ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ជាមុខសញ្ញាវាយប្ល.ន់យ៉ាងសកម្ម ក្នុងក្រុងតាខ្មៅ ។
ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវង្វង់មូលតាខ្មៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា មានករណីវាយប្ល.ន់មួយបានកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះ បានឌុបសង្សារទៅហូបអីនៅសួនច្បារតាខ្មៅ បន្ទាប់មក ក៏បានជិះត្រឡប់ទៅផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ វិញ។ លុះជិះមកដល់មុខក្លោងទ្វារវត្តក្របៅតាមផ្លូវលេខ២១ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក៏ស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេរី ២០២៤ ពណ៌ខ្មៅ ដោយអ្នកបើកមានកាន់ដែកទីបមួយកំណាត់ បានជិះដេញវាយពីក្រោយ ធ្វើឲ្យជនរងគ្រោះភ័យ បានបើកម៉ូតូរត់ហើយស្រែកឲ្យគេជួយ ពេលនោះក៏បានជួបនឹងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និងប៉ុស្តិ៍រកាខ្ពស់កំពុងល្បាតតាមផ្លូវ ក៏បានជិះដេញតាមរហូតដល់មុខវត្តឈូងលាភ បណ្តាលឲ្យម៉ូតូជនសង្ស័យដួល ។
សមត្ថកិច្ច បន្តថា កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌការិយាល័យកម្រិតធ្ងន់ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត ឈ្មោះ ទិត្យ តុងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជាម្ចាស់ម៉ូតូ ដែលបានផ្តល់មធ្យោបាយឲ្យក្រុមជនសង្ស័យទាំងនោះ ជិះធ្វើសកម្មភាព ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ក្រុមជនសង្ស័យបានចំនួន០២នាក់ រួមមាន ៖ ១.ឈ្មោះ ផល លាងសេង ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ ទិត្យ តុងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ សុង សំណាង ហៅអាខ្មៅ.អាឡេវ ភេទប្រុស អាយុ១៧ឆ្នាំ(គេចខ្លួន) និង៤.ឈ្មោះ សឿន ភេទប្រុស អាយុ១៧ឆ្នាំ ។
ក្រោយពីឃាត់មកសួរនាំរួច ជនសង្ស័យបានឆ្លើយសាភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀតមានឈ្មោះ សុង សំណាង ហៅអាខ្មៅ ពិតជាបានយកម៉ូតូរបស់ឈ្មោះ ទិត្យ តុងហៃ ធ្វើសកម្មភាពប្លន់ ចំនួន៣ករណី រួមមាន ៖
ករណីទី១ ៖ ប្រហែល២ខែមុន វេលាម៉ោង៤ភ្លឺ នៅផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើសកម្មភាពយកខ្សែក្រវ៉ាត ដេញវាយប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពីជនរងគ្រោះខាងលើប្រាកដមែន ។
ករណីទី២ ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ភ្លឺ នៅស្ពានព្រែកសំរោង ភូមិជុំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើសកម្មភាពប្រើដាវ ចេញកាប់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២៣ ។
ករណីទី៣ ៖ នាំគ្នាជិះម៉ូតូយកដែកទីប ដេញវាយប្លន់យកម៉ូតូពីជនរងគ្រោះខាងលើប្រាកដមែន ចំណែកដែកទីបបានបោះចោលតាមផ្លូវបាត់ហើយ ។ ហើយឈ្មោះ សឿន មិនបានមកជាមួយទេ គឺនៅចាំទទួលម៉ូតូ ដែលប្លន់បាន រងចាំនៅចំណុចរង្វង់មូលតាខ្មៅ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ កម្លាំងសមត្ថកិច្ច នឹងបើកការស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ