ប្រព័ន្ធដឹកជញ្ជូនផ្លូវដែករបស់កម្ពុជា បានបង្ហាញសញ្ញានៃវឌ្ឍនភាពក្នុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែមានភាពយឺតយ៉ាវហើយនៅមិនទាន់អាចប្រៀបធៀបជាមួយនឹងប្រទេសនានាបានតែម្តង នៅក្នុងតំបន់អាស៊ាន ។
នៅក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន វិស័យផ្លូវដែកកម្ពុជាក្រៅពីចាស់ហើយ គឺវានៅតូច ហើយទន់ខ្សោយមែនទែន ខណៈដែលឡាវដែល១០ឆ្នាំមុនមិនមានផ្លូវដែកសោះនៅពេលនេះ គេមានរហូតដល់ផ្លូវដែកល្បឿនលឿនភ្ជាប់ទៅចិន និងទៅថៃយ៉ាងទូលំទូលាយតែកម្ពុជាត្រឹមតែតភ្ជាប់ទៅថៃ នៅមិនទាន់អាចធ្វើបាននៅឡើយទេ ។
កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានម្តងរួចមក ហើយឲ្យក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បង្កើនសកម្មភាពអភិវឌ្ឍន៍សេវាកម្មដោយគំរាមដកអាជ្ញាប័ណ្ណផងដែរ ហើយនៅពេលនេះបានកំពុងតែដាក់ឲ្យសាកល្បងសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមរថយន្តភ្លើងជជុះដែលនាំចូលពីជប៉ុន ។
នៅដើមខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងធ្វើសម្បទានលើសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកនេះក៏បានប្រកាសថា ខ្លួនទើបតែទទួលសមាជិកថ្មីជាទូរថភ្លើងដឹកទំនិញចំនួន៦០គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អប្រសើរជាងមុន ។ ក្រុមហ៊ុនបានប្រកាសថា ទូរថភ្លើងទាំងនេះបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ និងបានលើកចុះពីនាវាបានដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤ ។
ប្រភពដដែលបានអួតថា ទូរថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់ ។ រថភ្លើងដឹកទំនិញទាំងនេះមានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិនត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង ។ ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើងក៏ដូចជា សម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស ។
សូមបញ្ជាក់ផងដែរថា ទូរថភ្លើងដឹកទំនិញដែលនាំចូលមកថ្មីនេះនឹងត្រូវដាក់ដំណើរការអាជីវកម្មភ្លាមនៅថ្ងៃដដែល បន្ទាប់ពីធ្វើការត្រួតពិនិត្យលើប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពរួច ។ នេះគីចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ប៉ុន្តែប្រហែលជានៅមិនទាន់គ្រប់គ្រាន់នៅក្នុងការឆ្លើយតប នឹងតម្រូវការទំនើបកម្មរបស់កម្ពុជា និងសាធារណៈជនចង់បាននៅឡើយទេ ។
ជាការពិតការទទួលបាននូវទូរថភ្លើង៦០ពីប្រទេសចិន នាពេលថ្មីៗនេះ គឺជាជំហានឆ្ពោះទៅមុខសម្រាប់ក្រុមហ៊ុនដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូន និងដោះស្រាយបញ្ហាប្រឈមផ្នែកដឹកជញ្ជូនមួយចំនួនរបស់ប្រទេស ។ ទោះជាយ៉ាងណាក៏ដោយ ល្បឿននៃការអភិវឌ្ឍយឺតយ៉ាវ ក្នុងវិស័យផ្លូវដែករបស់កម្ពុជា កើតចេញពីការរួមបញ្ចូលគ្នានៃកត្តាប្រវត្តិសាស្ត្រហិរញ្ញវត្ថុ និងគោលនយោបាយជាច្រើនជំនាន់ ។
បណ្តាញផ្លូវដែករបស់ប្រទេសកម្ពុជាត្រូវបានខូចខាតយ៉ាងខ្លាំងក្នុងអំឡុងពេលជម្លោះ និងសង្គ្រាមជាច្រើនទសវត្សរ៍ ។ ការបំផ្លិចបំផ្លាញដោយសង្គ្រាម និងការទុកចោលដោយមិនមានការថែទាំត្រឹមត្រូវបានធ្វើឱ្យប្រព័ន្ធផ្លូវដែកនេះ ស្ថិតក្នុងសភាពទ្រុឌទ្រោមដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញយ៉ាងច្រើន ។
ក្រោយពេលដែលទុកចោលរាប់សិបឆ្នាំ ប្រព័ន្ធផ្លូវដែកនៅកម្ពុជាបានជួសជុលក្រោមហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឈន៍អាស៊ី និងអូស្ត្រាលីនៅក្នុងអំឡុងទស្សវត្យរ៍នៃឆ្នាំ២០១០មុន ពេលប្រគល់សម្បទានវិនិយោគសេវាកម្មនេះទៅក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ។ តាំងពីពេលនោះមកដល់ឥឡូវសេវាកម្មដឹកជញ្ជូនផ្លូវដែក និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា នៅតែដំណើរការក្រោមស្តង់ដារពិភពលោក និងតំបន់ ។ បញ្ហាដូចជា ប្រព័ន្ធសញ្ញាហួសសម័យ ល្បឿនទាប និងសមត្ថភាពដឹកជញ្ជូនមានកំណត់ មិនតែប៉ុណ្ណោះសុវត្ថិភាពក៏ជាបញ្ហារារាំងការប្រកួតប្រជែងផងដែរ ។
សរុបទៅការអភិវឌ្ឍផ្លូវដែករបស់កម្ពុជា នៅតែជាការងារដែលកំពុងដំណើរការតែទាមទារការប្តេជ្ញាចិត្តខ្ពស់ ។ ការខិតខំរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ជាបន្តបន្ទាប់តំណាងឱ្យជំហានវិជ្ជមានមួយ ប៉ុន្តែការកែទម្រង់ដ៏ទូលំទូលាយ ការវិនិយោគជាយុទ្ធសាស្ត្រ និងការសហការក្នុងតំបន់ គឺចាំបាច់ដើម្បីតាមឲ្យទាន់ប្រទេសអាស៊ានដទៃទៀត ។ ការខិតខំអភិវឌ្ឈន៍តាមរយៈការដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ និងទទួលយកឱកាសថ្មីៗកម្ពុជាត្រូវតែខិតខំបន្ថែមទៀតដើម្បីប្រែក្លាយវិស័យផ្លូវដែករបស់ខ្លួនទៅជាកត្តាជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ