ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ និង​អនុវត្ត​វិធីសាស្ត្រ​ដើរ​គោះ​ទ្វារ​វិនិយោគិន​ដល់​ស្រុក​របស់​គេ​ឃើញ​ថា កម្ពុជា​ពិតជា​បាន​ផល​ជាមួយនឹង​កិច្ចការ​នេះ​ដោយ​ទាក់ទាញ​វិនិយោគ​មាន​តម្លៃ​ដល់​ទៅ​៦​ពាន់​លាន​ដុល្លារ ប៉ុន្តែ​កុំ​ភ្លេច​ថែរក្សា​អ្នក​ចាស់​ផង ។ នៅ​ក្នុង​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​មកនេះ កម្ពុជា​បាន​ដើរ​គោះ​ទ្វារ​វិនិយោគ​គិ​ន​ជា​ច្រើន​ប្រទេស ដែល​រួម មាន​ចិន កូរ៉េ​ខាងត្បូង…

ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ និង​អនុវត្ត​វិធីសាស្ត្រ​ដើរ​គោះ​ទ្វារ​វិនិយោគិន​ដល់​ស្រុក​របស់​គេ​ឃើញ​ថា កម្ពុជា​ពិតជា​បាន​ផល​ជាមួយនឹង​កិច្ចការ​នេះ​ដោយ​ទាក់ទាញ​វិនិយោគ​មាន​តម្លៃ​ដល់​ទៅ​៦​ពាន់​លាន​ដុល្លារ ប៉ុន្តែ​កុំ​ភ្លេច​ថែរក្សា​អ្នក​ចាស់​ផង ។

នៅ​ក្នុង​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​មកនេះ កម្ពុជា​បាន​ដើរ​គោះ​ទ្វារ​វិនិយោគ​គិ​ន​ជា​ច្រើន​ប្រទេស ដែល​រួម មាន​ចិន កូរ៉េ​ខាងត្បូង ជប៉ុន អឺរ៉ុប និង​អា​មេ​រិ​ក​ជាដើម ។ ក្រោយ​ការ​អនុវត្ត​នូវ​វិធីសាស្ត្រ​បែប​នេះ​ឃើញ​ថា បាន​ផល​ជាមួយនឹង​គម្រោង​វិនិយោគ​ជា​ច្រើន ។

តាម​ការ​ប្រកាស​របស់​លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៣៧៩​គម្រោង ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​កើនឡើង​១២៩​គម្រោង បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​តែ​២៦៨​គម្រោង និង​មាន​ទំហំ​ត្រឹមតែ​៤.៩​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (​ប្រព័ន្ធ​cdcIPM) នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​រំពឹង​ថា បើ​បូក​នឹង​រយៈពេល​ដែល​នៅ​សល់​ប្រមាណ​ជា​ជាង​មួយ​ខែ​ទៀត​ដាច់​ឆ្នាំ​២០២៤​ខាង​មុខ​នេះ កម្ពុជា​រំពឹង​ថា អាច​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​រហូត​ដល់​៤០០​គម្រោង ឬ​លើស​នេះ​ដែល​នេះ​វា​ជា​ប្រវត្តិ​ថ្មី​មិន​ធ្លាប់​មាន​សម្រាប់​កម្ពុជា​តាំងពី​មុន​មក ។

បើ​តាម​អ្វី​ដែល​លោក ស៊ុន ចាន់​ថុ​ល បាន​បង្ហើប គឺថា កម្ពុជា​ខំប្រឹង​ទាក់ទាញ​គម្រោង​វិនិយោគ​ប្រមាណ​ជា ២១​ក្រុមហ៊ុន​ទៀត​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ។ លោក​បាន​បន្ត​ថា កម្ពុជា​សង្ឃឹម​ច្រើន​ណាស់​ពេល​ដែល​យើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប ហើយ​យើង​ស្តាប់​ភាសាក្រុម​អ្នក​វិនិយោគ ។ លោក​បាន​បន្ត​ថា ពួក​គេ​កំពុង​តែ​រក​ទីតាំង ដើម្បី​បណ្តាក់ទុន​នៅ​កម្ពុជា ។ ដូច្នេះ​ហើយ​យើង​សង្ឃឹមថា មាន​ក្រុមហ៊ុន​មក​ពី​សហរដ្ឋអាមេរិក កា​ណា​ដា អឺរ៉ុប ប៉ុន្តែ​ក៏​យើង​ត្រូវ​រៀបចំផ្ទះ​យើង​ឱ្យ​ស្អាត ។

លោក​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​លើ​វិស័យ​ទាក់ទាញ​មួយ​ចំនួន​ដូច​ជា វិស័យ​អេ​ឡិច​ត្រូ​និក មេកា​និក កែ​ច្នៃ​កសិផល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ជាដើម ។ លោក​ក៏​សង្ឃឹម​ច្រើន ក្នុង​ការ​ទទួល​បាន​អ្នក​វិនិយោគ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​បំណង​ចង់​រើ​ទីតាំង​វិនិយោគ ជា​ពិសេស​ការ​រើស​ទីតាំង​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​ផ្សេង​ទៀត ហើយ​កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ការ​វិនិយោគ​មក​ពី​បរទេស​មិន​ថា វិនិយោគ​បរទេស​មក​ពី​ចិន ឬ​ពី​ប្រទេស​ណា​នោះ​ទេ ខណៈ​ច្បាប់​វិនិយោគ​របស់​កម្ពុជា​មិន​មានការ​រើសអើង​នោះ​ទេ​ឱ្យ​តែ​វិនិយោគិន​គោរព​ច្បាប់​វិនិយោគ​នៅ​កម្ពុជា នោះ​នឹង​អនុម័ត​ឱ្យ​បណ្តាក់ទុន​នៅ​កម្ពុជា ។

តាម​ប្រសាសន៍​របស់ លោក ស៊ុន ចាន់​ថុ​ល សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​មកនេះ​ច្រើន​គួរសម​មែន ដោយ​អាច​ប្រសើរ​ជាង​ថៃ​ផង ។ ថៃ​នៅ​ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៤ គឺ​អាច​ទាក់ទាញ​គម្រោង​វិនិយោគ​ត្រឹមតែ​ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​សម្រាប់​វៀតណាម​វិញ គឺ​ខុស​គ្នា ដោយនៅ​ក្នុង​រយៈពេល​៩​ខែ​ដែរ វៀតណាម​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ដល់​ទៅ​ជិត​២៥​ពាន់​លាន​ដុល្លារ ពោល​គឺ​ច្រើន​មែនទែន ។ តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​ទាំងនេះ គឺ​សុទ្ធ​មាន​សុទ្ធតែ​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក​ធំ​ៗ ។

រឿង​ថៃ និង​វៀតណាម គឺជា​រឿង​របស់​ប្រទេស​គេ ហើយ​អ្វី​ដែល​យើង​បាន​លើក​ឡើង​នេះ គឺ​គ្រាន់តែ​ជា​ការ​បំពេញ​ព័ត៌មាន ដើម្បី​ឲ្យ​ដឹង​អំពី​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ប៉ុណ្ណោះ ។ ការ​ទាក់ទាញ​ឲ្យ​គេ​មក គឺជា​រឿង​មួយ ហើយ​នៅ​ពេល​ដែល​គេ​មក យើង​សប្បាយ ដោយ​យើង​អាច​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន ច្រើន​បន្ថែម​ទៀត​។ ប៉ុន្តែ​កុំ​ភ្លេច​រឿង​ថែរក្សា​ពួក​គេ​ឲ្យ​កក់ក្តៅ ងាយស្រួល​ធ្វើ​ធុរកិច្ច ជា​ពិសេស គឺ​ប្រាក់​ចំណេញ​នោះ​ឯង ។

ការ​ទាក់ទាញ​អ្នក​ថ្មី​អោយ​ចូល គឺ​ត្រូវ​តែ​បន្ត​ធ្វើ​បន្ថែម​ទៀត ប៉ុន្តែ​ក៏​ត្រូវ​តែ​រក្សា និង​គាំពារ​បណ្តា​វិនិយោគិន​នានា​ដែល​ពួក​គេ​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​ពួក​គេ​នៅ​តែ​បន្ត​ប្រតិបត្តិការ និង​ពង្រីក​ផលិតកម្ម​បាន​កាន់តែ​ប្រសើរ ។ ទាក់ទាញ​អ្នក​ថ្មី​ហើយ​តែ​អ្នក​ចាស់​រត់​ចេញ​វិញ គឺជា​រឿង​មិនល្អ​ឡើយ ។

នេះ គឺជា​ក្តី​បារម្ភ​មួយ ដែល​យើង​គួរតែ​ដឹង ដើម្បី​ពង្រឹង​យ៉ាងណា​ទាក់ទាញ​អ្នក​ថ្មី ហើយ​ប្រឹងប្រែង​ថែរក្សា អ្នក​ចាស់ ។ ម្យ៉ាងទៀត ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ត្រូវ​តែ​បោសសម្អាត​ការងារ​អសកម្ម​នានា​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន​ទាំង​ថ្មី និង​ចាស់​ឃ្នើសចិត្ត ដូច​ជា អំពើ​ពុក​រលួយ សណ្តាប់ធ្នាប់ បែបបទ​រដ្ឋបាល​មិន​ចាំបាច់ និង ការ​រំខាន​នានា​ដល់​បរិ​យោ​កាល​វិនិយោគ​ដ៏​អំណោយផល ។ អ្នក​ដែល​ថ្មី​ចូល គឺ​កក់ក្តៅ​កុំ​បង្ក​បញ្ហា​នេះ​បញ្ហា​នោះ​ឲ្យ​គេ​ឈឺក្បាល អោយ​គេ​ធុញទ្រាន់ ។ ទាំង​យើង​ទាំង​គេ កាលណា​យក​លុយ​គេ​មក​ចាយ គឺ​ចិត្ត​អាច​ស្រាល​បន្តិច​ហើយ ។ ដូច្នេះ​ការ​ថែរក្សា​ភាព​ជា​ដៃគូរ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​សំខាន់​ណាស់ ។

ស្ថាប័ន​ពាក់ព័ន្ធ គឺ​ត្រូវ​តែ​ទាក់ទាញ​អ្នក​ចាស់ ហើយ​ប្រឹងប្រែង​ថែរក្សា​អ្នក​ចាស់​អោយ​គង់វង្ស ។ បើសិនជា​យើង​អាច​ធ្វើ​អោយ​បាន​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ថ្មី ហើយ​ថែរក្សា​អ្នក​ចាស់​នោះ ប្រទេស​កម្ពុជា​នឹង​មាន​អ្នក​វិនិយោគ​បរទេស​កាន់តែ​ច្រើន​ឡើង​ៗ​ចូល​មក​រកស៊ី​បណ្តាក់ទុន​ដោយ​ធ្វើ​អោយ​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ល្អ ហើយ​ប្រជាជន​មានការ​ងារ​ធ្វើ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ