រាជធានីភ្នំពេញ ៖ ផ្ទះសំណាក់មួយកន្លែងយីហោ «សន្តិភាព» តែងតែមានក្រុមក្មេងស្ទាវប្រុសស្រី មកស្នាក់នៅពពាក់ពពូនគ្នាសង្ងំលួចចែកចាយ និងប្រើប្រាស់គ្រឿងញៀ.ន ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះធ្វើរដ្ឋបាលត្រួតពិនិត្យឆែកឆេរដោយរកឃើញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀ.នមួយចំនួន និងឃាត់ខ្លួនបានជនប្រុសស្រី៨នាក់ បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមភ្លាមៗ។
តាមមន្ត្រីប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានឲ្យដឹងថា ការចុះត្រួតពិនិត្យរដ្ឋបាលនេះធ្វើឡើង នៅវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះសំណាក់យីហោ «សន្តិភាព» អតីតយីហោ «ចាក់អង្រែក្រោម» ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រង្វង់ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការដឹកនាំផ្ទាល់ដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដោយបានសហការជាមួយនឹងតំបន់ ពិនិត្យឆែកឆេរនៅចំណុចផ្ទះសំណាក់ខាងលើ ។
ជាលទ្ធផល រកឃើញថា មានបន្ទប់ស្នាក់នៅសរុបចំនួន៣៥បន្ទប់ ក្នុងនោះមានមនុស្សស្នាក់នៅចំនួន១៤បន្ទប់ ក្នុងនោះដែររកឃើញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀ.នមួយចំនួន នៅចំណុចបន្ទប់លេខ២០៣ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់ (ប្រុស០៣នាក់ ស្រី០៥នាក់) នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម សាកសួរ និងធ្វើតេស្ដរកសារធាតុញៀ.ន ជាលទ្ធផលយុវជនទាំង៣នាក់ វិជ្ជមាន និងយុវតីទាំង៥នាក់អវិជ្ជមាន ។
ករណីនេះផងដែរ យុវជនទាំង៣នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
គួរបញ្ជាក់ផងដែរ ផ្ទះសំណាក់ខាងលើ មុន និងអាជ្ញាធរចុះត្រួតពិនិត្យ ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានក្មេងៗស្ទាវៗចេញចូល ពពាក់ពពួនគ្នាជាហូរហែរ មិនដឹងថា ទៅប្រព្រឹត្តិទង្វើអ្វីខ្លះនោះទេ ដូចឆ្នេះហើយទើបកម្លាំងអាជ្ញាធរចុះធ្វើកិច្ចការងារនេះតែម្តង ៕
ចែករំលែកព័តមាននេះ