​ឈ្មោះ ស្រី ស៊ី​ណា បាញ់​ចំនួន​០៣​គ្រាប់ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី បន្ទាប់​មក​ក៏​ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែកឯ​មនុស្ស​ប្រុស​០២​នាក់​ទៀត ដែល​នៅ​ក្នុងផ្ទះ​កើតហេតុ​ជាមួយ​គ្នា ក៏​ត្រូវ​ឈ្មោះ ស្រី ស៊ី​ណា បាញ់​សំដៅ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​រង​របួស​ដៃ និង​ជើង ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា បាន​ចាកចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ហើយ​បាន​សុំ​អ្នក​ជិះ​ម៉ូតូ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ ឱ្យ​ជូន​ទៅ​កន្លែង​ចត​រថយន្ត រួច​ក៏​បើក​គេចខ្លួន ។

បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ផ្អែក​លើ​មូលដ្ឋាន និង​ភស្តុ​តាង​នានា ក្នុង​សំណុំរឿង​នេះ តំណាង​អយ្យការ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​មាន​២ សំណុំរឿង ៖

សំណុំរឿង​ទី​១ ៖ ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​០២​នាក់​ស្លា​.​ប់ តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ ឃា​.​ត​កម្ម និង​បទ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

សំណុំរឿង​ទី​២ ៖ ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​០២​នាក់ រង​របួស តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ឃា​.​ត​កម្ម និង​បទ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

បន្ទាប់​ពី​តំណាង​អយ្យការ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ខ្មាន់កាំភ្លើង​ជា​ផ្លូវការ​ហើយ នា​ថ្ងៃ​ដដែល​នោះ សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ ក៏​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​កាត់ក្តី នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ