ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបញ្ចូលក្រមាខ្មែរក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៅអង្គការយូណេស្កូជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បញ្ចូល​ក្រមា​ខ្មែរ​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បញ្ចូល​ក្រមា​ខ្មែរ​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ។

យោង​តាម​បណ្ដាញ​សង្គម​នា​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ បាន​សរសេរ​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​នាម​ព្រឹទ្ធសភា​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ទីក្រុង អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាម​រយៈ​សេចក្ដីសម្រេច​19.COM 7.b.27 ។

សម្ដេច​តេ​ជោ បន្ត​ថា ការ​ចុះបញ្ជី​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល ។ នេះ គឺជា​ការ​ផ្តល់​នូវ​តម្លៃ​ចំពោះ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ថែរក្សា ការពារ និង​លើកតម្កើង​គុណ​តម្លៃ «​ក្រមា​» ទុកជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ ។ ក្នុង​ឱកាស​ដ៏​មហាប្រសើរ​នេះ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​វិសេសវិសាល​ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ព្រះ​អង្គ​ទ្រង់​តែង​ប្រោស​ព្រះ​រាជទាន​នូវ​ការ​គាំទ្រ​ជា​និច្ចកាល​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជា​ពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ងាយ​ប្រឈម​នឹង​ការ​បាត់បង់ ។

ក្នុង​ឱកាស​នេះ សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុកជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ