ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​លុប​ចោល​ច្បាប់​អាជ្ញា​សឹក​បន្ទាប់​ពី​សភា​បោះ​ឆ្នោត​ជំទាស់

20 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ថ្លែង​ថា​លោក​នឹង​លុប​ចោល​វិញ​នូវ​​ការ​​ប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក​​។ ចំណាត់​ការ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​សភា​បោះ​ឆ្នោត​ជំទាស់​នឹង​ការ​​ដាក់​ប្រទេស​ជាតិ​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​​។​ លោក​​យូន​ស៊ុក​យូល​ថ្លែង​ថា​លោក​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ដក​ចេញ​​ពី​កន្លែង​​ដាក់​ពង្រាយ​ ហើយបាន​​វិល​​ត្រឡប់​ទៅ​កន្លែង​ដើម​​​វិញ​អស់​ហើយ។ ​​ច្បាប់​អាជ្ញា​សឹក​​នឹង​ត្រូវ​ប្រកាស​លុប​ចោល​វិញ​ក្រោយ​ការ​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ សូម​រំលឹក​ថា​លោក​យូន​ស៊ុក​យូល​បាន​ថ្លែង​សុន្ទរ​កថា​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ក្បាល​ព្រលប់​ថ្ងៃ​អង្គារ​ និង​ប្រកាស​​​ប្រើ​ច្បាប់​អាជ្ញា​សឹក​​​។…

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ថ្លែង​ថា​លោក​នឹង​លុប​ចោល​វិញ​នូវ​​ការ​​ប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក​​។ ចំណាត់​ការ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​សភា​បោះ​ឆ្នោត​ជំទាស់​នឹង​ការ​​ដាក់​ប្រទេស​ជាតិ​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​​។​ លោក​​យូន​ស៊ុក​យូល​ថ្លែង​ថា​លោក​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ដក​ចេញ​​ពី​កន្លែង​​ដាក់​ពង្រាយ​ ហើយបាន​​វិល​​ត្រឡប់​ទៅ​កន្លែង​ដើម​​​វិញ​អស់​ហើយ។ ​​ច្បាប់​អាជ្ញា​សឹក​​នឹង​ត្រូវ​ប្រកាស​លុប​ចោល​វិញ​ក្រោយ​ការ​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

សូម​រំលឹក​ថា​លោក​យូន​ស៊ុក​យូល​បាន​ថ្លែង​សុន្ទរ​កថា​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ក្បាល​ព្រលប់​ថ្ងៃ​អង្គារ​ និង​ប្រកាស​​​ប្រើ​ច្បាប់​អាជ្ញា​សឹក​​​។ កាល​នោះ លោក​ចោទ​ប្រកាន់​ថា​គណ​បក្ស​ប្រឆាំង​មាន​សមាន​ចិត្ត​ចំពោះ​កូរ៉េ​ខាង​ជើង និង​គាំទ្រ​ការ​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋ​។ មិន​ដល់​៣​ម៉ោង​ផង​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​​នោះ ​រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង​បោះ​ឆ្នោត​ជំទាស់​នឹង​​ចំណាត់​ការ​នេះ​។ ប្រធាន​រដ្ឋ​សភា​ លោក​អ៊ូ​វុន​ស៊ីក (Woo Won Shik) ប្រកាស​ថា​ច្បាប់​អាជ្ញា​សឹក​នេះ «​គ្មាន​សុពល​ភាព​ទេ​»។ អ្នក​តំណាង​រាស្ត្រ​នឹង​​រួម​គ្នា​ជា​មួយ​ប្រជា​ជន​ដើម្បី​​​ការ​ពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ។​

​គេ​ឃើញ​ថា​​នគរបាល​ និង​ទាហាន​ចាប់​ផ្ដើម​ដក​ថយ​​​ពី​​រដ្ឋ​សភា​​បន្ទាប់​ពី​ប្រធាន​រដ្ឋ​សភា​អំពាវ​នាវ​ឱ្យ​ពួក​គេ​កាត់​រំសាយ​។ លោក​លី​ជេ​ម្យុង​ (Lee Jae-myung) ដែល​ជា​ប្រធាន​ «គណ​បក្ស​ប្រជា​ធិបតេយ្យ​​» ថ្លែង​ថា​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​នឹង​បន្ត​ស្នាក់​នៅ​ក្នុង​សាល​ធំ​នៃ​រដ្ឋ​សភា​ មិន​ព្រម​ចេញ​ទៅ​ណា​ទេ​ រហូត​ដល់​លោក​យូន​ស៊ុក​យូល​ប្រកាស​លុប​ចោល​ច្បាប់​អាជ្ញា​សឹក​ជា​ផ្លូវ​ការ​។

លោក​លី​ប្រកាស​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​ថា​ «​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​​សូម​ប្រកាស​ថា​យើង​ប្ដេជ្ញា​ការ​ពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​​ប្រទេស​របស់​យើង, ការ​ពារ​​ជោគ​វាសនា​-​អនា​គត​របស់​ជាតិ​យើង, ការ​ពារ​​​​សុវត្ថិ​ភាព​ជា​សា​ធារណៈ​, ការ​ពារ​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​ ហើយ​​​​យើង​ហ៊ាន​យក​ជីវិត​របស់​យើង​មក​ប្ដូរ»​​។​​​

អ្នក​តំណាង​រាស្ត្រ​ម្នាក់​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ លោក​ចូ​សឹង​ឡេ (Jo Seung-lae) អះ​អាង​ដោយ​យោង​តាម​រូប​ភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិ​ភាព​ថា​ក្រោយ​ការ​ប្រកាស​កាត់​រំសាយ​របស់​លោក​យូន​ស៊ុក​យូល​ ​​​នគរ​បាល​ និង​ទាហាន​ពិត​ជា​បាន​ចាក​ចេញ​ពី​​​រដ្ឋ​សភា​មែន​។ ប៉ុន្តែ​ពួក​គេ​ដក​ចេញ​តាម​យុទ្ធ​សាស្ត្រ​របៀប​ជា​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ប្រធាន​រដ្ឋ​សភា, ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​សូម្បី​តែ​ប្រធាន​ «គណ​បក្ស​អំណាច​ប្រជា​ជន​» ដែល​ជា​បក្ស​កាន់​អំណាច​ និង​ក៏​​ជា​បក្ស​របស់​លោក​យូន​ស៊ុក​យូល​ផង​ដែរ​​​។​

​អ្នក​ដែល​តវ៉ា​នឹង​ច្បាប់​អាជ្ញា​សឹក​នេះ​​​​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​​រដ្ឋ​សភា និង​លើក​បដា​ទៅ​លើ​អាកាស​​ ​ទាម​ទារ​ឱ្យ​សភា​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​ស៊ុក​យូល​។ អ្នក​តវ៉ា​ខ្លះ​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​ទាហាន​មុន​ពេល​រដ្ឋ​សភា​បោះ​ឆ្នោត​ជំទាស់​នឹង​ច្បាប់​អាជ្ញា​សឹក​។ សាក្សី​និយាយ​ថា​មាន​ករណី​បែក​កញ្ចក់​បង្អួច​​អគារ​នៅ​រដ្ឋ​សភា​នៅ​ពេល​ទាហាន​ព្យាយាម​​ដើរ​ចូល​ទៅ​​​ក្នុង​រដ្ឋ​សភា​។

យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​កូរ៉េ​ខាង​ត្បូង​ ប្រធានា​ធិបតី​អាច​មាន​សិទ្ធិ​ប្រើ​ច្បាប់​អាជ្ញា​សឹក​តែ​នៅ​ក្នុង​ករណី​ដែល​ប្រទេស​ជាតិ​ធ្លាក់​ចូល​ទៅ​​ក្នុង​សង្គ្រាម​, ស្ថាន​ការណ៍​អាសន្ន​ដែល​ស្រដៀង​នឹង​សង្គ្រាម​ ឬ​ស្ថាន​ភាព​អាសន្ន​ដទៃ​ទៀត​។ នៅ​ពេល​នោះ រដ្ឋា​ភិបាល​ត្រូវ​ប្រើ​ប្រាស់​​​កង​ទ័ព​​ដើម្បី​ថែ​រក្សា​សន្តិ​ភាព​ និង​សណ្ដាប់​ធ្នាប់​​។​ ​អ្នក​ខ្លះ​ដាក់​ជា​សំណួរ​ថា​​ «​នៅ​សុខ​ៗ​ លោក​យូន​ស៊ុក​យូល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​បែប​នេះ​​តើ​ស័ក្ដិ​សម​ដែរ​ឬ​ទេ?»​​ ពួក​គេ​យល់​ថា​​ប្រទេស​ជាតិ​កំពុង​តែ​ជ្រក​ក្រោម​ម្លប់​សន្តិ​ភាព​ដ៏​ត្រជាក់​ត្រជុំ៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ