ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អឺរ៉ុប និង​កម្ពុជា ​ធ្វើ​ទស្សនកិច្ច​រួម​គ្នា​ទៅ​កាន់​ចម្ការ​ស្វាយចន្ទី និង​ម្រេច ដើម្បី​ជំរុញ​កំណើន​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ឱកាស​ការងារ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្រុម​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អា​ល្លឺ​ម៉​ង់ និង​សាធារណរដ្ឋ​ឆេ​ក តំណាង​មក​ពី​ស្ថានទូត​បារាំង ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD)…

រាជធានី​ភ្នំពេញ ​៖ ក្រុម​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អា​ល្លឺ​ម៉​ង់ និង​សាធារណរដ្ឋ​ឆេ​ក តំណាង​មក​ពី​ស្ថានទូត​បារាំង ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) អាជ្ញាធរ​អភិវឌ្ឍន៍​ សហប្រតិបត្តិការ​ស្វី​ស (SDC) និងអង្គការ GIZ រួម​ជាមួយ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) កាលពី​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ធ្វើ​ទស្សនកិច្ច ​ដល់ទី​តាំង​ចម្ការ​ផ្ទាល់ ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​នានា ​នៅ​ថ្នាក់​មូលដ្ឋាន​ ដែល​កសិករ ​និង​ក្រុម​កែ​ច្នៃ​កំពុង ជួប​ប្រទះ​លើ​ការ​ផលិត​ដំណាំ ​ដែលមាន​តម្លៃ​ខ្ពស់ ជា​ពិសេស ​គ្រាប់ស្វាយចន្ទី និង​ម្រេច​។ មិនតែប៉ុណ្ណោះ​ ក៏មាន​កិច្ច​ពិភាក្សា​មួយ​ចំនួន​ ដើម្បីជួយ​បង្កើន​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​កំណើន​សក្តានុពល នៃ​ខ្សែ​ច្រវាក់​តម្លៃ​គ្រាប់ស្វាយចន្ទី និង​ម្រេច ទីផ្សារ ​នៃ​ការ​នាំ​ចូល និង​ការ​អនុវត្ត​កសិកម្ម​ ដែល​ធន់​នឹង​អាកាសធាតុ​ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ផង​ដែរ ​ក៏​មាន​ជំនួប​ពិភាក្សា​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប (MACs) ក្រុមហ៊ុន​​កែ​ច្នៃ និង​អ្នក​នាំ​ចេញ​នានា​ ក្នុង​ខេត្តកំពង់ធំ និង​ត្បូងឃ្មុំ ផង​ដែរ ក្នុង​នោះ​ក៏​មានការ​ធ្វើ​ទស្សនកិច្ច​ ទៅ​កាន់​មជ្ឈមណ្ឌល​ឧត្តមភាព បុសខ្នុរ ថែម​ទៀត ។

ឯកឧត្តម ឌិ​ត ទីណា មាន​ប្រសាសន៍​ថា សហគមន៍​កសិកម្ម​ទំនើប​ មាន​សារៈសំខាន់​ចំពោះ​ប្រព័ន្ធក​សិ​-​ចំណីអាហារ​របស់កម្ពុជា​។ ឯកឧត្តម បន្ត​ថា តាម​រយៈ​ការ​ចងក្រង​កសិករ ​ជា​សហគមន៍​កសិកម្ម​ទំនើប នឹង​ជួយ​ពង្រឹង​សន្តិសុខ​ស្បៀង ព្រមទាំង​រួមចំណែក​ធានា​ នូវ​និរន្ដរភាព​សេដ្ឋកិច្ច និង​បរិស្ថាន​សម្រាប់​កម្ពុជា​។ ទន្ទឹម​នោះ ការ​ប្រមូលផ្ដុំ​កសិករ​ឱ្យ​ប្រកាន់​យក​ការ​អនុវត្ត​ប្រកបដោយ​ចីរភាព ពួក​គាត់​អាច​កាត់​បន្ថយ​ថ្លៃដើម ​ផលិតកម្ម ពង្រឹង​អំណាច​ចរចា ក៏​ដូច​ជា​ជីវភាព​របស់​ពួក​គាត់​ផង​ដែរ ​។

លោក អ៊ី​ហ្កូ ទ្រី​ស​ម៉ា​ន់ (Igor Driesmans) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បញ្ហា​កសិកម្ម​សព្វថ្ងៃ​ ត្រូវការ​ការ​សហការ​រួម​គ្នា និង​ដំណោះស្រាយ​ច្នៃប្រឌិត ហើយ​ក្រុម​អឺរ៉ុប កំពុងធ្វើការ ដើម្បី​ជួយ​ជំរុញ​ព​ន្លឿ​ន​កំណើន​បៃតង និង​ការងារ​សមរម្យ​នៅ​ក្នុង​អាជីវកម្ម​ក​សិ​-​ពាណិជ្ជកម្ម​របស់​កម្ពុជា ​។

លោកបន្ត​ថា តាម​រយៈ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុង​កសាង ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​កសិករ​ក្នុងស្រុក បង្កើន​ផលិតភាព និង​ការ​កែ​ច្នៃ​ក្នុងស្រុក ព្រមទាំង​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ចីរភាព​។ យើង​ប្តេជ្ញា​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា និង​ធានា​ថា​វិស័យ​នេះ អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​កម្រិត​ខ្ពស់​ ។

ដោយ​ទ្បែ​ក​​ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់ Stefan Messerer ក៏​បាន​បន្ថែម​ដែរ​ថា គោលបំណង​ចម្បង​របស់យើង ​គឺគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ភាព​ធន់​នឹង​អាកាសធាតុ​ នៃ​វិស័យ​កសិកម្ម​។ តាម​រយៈ​ការ​ជំរុញ​ការ​អនុវត្ត​ប្រកបដោយ​ចីរភាព និង​ការ​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ យើង​ប្តេជ្ញា​បង្កើន​ប្រាក់​ចំណូល ពង្រីក​សមត្ថភាព​កែ​ច្នៃ និង​កែ​លម្អ​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ផ្តោត​សំខាន់​លើ​ការ​បន្ថែម​តម្លៃ​ក្នុងស្រុក​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​នេះ ​កំពុង​តែ​ចូលរួម​អនុវត្ត​ដោយ​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ សហភាព​អឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​គោលបំណង អភិវឌ្ឍ​ការ​ស្រាវជ្រាវ និង​លើកកម្ពស់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម របស់​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​នេះ​ ស្រប​តាម​គោលនយោបាយ​របស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​(MAFF) ក្នុង​ការ លើកកម្ពស់​ផលិតកម្ម​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​នៅ​ក្នុង​សហគមន៍​កសិកម្ម (ACs) ក៏​ដូច​ជា​ជាមួយ​អ្នក​កែ​ច្នៃ និង​អ្នក​នាំ​ចេញ ដែល​លើកកម្ពស់​ផលិតភាព និង​ធានា​សុវត្ថិភាព​ស្បៀងអាហារ ស្រប​តាម​ស្តង់ដារ​សង្គម និង​បរិស្ថាន ​។

គំនិត​ផ្តួចផ្តើម​របស់​ក្រុម​អឺរ៉ុប ​ស្តី​ពី​កសិពាណិជ្ជកម្ម​បៃតង និង​ការងារ​សមរម្យ ដែល​មានការ​គាំទ្រ ដោយ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប មាន​គោលបំណង​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ប្រកបដោយ ចីរភាព ដោយ​ពុំ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​។ យុទ្ធវិធី​នៃ​គំនិត​ផ្តួចផ្តើម​នេះ គឺ​ធ្វើ​យ៉ាងណា​ដើម្បី បង្កើត​ប្រព័ន្ធ​ក​សិ​-​កែ​ច្នៃ​ ដែល​ធន់ ដែល​បំពេញ​តាម​លក្ខខណ្ឌ​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់ ទាំង​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ