បន្ទាប់ពីប្តូរក្បាលម៉ាស៊ីនការទូតភ្លាម ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច គឺសម្តេចតេជោ ហ៊ុន សែន បានកំណត់ពេលវេលាចេញទៅទស្សនៈកិច្ចផ្លូវការ និងសុឆន្ទៈភ្លាមៗដែរទៅកាន់ចិន ក្រោយរដ្ឋមន្ត្រីការបរទេសថ្មីបញ្ចប់ដំណើរទស្សនៈកិច្ច ។ តើអ្វីនៅពីក្រោយនៃដំណើរទស្សនៈកិច្ច…
បន្ទាប់ពីប្តូរក្បាលម៉ាស៊ីនការទូតភ្លាម ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច គឺសម្តេចតេជោ ហ៊ុន សែន បានកំណត់ពេលវេលាចេញទៅទស្សនៈកិច្ចផ្លូវការ និងសុឆន្ទៈភ្លាមៗដែរទៅកាន់ចិន ក្រោយរដ្ឋមន្ត្រីការបរទេសថ្មីបញ្ចប់ដំណើរទស្សនៈកិច្ច ។ តើអ្វីនៅពីក្រោយនៃដំណើរទស្សនៈកិច្ច នៅដើមខែធ្នូនេះ?
សម្តេចតេជោ ហ៊ុន សែន ពេញមួយជីវិតនយោបាយរបស់សម្តេច គឺបានបំពេញទស្សនៈកិច្ចនៅចិនជាច្រើនដង និងញឹកញាប់បំផុត ប៉ុន្តែដំណើរទស្សនៈកិច្ចពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ គឺជាដំណើរដំបូងក្រោយពេលដែលសម្តេចចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី ។ ដំណើរទស្សនៈកិច្ចនេះ គឺធ្វើឡើងភ្លាមៗពោល គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលរដ្ឋាភិបាលកម្ពុជាសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនការទូតហើយក៏ក្រោយពេលដែលលោក ប្រាក់ សុខុន ប្រមុខការទូតថ្មីបញ្ចប់ដំណើរទស្សនៈកិច្ចនៅចិនដែរ ។ ដូច្នេះហើយទើបមានការងឿងឆ្ងល់ខ្លះៗកើតមានឡើង ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺត្រូវបានបញ្ជាក់ដោយ លោក ហ៊ូ ហ្សាវមីង (Hu Zhaoming) ដែលជាអ្នកនាំពាក្យរបស់ការិយាល័យអន្តរជាតិនៃគណកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន តាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ហើយក្រោយមកក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់អំពីព័ត៌មាននេះ ផងដែរ ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ចជាថ្មីទៅចិននេះ សម្តេចតេជោ នឹងជួបទ្វេភាគីជាមួយនឹងលោក ស៊ី ជិនពីង អគ្គលេខាបក្សកុម្មុយនីស្តចិន ព្រមទាំងថ្នាក់ដឹកនាំកំពូលៗចិនមួយចំនួនទៀត ប៉ុន្តែសុទ្ធតែនៅក្នុងជួរស្ថាប័ននីតិបញ្ញតិ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមិនបានបញ្ជាក់លម្អិតទេ តែគ្រាន់តែបង្ហើបថា នេះ គឺជាដំណើរទស្សនកិច្ចលើកទី១ របស់សម្តេចតេជោ នៅក្នុងឋានៈជាប្រធានព្រឹទ្ធសភា ហើយរំពឹងថា ដំណើរនេះនឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែមព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា និងចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី ។
ដោយមិននិយាយអំពីទំនាក់ទំនងកាលពីសម័យមុននោះទេនិយាយអំពីទំនាក់ទំនងរវាងកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ និងសម័យបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺនៅតែរឹងមាំ ។ ទីក្រុងប៉េកាំង គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយដោយផ្តល់ជំនួយសេដ្ឋកិច្ច ប្រាក់កម្ចី និងការវិនិយោគដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជាសឹងគ្រប់វិស័យ ។
គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនបានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវហាយវេ ស្ពាន និងរោងចក្រថាមពលក្នុងប្រទេសកម្ពុជា ត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលធនរបស់ចិន ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងកំណើន ។ លើសពីនេះប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងអ្នកវិនិយោគដ៏ធំបំផុតរបស់កម្ពុជានៅក្នុងពីរទស្សវត្សរ៍ចុងក្រោយនេះ ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាព ជាពិសេសនៅពេលដែលកម្ពុជាឆ្លងកាត់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំបន្ទាប់ពីកូនប្រុសរបស់សម្តេច គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចនេះ អាចជាការបញ្ជាក់ឡើងវិញនូវការពង្រឹង យុទ្ធសាស្ត្ររបស់កម្ពុជាជាមួយប្រទេសចិន ខណៈដែលកម្ពុជាកំពុងតែធ្វើពិពិធកម្មការទូតនិងសេដ្ឋកិច្ចនៅក្នុងចរន្តសាកលភាវូបនីយកម្ម ។
ដោយមើលឃើញពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដំណើរទស្សនកិច្ចនេះអាចផ្តោតលើការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងការធានាការវិនិយោគបន្ថែមទៀត ។ ថាមពល បច្ចេកវិទ្យាឌីជីថល និងការធ្វើពិពិធកម្មពាណិជ្ជកម្មអាចត្រូវបានផ្តល់អាទិភាព ស្របតាមគោលបំណងរបស់កម្ពុជា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ។ ការពិភាក្សានានារវាងសម្តេចតេជោ និងមេដឹកនាំបក្សកុម្មុយនីស្តចិនក៏អាចពាក់ព័ន្ធដល់កិច្ចសហការផ្នែកសន្តិសុខដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមក្នុងការរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ដំណើរទស្សនកិច្ចដោយសុឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន អាចត្រូវបានគេមើលឃើញថា ជាជំហានមួយ ដើម្បីធានា អំពីការបន្តស្ថិរភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា ។ កម្ពុជាកំពុងធ្វើពិពិធកម្មភាពជាដៃគូការទូត និងសេដ្ឋកិច្ចរបស់ខ្លួនហើយកម្ពុជាក៏ចង់រក្សាជំហររបស់ខ្លួនជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តតាមរយៈគោលការណ៍ពង្រីក និងពង្រឹងការរុករកមិត្តថ្មីតែត្រូវថែរក្សាមិត្តចាស់ផងដែរ។
ទីតាំងយុទ្ធសាស្ត្រ និងតួនាទីរបស់កម្ពុជាក្នុងអាស៊ានក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន និងអាមេរិកធ្វើឱ្យកម្ពុជាមានតួនាទីដ៏មានសារៈសំខាន់នៅក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ ។ គោលនយោបាយការបរទេសរបស់កម្ពុជាអាចស្វែងរកការលើកកម្ពស់ខ្លួនឯងជាស្ពានរវាងចិន និងមហាអំណាចលោកខាងលិចដោយប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ដើម្បីសម្របសម្រួល ឬធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍និងការប្រកួតប្រជែង ។
សរុបមកវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននៅដើមខែធ្នូនេះ អាចបញ្ជាក់បានជាថ្មីនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន ដោយបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការទូត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះក៏ជាពេលវេលាដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសដែលកំពុងវិវត្តរបស់កម្ពុជាក្រោមការដឹកនាំជំនាន់ថ្មី ។
ខណៈពេលដែលកម្ពុជានៅតែមានស្ថិរភាពក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន គោលនយោបាយការបរទេសនាពេលអនាគតរបស់ខ្លួនទំនងជាឆ្លុះបញ្ចាំងពីភាពចម្រុះកាន់តែច្រើនការចូលរួមក្នុងតំបន់ និងការរក្សាតុល្យភាពរវាងមហាអំណាចធំៗ ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព និងទំនាក់ទំនងការទូតនៅក្នុងពិភពលោកដែលកំពុងតែរង្គោះរង្គឺ ៕
ចែករំលែកព័តមាននេះ