- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរបរទេសទាំងតាមអាកាស និងតាមផ្លូវគោកឆ្លងព្រំដែនរវាងប្រទេសជិតខាងជាពិសេស គឺថៃ និងវៀតណាម គឺឃើញមកវិញបណ្តើៗហើយ ។ ដូច្នេះគ្រប់គ្នាគួរតែស្អំចិត្ត និងអន្ទង…
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរបរទេសទាំងតាមអាកាស និងតាមផ្លូវគោកឆ្លងព្រំដែនរវាងប្រទេសជិតខាងជាពិសេស គឺថៃ និងវៀតណាម គឺឃើញមកវិញបណ្តើៗហើយ ។ ដូច្នេះគ្រប់គ្នាគួរតែស្អំចិត្ត និងអន្ទង…
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរបរទេសទាំងតាមអាកាស និងតាមផ្លូវគោកឆ្លងព្រំដែនរវាងប្រទេសជិតខាងជាពិសេស គឺថៃ និងវៀតណាម គឺឃើញមកវិញបណ្តើៗហើយ ។ ដូច្នេះគ្រប់គ្នាគួរតែស្អំចិត្ត និងអន្ទង ពួកគេឲ្យបន្តមកពោល គឺធ្វើយ៉ាងណាអ្នកធ្លាប់មក គឺចង់មកជាថ្មីហើយអ្នកមិនទាន់មក គឺទាក់ទាញចិត្តពួកគេឲ្យមក ។
នៅព្រំដែនជាមួយនឹងវៀតណាមជាពិសេស គឺច្រកបាវិតនៅតាមឡានក្រុងភ្ជាប់ពីហូជីមិញមកកម្ពុជា គឺរថយន្តក្រុងនីមួយៗ សឹងតែគ្រប់ជើង គឺមានវត្តមានភ្ញៀវអឺរ៉ុបជានិច្ច ហើយនៅខាងប៉ោយប៉ែត ដែលជាប់នឹងប្រទេសថៃក៏ឃើញមានពួកគេធ្វើដំណើរកម្សាន្តមកកម្ពុជាជាបន្តបន្ទាប់។
មន្ត្រីប៉ូលិសឥន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនបាវិត ដែលកំពុងប្រមូលលិខិតឆ្លងដែនពីអ្នកដំណើរបានបង្ហើបឲ្យដឹង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះថា រថយន្តក្រុងដែលមកដល់បាវិតតាំងពីម៉ោង៨ព្រឹកដល់ម៉ោង៥ ល្ងាច គឺភាគច្រើនសុទ្ធតែពួកច្រមុះស្រួច ។ លោកបានបញ្ជាក់ថា «ខ្មែរ និងវៀតណាម ចេញចូលធម្មតា តែអឺរ៉ុបពួកគេចាប់ផ្តើមមកវិញហើយតាំងពីស្ងាត់កូវីដ១៩ កន្លង ។ ជាពិសេស គឺតាំងពីខែវិច្ឆិកា មក គឺចាប់ផ្តើមឃើញមានច្រើនពេលខ្លះកន្លះឡាន សុទ្ធតែពួកអ្នកទេសចរច្រមុះស្រួចទាំងអស់ »។
ក្រៅពីនៅព្រំដែនបាវិត នៅខាងព្រំដែនប៉ោយប៉ែតជាប់ថៃក៏មិនធម្មតាដែរ ។ អ្នកស្រី មុំ ចាន់ ដែលជា អាជីវករលក់ភេសជ្ជៈនៅម្តុំរង្វង់មូលប៉ោយប៉ែតបានឲ្យដឹងថា មួយរយៈនេះឃើញពួកបារាំង (ភ្ញៀវទេសចរបស្ចឹមប្រទេសមកច្រើនគួរ សម ។ អ្នកស្រីបានបញ្ជាក់ថា «តាំងពីខែមុនមកដល់ពេលនេះពួកបារាំងឃើញចេញចូលច្រើនខុសពីធម្មតា » ។
នៅខាងសៀមរាប ឯណោះក៏មានសេចក្តីរាយការណ៍ប្រហាក់ប្រហែលគ្នានេះដែរដោយ លោក ទេព បុរី ដែលជាអ្នកបើករថយន្តហ្គ្រេបមួយរូបបានឲ្យដឹងថា ភ្ញៀវទេសចរបរទេសឥឡូវ ជាពិសេស គឺអឺរ៉ុបមកច្រើនចុងឆ្នាំនេះ ។ លោកបានបន្តថា ទោះបីជាភ្ញៀវទេសចរពួកគេមិនមកច្រើនដូចកាលពីសម័យមុនកូវីដ១៩ ក៏ពិតមែន ប៉ុន្តែឃើញថា ចុងឆ្នាំនេះកើនគួរសម ។ តាមប្រាសាទ តាមផាប់ស្ទ្រីតអី គឺសុទ្ធតែពួកអឺរ៉ុប ។ ដោយឡែកចិនក៏ប្រទះច្រើនដែរតែដូចជាមិនសូវអ៊ូអរដូចជាពេលមុន ។ លោកបានបញ្ជាក់ថា «ភ្ញៀវ ហៅតាមហ្គ្រេបទៅដឹក និងជូនទៅព្រលានច្រើនគួរសមដែរឥឡូវ » ។
ពាក់ព័ន្ធនឹងបញ្ហានេះ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ នេះតំបន់អង្គរបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបជិត៩០ម៉ឺននាក់កើនឡើងប្រមាណជាជាង២៨ភាគរយជាមួយនឹងចំណូលប្រមាណជាជិត ៤២លានដុល្លារ ហើយអ្នកទេសចរដែលច្រើនជាងគេ គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង និងចិន ។ ដោយឡែក អ្នកទេសចរថ្នាក់ជាតិដែលគេទើបតែកត់ត្រាបាន១០ខែវិញបង្ហាញថា កម្ពុជាអាចទាក់ទាញភ្ញៀវសរុបប្រមាណជា៥,៣ លាននាក់ កើនឡើង២២ ភាគរយ។
ផ្អែកតាមស្ថិតិនេះ ឃើញថា វិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមមានដង្ហើម ដើម្បីដកវិញហើយក្រោយពេលថប់ដង្ហើមប្រមាណជាជាង៣ឆ្នាំចាប់តាំងពីកូវីដ១៩មក ។ នៅពេលដែលភ្ញៀវទេសចរមកវិញបែបនេះសង្ឃឹមថា អ្នកដែលពាក់ព័ន្ធលើគ្រប់វិស័យត្រូវតែបង្កលក្ខណៈងាយស្រួល និងត្រឹមត្រូវហើយកុំគិតតែបញ្ហាផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងផលប្រយោជន៍ជាតិ ។
សម្រាប់អ្នកដែលផ្តល់សេវាកម្មនានាវិញ គឺគួរតែប្រកាន់យកអាកប្បកិរិយាបីកុំ ពោលគឺ «កុំកាប់ កុំកេង កុំកោរ» អ្នកទេសចរ ។ នៅពេលនេះកុំថាឡើយវៀតណាម និងថៃ សូម្បីតែម៉ាឡេស៊ី និងឥណ្ឌូនេស៊ីក៏ដូចជា ប្រទេសនានាដោយរួមទាំងប្រទេសអ្នកមានស្រាប់មានតាំងពីចិន និងជប៉ុនជាដើម គឺកំពុងតែយកចិត្តទុកដាក់លើការបំពេញចិត្តភ្ញៀវទេសចរ ។ នៅពេលនេះ ចរន្តសេដ្ឋកិច្ចពិភពលោក គឺនៅមន្ទិល ហើយអ្នកទេសចរនានាដែលសម្រេចចិត្តចំណាយលុយរបស់គេមកលេងនៅក្នុងស្រុកយើងនេះចាំបាច់គឺត្រូវតែផ្តល់ភាគកក់ក្តៅដល់ពួកគេធ្វើយ៉ាងណាទទួលស្វាគមន៍ពួកគេប្រកបដោយសេវាកម្មដ៏ប្រសើរ ។
នៅក្នុងករណីពួកគេល្មើសច្បាប់វា គឺជារឿងមួយ តែការដែលពួកគេមកលេងហើយសប្បាយទទួលបានភាពកក់ក្តៅ នៅពេលដែលពួកគេត្រឡប់ទៅពួកគេអាចនឹងនិទានរឿងល្អៗពីកម្ពុជាហើយក៏អាចនឹងនឹងភ្នកចងត្រឡប់មកលេងនៅកម្ពុជា នៅពេលក្រោយទៀតរឹតតែល្អប្រសើរ ។ នៅពេលនេះគេក៏ប្រឹងយើងក៏ប្រឹង ។ ដូច្នេះ តែយើងប្រហែស គេធ្វើល្អជាងយើងនោះ ភ្ញៀវនឹងទៅគេ ។ កុំភ្លេចថា គេមានលុយគេឫកធំបន្តិចហើយ ។ គេចង់ដើរលេងកន្លែងណាដែលសប្បាយ ពួកគេមានកិត្តិយស មានភាពថ្លៃថ្នូរ សុខភាព បរិបូរណ៍ ។ ដូច្នេះគ្រប់គ្នាត្រូវតែរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងស្រុកយើង ។ ដង្ហើមវិស័យទេសចរណ៍កម្ពុជា គឺស្ថិតនៅលើទង្វើរបស់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ