ពលរដ្ឋកម្ពុជាបានបង្ហាញនូវមោទនភាពជាតិពេលលុយរៀល បង្ហាញវត្តមានទូលំទូលាយនៅលើទីផ្សារ ប៉ុន្តែភ្ញៀវទេសចរខ្លះរអ៊ូ ដោយសារតែពួកគេយកដុល្លារមកចាយ ពេលអាប់ទៅវិញជាលុយរៀល ។
មកដល់ពេលនេះនៅលើទីផ្សារ វត្តមានលុយរៀល គឺកាន់តែទូលំទូលាយមិនថា តែនៅទីក្រុង និងជនបទ ហើយសូម្បីតែខេត្តសៀមរាប ដែលជាកន្លែងពិសេសមានការយកចិត្តទុកដាក់បំផុតនៅក្នុងការបើកចំហរការប្រើប្រាស់លុយដុល្លារនោះក៏ទំនងជាការចរាចរណ៍លុយរៀលមានច្រើនជាងលុយដុល្លារដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជីវករវ័យ៤៥ឆ្នាំមួយរូប ដែលជាអ្នកលក់អាហារ និងភេសជ្ជៈនៅតាមដងស្ទឹងនៅខេត្តសៀមរាប បានអះអាងថា មកដល់ពេលនេះមិនថា ភ្ញៀវទេសចរនៅក្នុងស្រុក និងបរទេសនោះទេ គឺច្រើនតែចាយវាយជាលុយរៀល ។
លោកស្រីបានបញ្ជាក់ថា «មិនថាដុល្លារ ឬរៀលទេ ខ្ញុំទទួលទាំងអស់ តែភាគច្រើន គឺភ្ញៀវគាត់ចាយលុយរៀលតែម្តង» ។
លោកស្រីបានបន្តថា ពេលខ្លះនៅពេលដែលគាត់អត់លុយរៀល គាត់អោយដុល្លារយើងក៏ទទួល តែភាគច្រើនពេលអាប់ទៅវិញយើងច្រើនតែអោយលុយរៀលទៅគាត់វិញ ។ ពេលនោះភ្ញៀវខ្លះក៏មានអារម្មណ៍ថា មិនអីទេ តែភ្ញៀវខ្លះគាត់មិនសូវសប្បាយចិត្តដែរពីព្រោះគាត់ចង់បានដុល្លារវិញ ។
កញ្ញា គ្រីស្ទីន ម៉ាទីស (Cristine Matis ) ជាអ្នកទេសចរណ៍ជនជាតិអាមេរិកម្នាក់ បាននិយាយថា សម្រាប់កញ្ញាស្ថានភាពនៃការចរាចរណ៍រវាងលុយរៀល និងលុយដុល្លារបែបនេះ វាប្រសើរសម្រាប់កញ្ញា ។
កញ្ញាបានបញ្ជាក់ថា «នៅស្រុកថៃ និងវៀតណាមអី បើយើងភ្លេចដូរលុយនៅព្រលានអាចពិបាកជិះតាក់ស៊ី ឬទិញអីហូបតាមផ្លូវ តែនៅកម្ពុជាអត់អី យើងអាចចាយបាន ។ អត់អីទេ ល្អម្យ៉ាងដែរ ដោយសារលុយក្នុងស្រុកក៏គេយកហើយលុយដុល្លារក៏គេមិនបដិសេធ» ។
កញ្ញាបានបញ្ជាក់ជាមួយនឹងសំណើចថា «វាមិនអីទេ សម្រាប់ខ្ញុំ ប៉ុន្តែគ្រាន់តែខ្ញុំអោយក្រដាស៥០ដុល្លារ ទៅអ្នកលក់ ពេលគាត់អាប់មកវិញជាលុយនៅក្នុងស្រុកវាច្រើនសម្រាប់ខ្ញុំពិបាករាប់ពិបាកដឹង» ។
ដោយឡែកលោក ចន ប៊ូហ្វីត (John Bophit) ជាអ្នកទេសចរជនជាតិអូស្ត្រាលីបានអះអាងថា អ្នកលក់គួរតែត្រៀមលុយក្រដាសតូចៗទុកអាប់ជូនភ្ញៀវ ។ លោកបញ្ជាក់ថា «ចាយលុយដុល្លារគួរតែអាប់មកវិញជាដុល្លារដល់ទៅពេលចាយដុល្លារអាប់ជាលុយរៀល យើងបារម្ភរឿងអត្រាប្តូរប្រាក់ ហើយយើងក៏ខ្លាចអ្នកលក់គេមិនស្មោះត្រង់ » ។
រឿងលុយដុល្លារ និងលុយរៀលចាយចូលគ្នានេះ គឺជារឿងដែលកើតមាននៅកម្ពុជាតាំងពីទស្សវត្សរ៍នៃឆ្នាំ១៩៩០មកម្ល៉េះ ។ ក្រោយមកវត្តមានលុយដុល្លាររីកធំបំផុត ជាពិសេសនៅក្នុងអំឡុងដើមទស្សវត្សរ៍នៃឆ្នាំ២០០០ ។ នៅសម័យកាលនោះ នៅទីណាក៏ចាយដុល្លារដែរ សូម្បីតែនៅជនបទ ប៉ុន្តែនៅពេលនេះរាជរដ្ឋាភិបាលបានកំពុងតែពង្រឹងស្ថិរភាពលុយរៀលហើយក៏កំពុងកាត់បន្ថយឥទ្ធិពលនៃប្រាក់ដុល្លារនៅក្នុងប្រព័ន្ធទូទាត់នៅក្នុងស្រុកផងដែរ ។
ពាក់ព័ន្ធនឹងចំណុចនេះអ្នកវិភាគសេដ្ឋកិច្ចមួយរូបនិយាយថា ការប្រើប្រាស់ ឬចរាចរណ៍ប្រាក់រៀលនៅទូទាំងប្រទេស និងចរន្តអន្តរជាតិជាកត្តាជំរុញតម្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានអោយដឹងថា ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាចមានបញ្ហាពីរសំខាន់ៗនៃតម្រូវការប្រើប្រាស់ប្រាក់រៀល និងចរន្តអន្តរជាតិ ។
លោកបណ្ឌិត ហុង វណ្ណៈ បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសនិ្តភាពដឹងថា តាមរយៈការលក់ដូរ ឬលក់រាយរបស់បងប្អូនប្រជាពលរដ្ឋមានកំណើន ជាពិសេសនៅតាមតំបន់ស្រុកស្រែចម្ការ តាមបណ្តាខេត្តផ្សេងៗតាមបណ្តាប្រជុំជនផ្សេងៗសំខាន់នៃប្រទេសកម្ពុជា មានន័យថា ការលក់ដូរទាំងអស់មានការប្រើប្រាស់ប្រាក់រៀល ។ លោកបណ្ឌិត បន្ថែមថា ប្រសិនបើប្រាក់រៀលមានតម្លៃធ្វើអោយមានកាត់បន្ថយការនាំចូលទំនិញបរទេសមួយចំនួនចូលក្នុងទីផ្សារកម្ពុជា ជាហេតុធ្វើអោយប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុកជាជាងការទិញទំនិញពីបណ្តាប្រទេសផ្សេងៗ ។
អ្នកវិភាគសេដ្ឋកិច្ច បន្ថែមថា នៅពេលដែលប្រាក់ដុល្លាអាមេរិករងសម្ពាធពីបណ្តាប្រទេសធំៗដូចជាចិន រូស្សី ប្រេស៊ីល និងអាមេរិកខាងត្បូងមានឥទ្ធិពលគ្របដណ្តប់ដល់ការធ្លាក់ចុះតម្លៃនៃប្រាក់ដុល្លារអាមេរិកផងដែរ ។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា «ប្រាក់ដុល្លានេះឯងធៀបនឹងថ្លៃមាសក្នុងទីផ្សារបច្ចុប្បន្ន ហាក់នៅមិនទាន់មានភាពនឹងធឹងដោយសារប្រាក់ដុល្លាចុះថោក រីឯតម្លៃមាសឡើងថ្លៃ ដូច្នេះធ្វើអោយវិនិយោគិនមួយចំនួនបែរជាទៅរកទិញមាសយកប្រាក់ទៅទិញមាស ដើម្បីធានាសុខុដុមនៅក្នុងស្មារតីទំនុកចិត្តនៅក្នុងស្មារតីរបស់ពួកគេ ព្រោះគេយល់ថាមាស ជាការធានាផ្តល់នូវសន្តិសុខ ផ្តល់នូវភាពនឹងធឹងនៅក្នុងជីវភាពរបស់ពួកគេ»។ តាមអត្រារបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុង១ដុល្លារ គេអាចដឹងថាស្មើនឹង៤.០៣០ រៀល ៕
ចែករំលែកព័តមាននេះ