ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចៅសង្កាត់​ចោម​ចៅ​ទី​២ និង​ស្ត្រី​ដែល​ចរចា​រឿង​លុយ ​ពាក់ព័ន្ធ​គ្រឿ.ង.ញៀ.ន​​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុ​យ ជីវ៉ា ហៅ​កុ​ត…

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុ​យ ជីវ៉ា ហៅ​កុ​ត ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ នេះ​ បន្ទាប់​ពី​បែកធ្លាយ​សារ​សំឡេង​ច​រចា​​ទារ​លុយ​១​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។

​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ឆ្នាំ ២០២៤​។ ​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​​​ទាំង​ពីរ​នាក់​នេះ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​។

បន្ទាប់​ពី​ឃាត់ខ្លួន​លោក វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​ទី​២ បាន​សារភាព​កំហុស និង​បញ្ជាក់​ថា សារ​សំឡេង​នោះ ពិតជា​សំឡេង​របស់​លោក​ពិតប្រាកដ​មែន​។ ចំណែក​ស្ត្រី​ជា​ម្ចាស់​សំឡេង​ដែល​និយាយ​ច​រចា​ជាមួយ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​២ ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ធ្លាប់​ចែកចាយ​គ្រឿង​ចំនួន​ពីរ​លើក​មក​ហើយ​។ ​

ជនសង្ស័យ​ឈ្មោះ ស៊ុ​យ ជីវ៉ា បាន​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ខ្ខ្លួន​ត្រូវ​បាន​ចាប់ និង​ដោះ​លែង​វិញ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។​ បន្ទាប់​ពី​ដោះ​លែង​លោក​ចៅសង្កាត់​ចោម​ចៅ​២ បាន​ទូរ​ស័ព្ទមក​គំរាមកំហែង​ទារប្រាក់​ខ្លួន​ចំនួន​១​លាន​រៀល​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ខ្លួន​មានការ​ភិតភ័យ ក៏​លួច​ថត​សំឡេង​លោក​ចៅសង្កាត់​ទុក រួច​ផ្ញើ​ទៅ​អ្នក​ស្គាល់គ្នា ហើយ​គេ​ក៏​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ។ ​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​បែកធ្លាយ​វី​ឌី​អូរ​សារ​សម្លេង​ឆ្លង​ឆ្លើយ​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក វ៉ា សា​វ៉ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​ស្ត្រី​ម្នាក់​បាន​ចរចា​គ្នា​រឿង​លុយកាក់​ពាក់ព័ន្ធ​ និង​គ្រឿងញៀន​។ ​នៅ​ក្នុង​សារ​សំឡេង​នោះ​ លោក​ចៅសង្កាត់​ចោម​ចៅ​២​ក៏​បាន​ចរចា​​ទារ​លុយ​ពី​ស្ត្រី​ជា​មុខសញ្ញា​គ្រឿងញៀន​រូប​នោះ  ហើយ​ស្ត្រី​រូប​នោះ​ថា ​មាន​តែ​១០,២០​ម៉ឺន​រៀល ​ក្រោយមក​លោក​ចៅសង្កាត់​បង្ខំ​ឱ្យ១០០​ដុល្លារ​សិន ​ហើយ​គាត់​នឹង​ចេញ​អោយ​គេ​ហូប​បាយ​១៥០​ដុល្លារ​សិន​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់ខ្លួន​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​។​

បន្ទាប់​ពី​បែកធ្លាយ​សារ​សម្លេង​នោះ ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​បង្ហោះ​ចែកចាយ​បន្ត​ព្រោងព្រាត​។​ទន្ទឹម​នឹង​នោះ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​២​ក៏​បាន​ធ្វើការ​បំភ្លឺ​ថា សារ​សំឡេង​នោះ​ពិតជា​របស់​គាត់​ពិតប្រាកដ​មែន​ ។​ នៅ​ក្នុង​សារ​សំឡេង​នោះ​លោក​ចៅសង្កាត់​ទំនងជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ