ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមា​ខ្មែរ ត្រូវបានចុះក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់អង្គការ​យូ​ណេ​ស្កូ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រមា​ខ្មែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈ​ក​ម្មា​ការ​អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ទី​៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រមា​ខ្មែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈ​ក​ម្មា​ការ​អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ ។

សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអោយ​ដឹង​ថា “​ក្រមា​” ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាម​រយៈ​សេចក្ដីសម្រេច​19.COM 7.b.27 ។

“​ក្រមា​” គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ពេល​កើត​រហូត​ដល់​ពេល​ស្លាប់ ដោយ​ប្រជាជន​និយម​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេង​ៗ​ដូច​ជា គ្របដណ្តប់​ខ្លួន តុបតែង​លម្អ ច្នៃ​ជា​សម្លៀក​បំពាក់​គ្រប់​ទម្រង់ បាំង​កម្ដៅ​ព្រះអាទិត្យ ចង​ជា​អង្រឹង​ក្មេង សម្រាប់​ជូត​ខ្លួន និង​ប្រើប្រាស់​ក្នុង​ពិធី​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​សាសនា​ជាដើម​។​ល​។

កន្លង​មក​កម្ពុជា បាន​ដាក់​បញ្ចូល​មរតក​វប្បធម៌​ជាតិ​ផ្នែក​អរូបី ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​ជា​បន្តបន្ទាប់ សរុប​ចំនួន​៦ មរតក រួច​មក​ហើយ​។ “​ក្រមា​” គឺជា មរតក​វប្បធម៌​អរូបី​ទី​៧ ដែល​កម្ពុជា​បាន​ដាក់​បញ្ចូល​ដោយ​ជោគជ័យ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​។ ទាំង​អស់នេះ គឺជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​អភិរក្ស ថែរក្សា ការពារ មរតក​វប្បធម៌​ជាតិ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ ។

យើងខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចង្អុលបង្ហាញ គាំទ្រ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​វិស័យ អភិរក្ស ការពារ និង​អភិវឌ្ឍ​មរតក​វប្បធម៌​ជាតិ​។ យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ក្រុមការងារ​ជំនាញ អង្គការ សហគមន៍​តម្បាញ​ទូ​ទាំង​ប្រទេស ដែល​បាន​ជួយ​ជ្រោមជ្រែង កសាង​ឯកសារ​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចូល “​ក្រមា​” ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ ដែល​ជា​មោទនភាព​ថ្មី​បន្ថែម​សម្រាប់​ជាតិខ្មែរ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ