រឿងផ្ទះសម្បែងសម្រាប់ជាតិសាសន៍ណាមិនដឹងទេ ប៉ុន្តែសម្រាប់ជាតិសាសន៍ខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា វា គឺជារឿងសំខាន់បំផុត ។ នៅពេលណាពលរដ្ឋមានបញ្ហារឿងនេះកាន់តែច្រើននិងមិនមានដំណោះស្រាយ វា គឺជារឿងដ៏រសើបបំផុតសម្រាប់សង្គម ។ រឿងហូបចុកសំខាន់ទី១…
រឿងផ្ទះសម្បែងសម្រាប់ជាតិសាសន៍ណាមិនដឹងទេ ប៉ុន្តែសម្រាប់ជាតិសាសន៍ខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា វា គឺជារឿងសំខាន់បំផុត ។ នៅពេលណាពលរដ្ឋមានបញ្ហារឿងនេះកាន់តែច្រើននិងមិនមានដំណោះស្រាយ វា គឺជារឿងដ៏រសើបបំផុតសម្រាប់សង្គម ។
រឿងហូបចុកសំខាន់ទី១ ហើយរឿងដែលសំខាន់ទី២ គឺលំនៅស្ថាននេះឯង ។ ពលរដ្ឋខ្មែរតាំងពីដើមរៀងមក កាលណារៀបការរួច រឿងដែលធំ គឺត្រូវមានហូបមានចុក និងមានលំនៅស្ថានជាទ្រនុំសម្រាប់គ្រួសាររស់នៅនេះឯង ។ ប៉ុន្តែប្រសិនបើលំនៅស្ថានពួកគេមានបញ្ហា ហើយពួកគេមិនទទួលបានដំណោះស្រាយសមស្របសង្គមអាចនឹងមានវិបត្តិ ។
វិបត្តិនៃរឿងវិវាទដីធ្លីនៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមយូរយាណាស់មកហើយ ប៉ុន្តែកន្លងមកវាច្រើនកើតមានតែនៅតំបន់ជនបទទេ ។ រឿងរ៉ាវវិវាទទាំងនោះមានដូចជា រឿងដីភូមិរស់នៅ ដីចម្ការ និងដីស្រែ ក៏ដូចជាដីរុករានថ្មីៗ ។ ប៉ុន្តែនៅទីក្រុង វាទើបតែផ្ទុះប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។ បញ្ហាវិវាទរឿងដីធ្លី និងលំនៅស្ថាននៅទីក្រុង គឺវាកើតមានច្រើនដោយសារគម្រោងឆបោកតាមប្រព័ន្ធ Ponzi Scheme និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រោយវិបត្តិនៃការរីករាលដាលដោយមេរោគកូវីដ ។ ដោយសារតែបញ្ហានេះបានធ្វើឲ្យពលរដ្ឋជាច្រើន ដែលកំពុងតែរកលុយដ៏ពិបាក ហើយខំប្រឹងសន្សំបានប្រាក់បន្តិចបន្តួចយកទៅដោះដូរយកលំនៅស្ថាន ដើម្បីរស់នៅបែរជាបានខ្យល់ បានបញ្ហាទិញផ្ទះ បានដី ឬទិញផ្ទះអត់មានកម្មសិទ្ធិឬក៏បញ្ហានេះបញ្ហានោះជាច្រើនករណី ។
តាមរបាយការណ៍បញ្ហាវិវាទរវាងបុរី និងអតិថិជន ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា វាមានសរុបរហូតដល់ទៅ៩៩គម្រោងឯណោះនៅទូទាំងប្រទេស ។ គម្រោងទាំងនោះរួមមានបុរីចំនួន២៧ ស្មើនឹង៧៧គម្រោង, ផ្សារ និងខុនដូចំនួន៤គម្រោង និងដីឡូតិ៍ចំនួន១៨គម្រោង ។
ក្រសួងជំនាញនេះ បានអះអាងថា គម្រោងដែលមានបញ្ហាទាំងអស់ គឺបានដោះស្រាយបាន៥៣គម្រោង នៅសល់ចំនួន៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់ ។
នៅក្នុងស្ថានភាពនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសចូលរួមបិទសន្និបាតក្រសួងនេះបានអំពាវនាវដល់ពលរដ្ឋដែលជាអ្នកដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាពជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចដឹងពីទុក្ខលំបាកនេះ ដូច្នេះហើយជំនាញកំពុងតែបន្តដោះស្រាយក្នុងស្មារតីដោយសន្តិភាព និងយោគយល់ ដោយលើកឡើងថា ការដោះស្រាយនេះមិនមែនធ្វើម្តងចប់ទេ គឺត្រូវធ្វើបន្តបន្ទាប់ដោយបន្តដោះស្រាយជាមួយគ្នាជាជាងការដើរអត់និយាយគ្នា និងអត់ចរចាគ្នា ។
សម្តេចមហាបវរធិបតីបានថ្លែងបញ្ជាក់ថា បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច ហើយទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ។ ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងបន្តមិនចោលប្រជាពលរដ្ឋទេ ។
សម្តេចមហាបវរធិបតីក៏បានបន្ថែមថា ដើម្បីពង្រឹងវិស័យអចលនទ្រព្យដែលជាសរសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ច រដ្ឋក៏ត្រូវជួយអ្នកវិនិយោគដែលជាម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទៈដោះស្រាយពិតប្រាកដ រកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា ហើយចំពោះអ្នកដែលមិនទទួលខុសត្រូវ ត្រូវប្រឈមចំពោះច្បាប់ ។
សម្តេចមហាបវរធិបតីបានបន្តថា ក្នុងរយៈពេល១៥ខែកន្លងនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះចាញ់បោកក្រុមវិនិយោគទាំងនោះទេ គឺមានវិធានការជាហូរហែរ ។ ប៉ុន្ដែគ្រាន់តែរឿងខ្លះចាប់វិធានការតែមិនធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ ។
សរុបសេចក្តីទៅ ពលរដ្ឋកំពុងតែរង់ចាំដំណោះស្រាយ ហើយអ្វីដែលជាក្តីរំពឹង និងជាការចង់បានបំផុតនោះ គឺគ្មានអ្វីក្រៅពីពួកគេចង់បានអ្វីដែលជាញើសជាឈាមរបស់ពួកគេបានមកវិញប៉ុណ្ណោះ ។ ពលរដ្ឋជាច្រើន ហេតុតែចង់បានលំនៅស្ថានមួយសមរម្យ ដើម្បីរស់នៅ ឬទុក្ខជាសម្បត្តិចែកកូនចែកចៅ គឺខំប្រឹងបេះពីមាត់ពីក យកទៅបង់បុរីដែលមានបញ្ហាទាំងនោះ ។ ដូច្នេះសង្ឃឹមថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនឹងប្រញាប់ប្រញាល់ដោះស្រាយឲ្យបានឆាប់ៗ ដើម្បីបញ្ចប់បញ្ហា ។
កាលណាដោះស្រាយមិនចប់កាន់តែយូរកំហឹង និងកំហល់ ព្រមទាំងសេចក្តីក្រេវក្រោធ វានឹងកាន់តែក្តៅងំទៅៗដោយអាចផ្តល់ផលវិបាកអាក្រក់ដល់សង្គម ។ នៅផ្លូវទៅមុខទៀត កម្ពុជាត្រូវការនូវការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពទៅលើផ្នែកអចលទ្រព្យ និងសំណង់ព្រមទាំងដីធ្លី ដើម្បីចៀសវាងកុំអោយមានរឿងដដែលកើតមាននៅក្នុងសង្គមខ្មែរ ។ ចំណែកបញ្ហាដែលមានស្រាប់ វាទាមទារគ្រប់ភាគីទាំងអស់ប្រឹងដោះស្រាយដោយសន្តិវិធីដើម្បីចាកចេញពីវិបត្តិចាស់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ