ខេត្តស្ទឹងត្រែង ៖ ដំណាំពោតក្នុងសហគមន៍នាចុងឆ្នាំនេះ បានជួបប្រទះនូវជំងឺក្រាភ្លើង ឬស្វាយក្រហម ដែលបង្កឱ្យខាតបង់ទិន្នផលដោយសារតែផ្លែរបស់វាដាក់គ្រាប់មិនបានពេញលេញ រីឯខ្លះទៀតទៅជាស្វិត គ្មានអ្នកបញ្ជាទិញ ចំណែកដើមសម្រាប់ធ្វើជាចំណីសត្វគោក៏មិនកើត ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកទំ នីរ៉ូ បញ្ជាក់ថា បញ្ហាប្រឈមនេះបង្កជាគ្រោះចង្រៃ និងបានធ្វើឱ្យកសិករយើងរងការខាតបង់ថវិកាដែលបានខិតខំដាំដុះទៅតាមចម្ការនីមួយៗ ។
លោកបន្តថា ដំណាំភាគច្រើនកសិកររបស់យើងបានអនុវត្តតាមបច្ចេកទេសហើយ តែខ្វះការថែទាំ និងការជ្រើសរើសពូជមិនបានត្រឹមត្រូវ គួបផ្សំនិងអាកាសធាតុប្រែប្រួលផង បង្កឱ្យដំណាំពោត ជួបប្រទះជំងឺក្រហមនេះ ហើយយើងនឹងបញ្ជូនមន្ត្រីបច្ចេកទេស ដើម្បីចុះបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់ ។
ដូច្នេះ កសិករអាចទំនាក់ទំនងជាមួយមន្ត្រីយើង ដើម្បីរកពេលវេលាសមរម្យណាមួយជួបគ្នា សិក្សារៀនសូត្រអំពីបច្ចេកទេសបន្ថែម ដើម្បីអនុវត្តពេលក្រោយៗ ទទួលបានទិន្នផលប្រសើរជាងពេលបច្ចុប្បន្ន ។
លោកហ្វយ ប៊ុនវី ម្ចាស់ចម្ការពោតរស់នៅចំណុចខេក្នុងភូមិខាំផាន់បានបញ្ជាក់ថា កសិករជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្តិ៍ឈ្មោះភូមិមួយមានផលិតផលមួយប្រចាំតំបន់សហគមន៍ ។
កសិកររូបនេះបន្ថែមថា ឆ្នាំនេះ កសិករខាតបង់ដើមទុនច្រើនទៅលើការចំណាយ ព្រោះដំណាំពោតដាំដុះមិនល្អដូចបំណង ព្រោះរាល់ថ្ងៃនេះវាមានបញ្ហាទៅលើជំងឺ ។ លោកយ៉ាថា មន្ត្រីការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្មបានបញ្ចាក់ថា ការធ្វើដំណាំកសិកម្ម វាតែរងទៅនិងកត្តាអាកាសធាតុប្រែប្រួល កើតមានជំងឺផ្សេងៗ ឬសត្វល្អិត មកស៊ី ផលដំណាំ ដូចជាពោត ស្រូវ និងដំឡូងមី ជាដើម។
លោកបានពន្យល់បន្ថែមថា កសិករយើងត្រូវបន្ថែមការស្វែងយល់ពីកត្តាថែទាំឱ្យបានច្រើន ចូរធ្វើតាមការណែនាំពីមន្ត្រីជំនាញកសិកម្ម ដែលបងប្អូនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលកន្លងមកនោះផង ។
កសិករយើងក៏ត្រូវប្រើជីត្រប់បាត នៅពេលដែលពោតនឹងចាប់ផ្ដើមផ្កាហើយនៅពេលរៀបចេញផ្លែយើងអាចប្រើពពួក ជីដែលធ្វើឲ្យសាច់ណែនល្អ ហើយប្រភេទជីមួយចំនួនទៀត ក៏វាជួយទៅលើដំណាំ និងការពារដងដើមឲ្យរឹងមាំ ព្រមទាំងអាចការពារសត្វល្អិតបានមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា នៅចំណុចខេភូមិខាំផាន់ សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ ប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេស ដំណាំពោតនៅតាមជួរដងទន្លេមេគង្គ ឬនៅលើដីកោះ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ ចាប់ពីអូរ(ម៉មកើត)ទៅដល់អូរឈើទាល(កោះកី) ហើយបច្ចុប្បន្នដំណាំពោតជាង១៥ហិកតា កំពុងរងការថមថយទិន្នផលដោយសារ តែកើតជំងឺក្រាភ្លើងឬស្វាយក្រហមនេះ ៕
ចែករំលែកព័តមាននេះ