ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ចំនួន​បី​រូប​ទៀត​ត្រៀម​ដាក់​ពាក្យ​ចុះ​ចេញ​ពី​តំណែង

1 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​​ខាង​ត្បូង​ប្រកាស​លាលែង​ពី​តំណែង​រួច​មក​ រដ្ឋ​មន្ត្រី​ដទៃ​ទៀត​នៅ​ក្នុ​ងរដ្ឋា​ភិ​បាល​របស់​លោក​យូន​ស៊ុក​យូល​ត្រៀម​​ដាក់​ពាក្យ​លា​លែង​​ជា​បន្ត​បន្ទាប់​​។ នៅ​ពេល​​នេះ លោក​យូន​​ខ្លួន​ឯង​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ក្រុម​ប្រឆាំង​ និង​មហា​ជន​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ដោយ​សារ​តែ​ទង្វើ​ខុស​ឆ្គង​របស់​គាត់​ដែល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​​​។ ទោះ​បី​​ក្រោយ​មក​ លោក​បាន​​​លុប​ចោល​ច្បាប់​នោះ​វិញ​ ប៉ុន្តែ​អំពើ​ដែល​បាន​សាង​​រួច​ទៅ​ហើយ​​មិន​អាច​​បង្វិល​ពេល​វេលា​ឱ្យ​​ថយ​ក្រោយ​វិញ​ឡើយ​។​​ ពាក្យ​ចាស់​ថា​ជ្រុល​ក្បាល​ក្រពើ​។​​…

ទី​ក្រុង​សេអ៊ូល៖ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​​ខាង​ត្បូង​ប្រកាស​លាលែង​ពី​តំណែង​រួច​មក​ រដ្ឋ​មន្ត្រី​ដទៃ​ទៀត​នៅ​ក្នុ​ងរដ្ឋា​ភិ​បាល​របស់​លោក​យូន​ស៊ុក​យូល​ត្រៀម​​ដាក់​ពាក្យ​លា​លែង​​ជា​បន្ត​បន្ទាប់​​។ នៅ​ពេល​​នេះ លោក​យូន​​ខ្លួន​ឯង​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ក្រុម​ប្រឆាំង​ និង​មហា​ជន​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ដោយ​សារ​តែ​ទង្វើ​ខុស​ឆ្គង​របស់​គាត់​ដែល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​​​។

ទោះ​បី​​ក្រោយ​មក​ លោក​បាន​​​លុប​ចោល​ច្បាប់​នោះ​វិញ​ ប៉ុន្តែ​អំពើ​ដែល​បាន​សាង​​រួច​ទៅ​ហើយ​​មិន​អាច​​បង្វិល​ពេល​វេលា​ឱ្យ​​ថយ​ក្រោយ​វិញ​ឡើយ​។​​ ពាក្យ​ចាស់​ថា​ជ្រុល​ក្បាល​ក្រពើ​។​​ ​​​នៅ​សុខ​ៗ​ លោក​យូន​ស៊ុក​យូល​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​ជាតិ​​គ្មាន​អាសន្ន​អន្ធ​ក្រ​គួរ​ឱ្យ​កត់​សម្គាល់ទេ​​។ ​លោក​​ទទួ​លបាន​ការ​គាំទ្រ​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​។

​ឥឡូវ​នេះ ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ហិរញ្ញ​វត្ថុ និង​យុត្តិ​ធម៌​នៅ​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ដទៃទៀត​ត្រៀម​ចុះ​ចេញ​ពី​តំណែង​ដោយ​សារ​តែ​ពួក​គេ​មិន​អាច​តស៊ូ​ទទួ​លយក​សេច​ក្ដី​អាម៉ាស់​ និង​បន្ត​ធ្វើ​ការ​ជា​មួយ​លោក​យូន​ស៊ុក​យូល​ត​ទៅ​ទៀត​បាន​។ ម៉្យាង​ទៀត​ ពួក​គេ​យល់​ថា​មាន​តែ​ការ​ចុះ​ចេញ​ពី​តំណែង​ទេ​ទើប​អាច​លុប​លាង​កំហុស​នេះ​បាន​។​

ក្រុម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​ពាក្យ​ស្នើ​សុំ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​ទៅ​សភា​រួច​ហើយ​បន្ទាប់​ពី​មាន​ភាព​ចលាចល​មួយ​គ្រា​កាល​ពី​ថ្ងៃ​អង្គារ​។ គេ​រំពឹង​ថា​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​សុក្រ ឬ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ សភា​នឹង​កោះ​ប្រជុំ​ដើម្បី​ពិនិត្យ និង​សម្រេច​ទៅ​លើ​ការ​ស្នើ​សុំ​នោះ​។ ​អ្នក​ដែល​​ចេញ​មុខ​ប្រឆាំង​នឹង​ច្បាប់​អាជ្ញា​សឹក​ខ្លាំង​ជាង​គេ​គឺ​​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​​​។ ពួក​គេ​​ចោទ​ប្រកាន់​ថា​លោក​យូន​ស៊ុក​យូល​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​។​ ដូច្នេះ​ គាត់​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​។​

សូម​រំលឹក​ថា​កាល​ពី​ក្បាល​ព្រលប់​ថ្ងៃ​អង្គារ​ លោក​យូន​ស៊ុក​យូល​ធ្វើ​ឱ្យ​គេ​ស្រឡាំង​កាំង​គ្រប់​ៗ​គ្នា​នៅ​ពេល​លោក​ថ្លែង​សុន្ទរ​ក​ថា​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​តាម​កញ្ចក់​ទូរ​ទស្សន៍​អំពី​ការ​សម្រេច​ចិត្ត​​ប្រើ​ច្បាប់​អាជ្ញា​សឹក​។ នៅ​ក្នុង​សុន្ទរ​កថា​នោះ លោក​ចោទ​ប្រកាន់​ថា​ក្រុម​ប្រឆាំង​មាន​សមាន​ចិត្ត​ចំពោះ​កូរ៉េ​ខាង​ជើង​ និង​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ជា​និច្ច​។ លោក​អះ​អាង​ថា​ការ​ប្រើ​ច្បាប់​អាជ្ញា​សឹក​ដើម្បី​កម្ទេច​ក្រុម​គាំទ្រ​កូរ៉េ​ខាង​ជើង​ និង​ការពារ​សេរី​ភាព​ប្រកប​ដោយ​សណ្ដាប់​ធ្នាប់​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​។​​

​មិន​យូរ​ប៉ុន្មាន​ រដ្ឋ​សភា​​បោះ​ឆ្នោត​ជំទាស់​​នឹង​ច្បាប់​អាជ្ញា​សឹក​​​ និង​បង្គាប់​ឱ្យ​លោក​យូន​ស៊ុក​យូល​លុប​ចោល​ច្បាប់​នោះ​វិញ​ជា​បន្ទាន់​។ រហូត​ដល់​ព្រឹក​​ថ្ងៃ​ពុធ​​​ទើប​លោក​ប្រកាស​​លុប​ចោល​ជា​ផ្លូវ​ការ​។ សូម្បី​តែ​ប្រធាន​ «គណ​បក្ស​អំណាច​ប្រជា​ជន» ​របស់​លោក​យូន​ស៊ុក​យូល​ក៏​​ស្នើ​សុំ​​ឱ្យ​លោក​ពន្យល់​មូល​ហេតុ​នៃ​ការ​ប្រើ​ច្បាប់​អាជ្ញា​សឹក​ផង​ដែរ​​។ ប្រធាន​គណ​បក្ស​រូប​នេះ​បាន​ស្នើ​សុំ​ឱ្យ​ដក​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ពី​បទ​បង្ក​ភាព​វឹក​វរធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​គីម​យ៉ុង​យុន (Kim Yong-hyun) ធ្លាប់​ជា​​មេ​អង្គ​រក្ស​​របស់​លោ​កយូន​ស៊ុក​យូល​ និង​ជា​ជំនួយ​ការ​ដ៏​ជំ​និត​ម្នាក់​​របស់​លោក​យូន​។ លោក​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ប៉ុណ្ណោះ​។ ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា​រដ្ឋ​មន្ត្រី​រូប​នេះ​ហើយ​ជា​មេ​គំនិត​ និង​ជា​អ្នក​ជូន​យោ​បល់​​ទៅ​លោក​​យូន​ស៊ុក​យូល​ដើម្បី​​​ប្រើ​ច្បាប់​អាជ្ញា​សឹក​៕​​​

នេះ​ហើយ​ជា​មេ​ខ្លោង​ដែល​នាំ​ឱ្យ​លោក​យូន​ស៊ុក​យូល​ធ្លាក់​ទឹក​។ គាត់​ជា​អ្នក​ជូន​យោបល់​ឱ្យ​ប្រើ​ច្បាប់​អាជ្ញា​សឹក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ