ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងបានពន្យារពេលជាបន្តបន្ទាប់ ហើយនៅពេលនេះក៏លេចឭព័ត៌មានថា ត្រូវបានពន្យារពេលដល់ចុងខែធ្នូខាងមុខបន្តទៀត ខណៈដែលប្រតិបត្តិករមានគម្រោងនឹងដាក់ឲ្យដំណើរការសាកល្បងតាមគោលដៅពីរាជធានីភ្នំពេញទៅខេត្តកោះកុង តាំងពីដើមខែវិច្ឆិកា ។
ការពន្យារពេលនេះមិនមែនជាការពន្យារពេលលើកទី១នោះទេ ។ គម្រោងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាននេះបានគ្រោងបើកដំណើរការសាកល្បងតាំងពីមុនកូវីដ១៩ រីករាលដាល ប៉ុន្តែបានអូសបន្លាយរហូតមកដល់ពេលនេះ ។
អាកាសយានដ្ឋានដែលត្រូវបានសាងសង់ឡើងនៅកណ្តាលទ្រូងព្រៃនៃស្រុកគិរីសាគរ និងបុទុមសាគរនៃខេត្តកោះកុងនេះត្រូវបានគេដឹងថា បានសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណជា២០០លានដុល្លារនៅលើទំហំផ្ទៃដីសរុប ២១៨ហិកតា និងដីបម្រុង១.០០០ ហិកតា ។ ព្រលានយន្តហោះនេះ ត្រូវបានអភិវឌ្ឈន៍ជាអាកាសយាន្តដ្ឋានលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជា អ៊ាបើស A-350-900 និងប៊ូអ៊ីង 777 អាចចុះចតបាន ។
អាកាសយាន្តដា្ឋននេះ កំពុងតែត្រូវបានកសាងឡើង នៅក្នុងតំបន់រមណីយដ្ឋានតារាសាគរដែលត្រូវបានគេសាទរថាជា«គោលដៅទេសចរណ៍ធម្មជាតិដ៏ប្រណីត» ដែលនឹងដាក់ខេត្តកោះកុង ក្នុងផែនទីសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។ ប៉ុន្តែដោយសារតែវាកសាងឡើងដោយក្រុមហ៊ុន Union Development Group មកពីចិនវាក៏ត្រូវបានជាប់ហើយត្រូវបានគេដាក់ការសង្ស័យដោយក្រុម អ្នកភូមិសាស្ត្រនយោបាយបរទេសមួយចំនួន ។
ចាប់តាំងពីគម្រោងនេះ ទទួលការការអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាតាំងពីខែមេសា ឆ្នាំ២០០៨ នៅក្នុងរយៈពេល៩៩ឆ្នាំមក ក្រុមហ៊ុននេះបានបន្តអភិវឌ្ឈន៍ជាបន្តបន្ទាប់ជាជំហានៗនៅលើផ្ទៃដីដែលមានទំហំដល់ទៅ៣៦០ គីឡូម៉ែត្រការ៉េ ទោះបីជាមានការយឺតយ៉ាងខ្លះក៏ដោយ ។ រាល់ដំណើរការអភិវឌ្ឍន៍ គឺសុទ្ធតែទទួលការតាមដាន និងឃ្លាំមើលជាប្រចាំដោយអ្នកជំនាញការរបស់ប្រទេសជិតខាង និងបស្ចឹមប្រទេស ដោយសារតែក្តីសង្ស័យពាក់ព័ន្ធនឹងការចោទប្រកាន់ថា ចិនមកកសាងមូលដ្ឋានទ័ពនៅកម្ពុជា ទោះបីជាសព្វថ្ងៃនេះទីនោះត្រូវបានអភិវឌ្ឍន៍ជាទីលានវាយកូនហ្គោលជាឆេ្នរកម្សាន្តជាសណ្ឋាគារ និងមានអាកាសយានដ្ឋានដែលពន្យារពេលជាបន្តបន្ទាប់នេះក៏ដោយចុះ ។
ពាក់ព័ន្ធនឹងការពន្យារពេលនៃការហោះហើរនេះប្រភពនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការពន្យារពេលជាបន្តបន្ទាប់នេះ គឺដោយសារតែបច្ចេកទេស ហើយអ្នកជំនាញសង្កត់ធ្ងន់ថា ដរាបណាប្រតិបត្តិករដែលស្នើរបើកការហោះហើរនៅមិនទាន់បំពេញតាមស្តង់ដាអាកាសចរណ៍ស៊ីវិល អន្តរជាតិត្រឹមត្រូវទេនោះ គឺនឹងមិនអនុញ្ញាតទេ ។
ផ្អែកតាមមូលហេតុនេះ សាធារណៈមតិទូទៅទំនងជានឹងឯកភាពពីព្រោះប្រតិបត្តិការដឹកជញ្ជូនតាម ផ្លូវអាកាសមិនមែនងាយស្រួលទេ ហើយប្រសិនបើមានការអនុញ្ញាតទៅហើយវាមានបញ្ហានោះវាប៉ះពាល់ ធ្ងន់ធ្ងរណាស់ដល់ជាតិ ។ កុំលេងសើច អាយុជីវិតមនុស្សនៅលើយន្តហោះ គឺជារឿងសំខាន់បំផុតមួយ ហើយរឿងសំខាន់បំផុតទៀតផងដែរនោះ គឺកិត្តិយសនិងកិត្យានុភាពជាតិ ។
យន្តហោះមិនមែនឡានក្រុងទេ ។ កុំផ្តេសផ្តាស ។ ដូច្នេះ អ្នកជំនាញនឹងពិនិត្យពិច័យ លក្ខណៈបច្ចេកទេស និងស្តង់ដាឲ្យបានច្បាស់លាស់ និងគ្រប់គ្រាន់គ្រប់ប្រការ ។ ក្រុមហ៊ុនសូមកុំប្រញាប់ពេក សុវត្ថិភាព និងស្តង់ដានេះវា គឺជារឿងស្លា.ប់រស់ មិនមែនជារបស់ក្រុមហ៊ុនតែមួយនោះទេ គឺជាតិកម្ពុជាទាំងមូល ។
តាមព័ត៌មានដែលលេចធ្លាយចេញ គឺក្រុមហ៊ុនគ្រោងនឹងហោះហើរសាកល្បងតាមជើងហោះហើរភ្នំពេញ កោះកុងនេះ នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខ ។ តាមការកំណត់កាលបរិច្ឆេទនេះ ប្រសិនបើក្រុមហ៊ុនគោរពតាមស្តងដាជាតិ និងអន្តរជាតិគ្រប់គ្រាន់ហើយនោះ ហោះចុះ ហើយយើងខ្ញុំជូនពរឲ្យបានជោគជ័យ ។ ប៉ុន្តែប្រសិនបើនៅមានចំណុចខ្វះខាត សូមពន្យារពេលបន្ថែមទៀតក៏មិនជាថ្វីដែរពីព្រោះនៅពេលនេះ ស្ថានភាពទីផ្សារដឹកជញ្ជូនតាមផ្លូវអាការទៅកាន់គោលដៅនោះក៏ហាក់មិនទាន់ទូលំទូលាយនៅឡើយដែរ ។ សរុបទៅ ស្តង់ដា និងសុវត្ថិភាព គឺជារឿងដ៏សំខាន់មុនពេលដែលក្រុមហ៊ុនបើកដំណើរការហោះហើរសាកល្បង និងស្ថាប័នជំនាញអនុញ្ញាត ៕
ចែករំលែកព័តមាននេះ