ថៃ និងវៀតណាមបានផលអ្វីខ្លះពីវត្តមាន CEO ក្រុមហ៊ុនខ្នាតយក្សអាមេរិក Nvidia?
អន្តរជាតិ ៖ វត្តមានរបស់លោក Jensen Huang សហស្ថាបនិក ក៏ដូចជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័រខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia ទៅកាន់ប្រទេសថៃ…
អន្តរជាតិ ៖ វត្តមានរបស់លោក Jensen Huang សហស្ថាបនិក ក៏ដូចជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័រខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia ទៅកាន់ប្រទេសថៃ…
អន្តរជាតិ ៖ វត្តមានរបស់លោក Jensen Huang សហស្ថាបនិក ក៏ដូចជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័រខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia ទៅកាន់ប្រទេសថៃ និងវៀតណាម ដើម្បីប្រែក្លាយប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ទាំងពីរទៅជាមជ្ឈមណ្ឌល និងជាទឹកដីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែធ្នូ បានឱ្យដឹងថា លោក Jensen Huang ដែលមានវត្តមានក្នុងប្រទេសថៃ បានថ្លែងថា ប្រទេសថៃអាចក្លាយជាទឹកដីនៃបញ្ញាសិប្បនិមិត្ត AI ដោយបង្កើតផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ ថ្លែងកាលពីថ្ងៃពុធកន្លងទៅ នៅឯពិធីបើកដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដោយក្រុមហ៊ុន Siam.AI Cloud ដែលជាដៃគូក្រុមហ៊ុន Nvidia ដំបូងបង្អស់របស់ប្រទេសថៃ លោក Jensen Huang បានគូសបញ្ជាក់ថា AI នឹងនៅគ្រប់ទីកន្លែងក្នុងរយៈពេលបីឆ្នាំខាងមុខ។
ក្រុមហ៊ុន Siam.AI Cloud ក៏បានប្រកាសអំពីភាពជាដៃគូដ៏ទូលំទូលាយជាមួយស្ថាប័នឈានមុខគេ ដើម្បីជំរុញការផ្លាស់ប្តូរប្រព័ន្ធឌីជីថលជាតិជាមួយនឹងគម្រោង «អធិបតេយ្យភាព AI» ដោយសំដៅលើសមត្ថភាពរបស់ប្រទេសថៃអាចគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យ ពលកម្មការងារ និងបណ្តាញអាជីវកម្មបានដោយខ្លួនឯង។
Siam AI Cloud គឺជាក្រុមហ៊ុន Cloud AI ដែលអភិវឌ្ឍន៍លើភាសា AI ដំបូងគេនៅក្នុងប្រទេសថៃ ជាមួយគំរូធំក្នុងស្រុក OpenThai GPT ដែលនេះជាពេលវេលាដ៏អស្ចារ្យមួយខណៈមានប្រទេសតែ២០ប៉ុណ្ណោះលើពិភពលោក ដែលអាចបានធ្វើបែបនេះ។ លោក Huang បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ AI មិនត្រូវការថវិកាដ៏ច្រើនក្នុងការសាងសង់នោះទេ ជារឿយៗមានត្រឹមតែរាប់រយពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាអាចជួយជំរុញផលិតផលក្នុងស្រុកសរុប ឬ GDP ប្រទេសមួយបានយ៉ាងច្រើន។ ហើយដើម្បីដោះសោថាមពលហេដ្ឋារចនាសម្ព័ន្ធ AI ប្រទេសថៃចាំបាច់ត្រូវបណ្តុះមនុស្សជំនាន់ក្រោយទៅជាកម្លាំងការងារនាពេលអនាគត។
ក្រុមហ៊ុន Nvidia បានចាប់ដៃគូជាមួយសាកលវិទ្យាល័យថៃចំនួន ៤០ និgគាំទ្រដល់ការចាប់ផ្តើមក្រុមហ៊ុនអាជីវកម្ម AI ជិត ៦០ ដើម្បីឱ្យសាលារៀន និងក្រុមហ៊ុន/សហគ្រាស ដែលមានស្រាប់អាចទទួលបានលទ្ធភាពប្រើប្រាស់ប្រ័ពន្ធ AI ។ លោក Huang បានស្នើថា ដើម្បីអភិវឌ្ឍ AI នៅក្នុងប្រទេសថៃ ប្រទេសនេះត្រូវការកុំព្យូទ័រទំនើប AI ដែលមានផ្នែករឹងចាំបាច់ ដើម្បីគាំទ្រដល់ការរីកចំរើនរបស់វិស័យ AI ។
ក្រឡេកទៅសារព័ត៌មានវៀតណាម VnExpress ឯណោះវិញ នៅថ្ងៃទី៦ ខែធ្នូ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) និងលោក Jensen Huang ប្រធាននាយកប្រតិបត្តិ Nvidia កាលពីថ្ងៃព្រហស្បតិ៍បានធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI និងមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាម។
នៅក្នុងជំនួបពិភាក្សាការងារក្នុងប្រទេសវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណដល់លោក Jensen Huang ដែលបាននាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះភាពជាដៃគូរវាង Nvidia និងវៀតណាម។ លោកថែមទាំងលើកសរសើរនាយកប្រតិបត្តិ Nvidia ចំពោះការដឹកនាំប្រកបដោយបញ្ញា និងតួនាទីសម្រេចចិត្តក្នុងការបង្កើតការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ដើម្បីប្រែក្លាយវៀតណាមទៅជាផ្ទះទីពីររបស់ខ្លួន។ នាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា «យើងបានជួបគ្នា៣ដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ដែលបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពស្មោះត្រង់ និងការសហការគ្នា»។
នាយករដ្ឋមន្ត្រីវៀតណាមក៏បានអំពាវនាវក្រុមហ៊ុន Nvidia សហការ និងគាំទ្រវៀតណាមនៅក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ សេវា Cloud Computing បណ្តាញនៃប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការរុករកអវកាស និងបច្ចេកវិទ្យាក្រោមបាតសមុទ្រផងដែរ។លោកបានធានាចំពោះក្រុមហ៊ុន Nvidia ពីការបន្តការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ នៅក្នុងគោលការណ៍នៃផលប្រយោជន៍ដែលចុះសម្រុងគ្នា និងហានិភ័យរួម។
ដោយឡេក លោក Jensen Huang បានថ្លែងថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍន៍ AI ដែលត្រូវបានអនុវត្តកាន់តែខ្លាំងឡើងក្នុងវិស័យសេដ្ឋកិច្ចសង្គមវៀតណាម។ ហើយនៅក្នុងនោះ លោក និងក្រុមហ៊ុនរបស់លោកបានប្តេជ្ញាចិត្តជានិច្ចក្នុងនាមជាមិត្ត និងជាដៃគូរបស់វៀតណាមក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន៕ ប្រភព ៖ Bangkok Post និង VnExpress







ចែករំលែកព័តមាននេះ