រាជធានីភ្នំពេញ ៖ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការចោទប្រកាន់លើបុគ្គល២រូប៖ ១-ឈ្មោះ វ៉ាសារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយអ្នករាជការសាធារណ: តាមមាត្រា២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ ។ ២-ចោទប្រាន់ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា២៧នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សូមរំលឹកថា ៖ ឃាត់ខ្លួនចៅសង្កាត់ចោមចៅទី២ និងស្ត្រីដែលចរចារឿងលុយ ពាក់ព័ន្ធគ្រឿ.ង.ញៀ.ន
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់បុគ្គលទាំង២នាក់រួចមក សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី និងឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ សូមជម្រាបថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីម្នាក់ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយសារសំឡេងចរចាទារលុយចំនួន១លានរៀល ជាថ្នូរនឹងការមិនចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគបាលរាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួន លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានសារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះពិតជាសំឡេងរបស់គាត់ប្រាកដមែន ។ ចំណែកស្ត្រីជាម្ចាស់សំឡេងដែលនិយាយចរចាជាមួយលោកចៅសង្កាត់ចោមចៅទី២ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿងញៀនចំនួន២លើកមកហើយ ។
ជនសង្ស័យឈ្មោះ ស៊ុយ ជីវ៉ា បានឆ្លើយថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខ្លួនត្រូវបានចាប់និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។ បន្ទាប់ពីដោះលែង លោកចៅសង្កាត់ចោមចៅទី២ បានទូរស័ព្ទមកគំរាមកំហែងទារប្រាក់ពីខ្លួនចំនួន១លានរៀល ជាច្រើនលើកច្រើនសា ហើយខ្លួនមានការភិតភ័យក៏លួចថតសំឡេងលោកចៅសង្កាត់ទុក រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះលើបណ្តាញសង្គមតែម្តង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការបែកធ្លាយសារសំឡេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទរវាងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយស្ត្រីម្នាក់ ចរចាគ្នារឿងលុយកាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ។ នៅក្នុងសារសំឡេងនោះ លោកចៅសង្កាត់ចោមចៅ២ បានចរចាទារប្រាក់ពីស្ត្រីជាមុខសញ្ញាគ្រឿងញៀនរូបនោះ ហើយស្ត្រីរូបនោះថា មានតែ១០-២០ម៉ឺនរៀល ។ ក្រោយមកលោកចៅសង្កាត់បង្ខំឱ្យយក១០០ដុល្លារសិនហើយគាត់នឹងចេញឲ្យគេហូបបាយ១៥០ដុល្លារ ជាថ្នូរនឹងការមិនចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
បន្ទាប់ពីបែកធ្លាយសារសំឡេងនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមបង្ហោះចែកចាយបន្តគ្នាព្រោងព្រាត ។ ទន្ទឹមនឹងនេះ លោកចៅសង្កាត់ចោមចៅទី២ ក៏បានឆ្លើយដែរថា សារសំឡេងនោះពិតជារបស់គាត់ប្រាកដមែន ។ នៅក្នុងសារសំឡេងនោះ លោកចៅសង្កាត់បញ្ជាក់ថា ទំនងជាគាត់ស្ថិតនៅក្នុងស្ថានភាពស្រវឹងផងដែរ ៕
ចែករំលែកព័តមាននេះ