ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតីចិន នឹងទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជានៅពេលខាងមុខ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នោះ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​នឹង​ទស្សនកិច្ច​ជា​ថ្មី​ម្តងទៀត…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នោះ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​នឹង​ទស្សនកិច្ច​ជា​ថ្មី​ម្តងទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ជួប​ជាមួយ​ឯកឧត្តម​ស៊ី​ង ជី​ន​ពីង​ប្រធានាធិបតី​ចិន នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​តេ​ជោ បាន​អញ្ជើញ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​ថ្មី​ម្តងទៀត​នៅ​កម្ពុជា ដើម្បី​ឯកឧត្តម​បានឃើញ​នូវ​សមិទ្ធផល​យ៉ាងច្រើន​នៅ​កម្ពុជា​ធៀប​នឹង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម កាលពី​ឆ្នាំ​២០១៦ ។

ជា​កិច្ច​ឆ្លើយ​តប​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង បាន​ឯកភាព​ចំពោះ​ការ​វាយតម្លៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន របស់​សម្តេច​តេ​ជោ ។ ឯកឧត្តម ស៊ី ជី​ន​ពីង ក៏​បាន​លើក​ឡើង​ថា ប្រទេស​ចិន និង​កម្ពុជា​នឹង​បន្ត​ពង្រឹង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​មិត្ត​ដែកថែប ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម ស៊ី ជី​ន​ពីង ក៏​បាន​លើក​ឡើង​អំពី​ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​បទ​ពិសោធ​ក្នុង​ការ​កសាង​គណបក្ស​រៀង​ៗ​ខ្លួន និង​បាន​គូសបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ​ដោយសារ​សម្តេច​តេ​ជោ រីឯ​គណបក្ស​កុម្មុយនីស្ត​ចិន ក៏​បាន​ធ្វើការ​ពង្រឹង​គណបក្ស​ឱ្យ​កាន់តែ​រឹង​មាំ​ឡើងជា​លំដាប់​ផង​ដែរ ។

ឯកឧត្តម បាន​បន្ថែម​ថា ប្រទេស​ចិន និង​កម្ពុជា ត្រូវ​ចាប់​យក​ឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ថ្មី នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កំណែទម្រង់ និង​អភិវឌ្ឍ​បែប​ថ្មី​នៃ​ការ​សម្រេចការ​កសាង​សហគមន៍​ជោគវាសនា​រួម ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ការ​កសាង​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​ច្រករបៀង​មច្ឆា និង​អង្ករ ។

ឯកឧត្តម ស៊ី ជី​ន​ពីង ក៏​បាន​ជំរុញ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​បញ្ច​-​កោណ​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ថ្មី ។ ឯកឧត្តម ស៊ី ជី​ន​ពីង មាន​ក្តី​សប្បាយ​រីករាយ ដែល​កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​-​ចិន​នឹង​បន្ត​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ដោយ​កម្ពុជា​ជា​គោលដៅ​ពេញ​និយម​សម្រាប់​ទេសចរ​ចិន ។ ឯកឧត្តម ស៊ី ជី​ន​ពីង បាន​បន្ថែម​ថា កម្ពុជា​-​ចិន​មាន​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដោះស្រាយ​ភាព​ស្មុគស្មាញ​នៃ​ស្ថានការណ៍​អន្តរជាតិ ហើយ​ភាគី​ចិន​គាំទ្រ​តួនាទី​កាន់តែ​សកម្ម​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។

ជា​ចុង​ក្រោយ ឯកឧត្តម ស៊ី ជី​ន​ពីង រីករាយ នឹង​ទទួល​ការ​អញ្ជើញ​របស់ សម្តេច​តេ​ជោ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តាម​ពេលវេលា​សម​ស្រប​នា​ពេល​ខាង​មុខ ។ ឯកឧត្តម ស៊ី ជី​ន​ពីង សូម​សម្តេច​តេ​ជោ ពាំនាំ​នូវ​សេចក្តី​សួរសុខទុក្ខ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ជូនពរ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ប្រកបដោយ​ជោគជ័យ និង​ស្នាក់​នៅ​ប្រទេស​ចិន​ដោយ​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ