ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សម្រាប់​កម្ពុជា​មក​ដល់​ពេល​នេះ​ពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ មានច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់ កំពូល​របស់​ប្រទេស​ជា​អ្នក​ការពារ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​សង្ឃ​កំពូល​មួយ​រូប​បាន​ព្រមាន អំពី​ការ​ធ្លាក់​ចុះ​នៃ​ធម៌​វិន័យ ។ ដោយសារ​តែ​ច្បាប់ និង​ការ​ចាក់​ឫសគល់​ដ៏​យូរអង្វែង…

សម្រាប់​កម្ពុជា​មក​ដល់​ពេល​នេះ​ពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ មានច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់ កំពូល​របស់​ប្រទេស​ជា​អ្នក​ការពារ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​សង្ឃ​កំពូល​មួយ​រូប​បាន​ព្រមាន អំពី​ការ​ធ្លាក់​ចុះ​នៃ​ធម៌​វិន័យ ។

ដោយសារ​តែ​ច្បាប់ និង​ការ​ចាក់​ឫសគល់​ដ៏​យូរអង្វែង នៅ​ក្នុង​សង្គម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​វត្ត​សរុប​ប្រមាណ​ជា​ជាង​៥០០០​វត្ត ហើយ​មាន​ព្រះសង្ឃ​សរុប​ជាង​៧​ម៉ឺន​អង្គ គឺ​ច្រើន​គួរសម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ទេ អ្វី​ៗ​ពិតជា​មិន​អាច​ស្មាន​ដល់​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប នៅ​ពេល​មាន​ថេរ​ដីកា​ដោយ​ការ​ព្រួយបារម្ភ​ថា សព្វ​ថ្ងៃនេះ​ព្រះពុទ្ធ​សាសនា​គង់វង្ស​បាន ព្រោះតែ​ព្រះ​វិន័យ ហើយ​កាលណា​ព្រះ​វិន័យ​បាត់បង់​ហើយ ព្រះពុទ្ធ សាសនា និង​ថយ​ចុះ​ជា​មិន​ខាន ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី​បាន​មាន​ថេរ​ដីកា ថ្មី​ៗ​នេះ​ថា សូម​មន្ត្រី​សង្ឃ និង​ភិក្ខុសង្ឃ​ទាំងអស់​យក​ព្រះ​ទ័យ​ទុកដាក់​លើ​ធម៌ និង​ព្រះពុទ្ធ​វិន័យ​ពីព្រោះ​បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​ធ្លាក់​ចុះ ។ ព្រះ​អង្គ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ព្រះពុទ្ធ​សាសនា​បាន​បន្ត​គង់វង្ស​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទោះ​ឆ្លង​សម័យ​ប៉ុ​ល ពត ដែល​គេ​ផ្សឹក​ព្រះសង្ឃ​បំផ្លាញ​វត្ត​អារាម តែ​ព្រះពុទ្ធ​សាសនា​មិន​បាត់បង ។ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​តែ​នៅ​ពេល​ដែល​ព្រះ​ភិក្ខុសង្ឃ​ចេញ​តែ​ផ្តេសផ្តាស ពលរដ្ឋ​នឹង​ខ្វះ​សទ្ធា ។ ព្រះ​អង្គ​ក៏​បាន​មាន​ថេរ​ដីកា បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ថា កាលណា​តែ​ពុទ្ធបរិស័ទ​លែង​មាន​សទ្ធា​នោះ​អ្វី​ៗ​នឹង​អាច​គ្រោះថ្នាក់​ដល់​ពុទ្ធសាសនា ។

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ព្រះសង្ឃ​បាន​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម ជា​អ្នក​អប់រំ ជា​អ្នក​ជួយ​សង្គ្រោះ​សង្គម ហើយ​ក៏​មាន​ព្រះសង្ឃ​ខ្លះ​ធ្វើ​ពេទ្យ ព្រះសង្ឃ​ខ្លះ​តាំងខ្លួន​ធ្វើ​គ្រូ​ហោរា ជាដើម​។​ល ។

ពាក់ព័ន្ធ​នឹង​ចំណុច​ទាំងនេះ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីកា​ថា មាន​ចំណុច​ខ្លះ​ព្រះពុទ្ធ​វិន័យ​មិន​អនុញ្ញាត​ទេ ។ សូ​ម្បី​តែ​រឿង​បិណ្ឌបាត​ជាដើម បើ​តាម​ព្រះពុទ្ធ​ឱវាទ​ព្រះ​ភិក្ខុសង្ឃ ដែល​និ​មត្ត​បិណ្ឌបាត មិន​មាន​សិទ្ធិ​សុំ​ឡើយ ។ កាលណា​ពុទ្ធបរិស័ទ​ប្រគេន​អ្វី គឺ​ត្រូវ​តែ​ទទួល​ហ្នឹង អត់​មាន​សិទ្ធិ​បិណ្ឌបាត​នេះនោះ តាម​អំពើ​ចិត្ត​ឡើយ ។ លើកលែងតែ​សាច់ញាតិ ឬ​មួយ​ក៏​ពុទ្ធបរិស័ទ​គេ​បវារណា ។

នៅ​ក្នុង​ឱកាស​នោះ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​គួរតែ​លុប​បំបាត់​ផង​ដែរ​នោះ អ្វី​ដែល​ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា ឥរិយា​បទ​ភិក្ខុ​មហាចោរ​ទាំង​៥ នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន​ដូច​ជា ភិក្ខុ​ដែល​លាក់​គ្រូ​ខ្លួនឯង , យក​គរុ​ភ័​ណ្ឌ​ទៅ​ផ្គាប់ផ្គន់​គ្រហស្ថ ដើម្បី​ឲ្យ​គ្រហស្ថ​គេ​ចូល​ចិត្ត​ថ្នូរ​នឹង​លាភ​បាន​សក្ការៈ ភិក្ខុ​ដែល​ពោល​ពាក្យ​តិះដៀល​អ្នក​ដែល​ប្រតិបត្តិ​ធម៌​វិន័យ​ពិតប្រាកដ ហើយ​អួតអាង និង​ភិក្ខុ​ដែល​ចូល​ចិត្ត​បង្កើត​កម្មវិធី​នេះ​កម្មវិធី​នោះ ដើម្បី​លាភសក្ការៈ ។

ដោយឡែក តាម​ផ្លូវលោក ពោល គឺ​ផ្លូវច្បាប់​វិញ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពេល​បិទ​កម្មវិធី​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ដ្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​៣២ ប្រចាំឆ្នាំ​២០២៤ ថា រដ្ឋ​នឹង​តែ​បន្ត​លើក​ស្ទួយ​សាសនា​មិន​ថា សាសនាព្រះពុទ្ធ ឬ​សាសនា​ផ្សេង​ទៀត ដ្បិត​ប្រទេស​កាន់តែ​ទំនើប សាសនា​ដើរតួ​នាទី​កាន់តែ​សំខាន់ ។ សូ​ម្បី​តែ​នៅ​អា​មេ​រិ​ក​ជា​ប្រទេស​ដែល​ទំនើប​ជាងគេ​នៅ​លើ​ពិភពលោក ក៏​រៀងរាល់ថ្ងៃ​អាទិត្យ ប្រជាជន​គេ​ក៏​ទៅ​វត្ត ឬ​វិហារ ដើម្បី​គោរព​ព្រះ​ជា​ម្ចាស់​របស់​គេ​ដែរ ។

សម្ដេច​ធិ​បតី បាន​បន្ត​ថា ទស្សនៈ​ទំនើប​នៃ​ភាព​ជោគជ័យ​ក្នុង​សម័យ​ទំនើប​នេះ​ក៏​ផ្អែក​ទៅ​លើ​ធម៌ ទៅ​លើ​សាសនា ដែល​ចងក្រង​រាប់​ពាន់​ឆ្នាំ​មក​ហើយ សង្គមមនុស្ស​មិន​ប្រែប្រួល​ប៉ុន្មាន​នោះ​ទេ ។ សម្ដេច​បាន​គូសបញ្ជាក់​ថា ពិត​ណាស់​សម្ភារៈ​ប្រែប្រួល មធ្យោបាយ​ប្រែប្រួល ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​នៃ​សង្គមមនុស្ស​ក៏​ដូច​ជា សាសនា​នៅ​តែ​រក្សា​ដដែល ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ យើង​គប្បី​លើកទឹកចិត្ត​យកចិត្តទុកដាក់​លើកតម្កើង​ព្រះពុទ្ធ​សាសនា ឱ្យ​បាន​ខ្ពង់ខ្ពស់​ឡើង​ថែម​មួយ​កម្រិត​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យល់​កាន់តែ​ស៊ីជម្រៅ និង​មើលឃើញ​កាន់តែ​ច្បាស់​អំពី​ភាព​ចាំបាច់​សម្រាប់​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា និង​ផ្ដោត​លើ​ការ​មិន​ធ្វើ​នូវ​អំពើអាក្រក់​គ្រប់យ៉ាង ។

ជា​ថ្មី​ម្ដងទៀត សម្ដេច​បាន​បញ្ជាក់​ថា ការ​ធ្វើ​នូវ​អំពើ​ល្អ និង​ការ​សម្អាតចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ជា​គុណ​តម្លៃ​សម្រាប់​ជួយ​ឱ្យ​សង្គម​មាន​សមធម៌ សាមគ្គីធម៌ និង​សុខដុម​រម្យ​នា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​រដ្ឋសភា​បាន​រៀបចំ​ជា​របៀបវារៈ ។ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​នេះ ការ​អភិវឌ្ឍ​ធនធានមនុស្ស​មាន​មុម​ចំនួន​៥ ដែល​មុម​ទី​៥ ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម និង​មាន​ភាព​មាន​អារ្យធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌ សមធម៌ និង​បរិ​យា​បន្ន ។

សរុប​មក​វិញ ពុទ្ធសាសនា​នៅ​តែ​សំខាន់​សម្រាប់​សង្គម និង​ប្រជាជន​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ បុគ្គល​គន្លឹះ និង​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​ព្រះពុទ្ធ​សាសនា ក៏​គួរតែ​ពិនិត្យ និង​កែតម្រូវ​បញ្ហា​នានា ដែល​នាំ​ឲ្យ​សាសនា​ធ្លាក់​ចុះ​ពលរដ្ឋ​បាត់​ជំនឿ ។ ដូច្នេះ​ពង្រឹង​វិន័យ​សង្ឃ គឺ​មាន​ន័យ​ថា ពង្រឹង​ព្រះពុទ្ធ​សាសនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ