ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រុម​មន្ត្រី​បី​ប្រភេទ​ដែល​ពលរដ្ឋ​ស្អប់ គឺ​មន្ត្រី​ឡេមឡឺម អែបអប និង​ពុក​រលួយ សូម​ប្រុង​ប្រយ័ត្ន​ខ្លួន​ពីព្រោះ រដ្ឋាភិបាល​អណ​ត្តិ​ទី​៧​នេះ​ហាក់​អនុវត្ត​មែនទែន​ហើយ​លើ​ក្រុម​មន្ត្រី​ទាំងនេះ ។ ប្រ​ត្យ​ក្រ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​ទាំង​បី​ប្រភេទ​នេះ​បានឃើញ​ជាក់ស្តែង​យ៉ាង​ហោច​ណាស់​ពីរ​ករណី​ធំ​ៗ​ហើយ​នៅ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ហើយ​មន្ត្រី​ទាំងនោះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មានយស​ស័ក្តិ​គ្រាក់​ៗ…

ក្រុម​មន្ត្រី​បី​ប្រភេទ​ដែល​ពលរដ្ឋ​ស្អប់ គឺ​មន្ត្រី​ឡេមឡឺម អែបអប និង​ពុក​រលួយ សូម​ប្រុង​ប្រយ័ត្ន​ខ្លួន​ពីព្រោះ រដ្ឋាភិបាល​អណ​ត្តិ​ទី​៧​នេះ​ហាក់​អនុវត្ត​មែនទែន​ហើយ​លើ​ក្រុម​មន្ត្រី​ទាំងនេះ ។

ប្រ​ត្យ​ក្រ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​ទាំង​បី​ប្រភេទ​នេះ​បានឃើញ​ជាក់ស្តែង​យ៉ាង​ហោច​ណាស់​ពីរ​ករណី​ធំ​ៗ​ហើយ​នៅ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ហើយ​មន្ត្រី​ទាំងនោះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មានយស​ស័ក្តិ​គ្រាក់​ៗ ហើយ​សុទ្ធតែ​ធ្លាប់​មាន​កិត្តិនាម និង​ភាព​ល្បីល្បាញ​គួរសម ទាំង​នៅ​ក្នុង សង្គម និង​នៅ​ក្នុង​នយោបាយ ។

ករណី​ទី​មួយ គឺ​ករណី​ពាក់ព័ន្ធ​នឹង​លោក លី សា​ម៉េ​ត ដែល​មក​ដល់​ដើមខែ​ធ្នូ​នេះ​មាន​បុគ្គល​យ៉ាង​ហោច​ណាស់​១០​នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​សំណុំរឿង​ពុក​រលួយ​សូកប៉ាន់ នៅ​ក្នុង​ជួរ​មន្ត្រី​ដែល​មាន​ទឹកប្រាក់​ចូល​ខ្ទង់លាន​ដុល្លារ ។ នៅ​ក្នុង​សំណុំរឿង​នេះ បាន​រហូត​បុណ្យស័ក្តិ​មន្ត្រីជាន់ខ្ពស់​ថ្នាក់​នយោបាយ និង​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន ដែល​មាន​ឋានៈ​តាំងពី​រដ្ឋលេខាធិការ អភិបាលរង​ខេត្ត អភិបាលស្រុក ឧកញ៉ា និង​អ្នក​ដែល​មាន​លុយ​ជា​ច្រើន​រូប​ហើយ​មិនដឹង​ថា តើ​នរណា​នឹង​ត្រូវ​ជាប់​ពាក់ព័ន្ធ​ទៀត​នៅឡើយ ។

នៅ​ក្នុង​សំណុំរឿង​នេះ លោក ដួង តារា មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ហើយ​អ្នក​ដែល​ស្គាល់​ប្រវត្តិ​គេ​ដឹង​ថា គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយ​រូប គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ទី​សាធារណៈ​ក្តៅ​ៗ​ពេល​ចុះ​ពី​យន្តហោះ ហើយ​ត្រូវ​ចោទប្រកាន់​ពី​បទ​ឆបោក​អស់ទាំង​បុណ្យស័ក្តិ និង​កំពុង​តែ​មាន​ពិរុទ្ធ​ផ្លូវច្បាប់​បន្ថែម​ទៀត ។ ករណី​ទី​ពីរ គឺ​ពាក់ព័ន្ធ​សំណុំរឿង​ឆរ​បោក ដ៏​ក្តៅ​គគុក​នៅ​ខេត្តសៀមរាប ក្នុង​សំណុំរឿង​ក្រុមហ៊ុន​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ។ នៅ​ក្នុង​សំណុំរឿង​នេះ បុគ្គល​សំខាន់​ពីរ​រូប​ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ផង​ដែរ គឺ​លោក ស៊ា​ន បូ​រ៉ាត ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ស ថា​វី គឺជា អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ។

លោក ស ថា​វី ត្រូវ​បាន​តុលាការខេត្ត​សៀមរាប​កោះហៅ​ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ហើយ លោក ស៊ា​ន បូ​រ៉ាត់ ក៏​ត្រូវ​បាន​តុលាការខេត្ត​សៀមរាប​កោះហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ពាក់ព័ន្ធ​សំណុំរឿង​ក្រុមហ៊ុន​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ការ​កោះហៅ​លោក ស៊ា​ន បូ​រ៉ាត់ នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ទម្លាយ​ថា ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​រាជរដ្ឋាភិបាល​ដែល​កំពុង​ទទួល​ជួយ​ការពារ​ក្តី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ពាក់ព័ន្ធ​ក្រុមហ៊ុន​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា នៅ​ក្នុង​គម្រោង​ឆបោក​តាម​រូបមន្ត​ដែល​គេ​ស្គាល់​ថា Ponzi Scheme ។

ពីរ​ករណី​ដ៏​ប្រ​ត្យ​ក្រ​នេះ អាច​ជា​សក្ខីកម្ម​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​អណ​ត្តិ​ថ្មី​នេះ ប្រហែលជា​មិន​អោប ដៃ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​មន្ត្រី​ដែល​រាស្ត្រ​មិន​ចូល​ចិត្ត​ទាំង​ទាំង​៣​នេះ បាន​បន្ត​សោយសុខ និង សម្ងំ​ធ្វើ​មាន​ធ្វើ​បាន​នៅ​លើ​គំនរ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​តទៅ​ទៀត​ហើយ ។ ក្រៅពី​នោះ​ក៏​នៅ​មាន​ករណី​មន្ត្រី និង​កងកម្លាំង​អសកម្ម​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ដោយសារ​តែ​បញ្ហា​គ្រឿង​ញៀ​.​ន និង​ការ​អនុវត្ត​សកម្មភាព​មិន​សមរម្យ​ខុស​វិន័យ និង​ប៉ះពាល់​ដល់​កិត្តិយស​កងកម្លាំងប្រដាប់អាវុធ ។

គួរ​រំលឹក​ថា នៅ​ក្នុង​សារ​អបអរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​សាធារណៈជន​ថា អ្វី​ក៏​ដោយ​អោយ​តែ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​រាជរដ្ឋាភិបាល​នឹង​រារាំង​ភ្លាម ។ នៅ​ក្នុង​សារ​នោះ​សម្តេច​ធិ​បតី សង្កត់ធ្ងន់​ថា សម្រាប់​ឆ្នាំ​២០២៤ គ្រប់​ស្ថាប័ន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ វិស័យ​ឯកជន ប្រជាជន មហាជន ទាំងអស់ សូម​គាំទ្រ និង​សហការ​ជាមួយនឹង​រដ្ឋាភិបាល ដើម្បី​បំពេញ​បេស​កម្ម​ជា ប្រវត្តិសាស្ត្រ​របស់​យើង​ដើម្បី​សង្គម​ស្អាតស្អំ និង​រុងរឿង​។

នៅ​ក្នុង​រយៈពេល​នោះ​មក​ដល់​ពេល​នេះ ចំណាត់ការ​ប្រឆាំង​អ្វី​ដែល​សម្តេច​លើក​ឡើង​ឃើញ​ថា អនុវត្ត​ពិតប្រាកដ​មែន ។ ដូច្នេះ​យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត និង​បោសសម្អាត​អំពើ​ពុក​រលួយ ជា​ពិសេស គឺ​សកម្មភាព​របស់​មន្ត្រី​ដែល​ពលរដ្ឋ​ស្អប់​ទាំង​បី​ខាងលើ​បន្ថែម​ទៀត ។ មន្ត្រី គឺ​មាន​ភារកិច្ច​បម្រើ​ពលរដ្ឋ​មិនមែន​គាបសង្កត់​ពលរដ្ឋ​យក​លាភសក្ការៈ​នោះ​ទេ ។ មន្ត្រី​ឡើងបុណ្យ​ឡើង​ស័ក្តិ​គួរតែ​ឡើង​តាម​ថា​នា​នុ​ក្រម និង​សមត្ថភាព​ការងារ​មិនមែន​ឡើង​តាម​ការ​សូកប៉ាន់​ឡើយ ។ កាលបើ​កម្ពុជា​អាច​ទប់ស្កាត់​អំពើ​ពុក​រលួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ កម្ពុជា​នឹង​កាន់តែ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​លឿន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ដូច្នេះ យើង​ត្រូវ​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ គ្រប់​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ