តាមវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរអាពាហ៍ពិពាហ៍ គឺជាពិធីឆ្លងវ័យមួយ ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងសង្គមជីវភាពរស់នៅដែលតែងតែប្រារព្ធឡើងដោយភាពរីករាយ និងមានឫសគល់នៅក្នុងប្រពៃណីដ៏ជ្រាលជ្រៅ ។ ដូចនេះ សំណួរថា តើនៅពេលណាដែលបុរស និងស្ត្រី គួររៀបអាពាហ៍ពិពាហ៍ មិនមានចម្លើយជាសកលទេ ព្រោះវាអាស្រ័យលើគោលដៅផ្ទាល់ខ្លួន ការរំពឹងទុកក្នុងគ្រួសារ និងបទដ្ឋានសង្គម ។
ជាទូទៅនៅក្នុងសង្គម ការរៀបចំអាពាហ៍ពិពាហ៍ ជារឿយៗត្រូវបានជះឥទ្ធិពលដោយជំនឿ ការរំពឹងទុកក្នុងសង្គមគ្រួសារ និងការពិចារណាជាក់ស្តែងពាក់ព័ន្ធនឹងស្ថិរភាពហិរញ្ញវត្ថុ និងការត្រៀមខ្លួនក្នុងគ្រួសារជាដើម ប៉ុន្តែជារួមមករវាងបុរស និងស្ត្រី សង្គមខ្មែយើងនៅតែឲ្យស្ត្រីរៀបការនៅអាយុដែលក្មេងជាងបុរស ។
សម័យនេះ ហាក់ខុសពីសម័យមុនច្រើនពីព្រោះបុរស និងស្ត្រីអាចមានពេលវេលាយូរបន្តិច ហើយក៏មានសិទ្ធិសេរីភាពនៅក្នុងការជ្រើសរើសគូស្រកររបស់ពួកគេផងដែរ ។ នៅសម័យមុនពិធីអាពាហ៍ពិពាហ៍ មួយចំនួនធំ គឺកើតមានឡើងដោយការរៀបចំ និងទុកដាក់ដោយគ្រួសារពោល គឺមានឪពុកម្តាយទាំងសងខាង ប៉ុន្តែសម័យបច្ចុប្បន្ននេះ យុវជន និងយុវនារីខ្មែរ គឺមានឥស្សរភាពច្រើននៅក្នុងការចាប់ដៃគូ ដើម្បីកសាងអនាគតគ្រួសារ ។
ដំណើរការនៃការចាប់ដៃគូនេះតែងតែផ្តោតនៅលើរូបសម្បត្តិ ចរិយាសម្បតិ្ត ការអប់រំ ចំណង់ចំណូលចិត្ត ការងារ ទ្រព្យសម្បត្តិ …ជាដើម ។ តាមការសង្កេតជារួមនៅសម័យនេះ បុរសខ្មែរជាច្រើន គឺតែងតែនិយមរៀបការនៅពេលដែលពួកគេមានវ័យប្រមាណជាពី២៥ឆ្នាំ ទៅដល់៣០ឆ្នាំ ហើយក៏មានខ្លះអាចពន្យាពេលដល់៤០ឆ្នាំខ្លះដែរ ។ ការដែលបុរសខ្មែរនិយមរៀបចំបង្កើតគ្រួសារនៅក្នុងអំឡុងពេលនៃចន្លោះអាយុនេះ គឺដោយសារតែអំឡុងពេលនេះ គឺជាអំឡុងពេលវេលាដែលពួកគេមានសក្តានុពលក៏ដូចជា ថាមពលដែលអាចធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ អាជីព និងភាពចាស់ទុំនៅក្នុងសង្គម ។
ដោយឡែក សម្រាប់ស្ត្រីវិញ ភាគច្រើនពួកគេច្រើនមានទំនោររៀបចំអនាគតនិងសម្រេចចិត្តចាប់ដៃជាមួយនឹងបុរសបង្កើតគ្រួសារនៅពេលដែលពួកគេមានវ័យចាប់ពី២០ដល់រង្វង់៣០ឆ្នាំ ។ ប៉ុន្តែសម័យនេះដោយសារតែការសិក្សា និងអាជីពការងារក៏ដូចជា លក្ខខណ្ឌសេដ្ឋកិច្ច ស្ត្រីមួយចំនួនក៏បានពន្យារពេលនៅក្នុងការគិតគូអំពីជីវិតគ្រួសារនេះរាងយឺតបន្តិចផងដែរ ពោល គឺអាចដល់ក្នុងរង្វង់៣៥ឆ្នាំចុះ ។
បទដ្ឋាននៃការចាប់ដៃគ្នាតាមរបៀបបុរាណដែលកំណត់ដោយគ្រួសារហាក់កាត់បន្ថយច្រើន ។ ជីវិតជាគូរបស់បុរស និងស្ត្រីនៅកម្ពុជានៅក្នុងសង្គមបច្ចុប្បន្ននេះ ត្រូវបានបុរស និងស្ត្រីផ្តល់អាទិភាពខ្លាំងលើការអប់រំ និងការអភិវឌ្ឍអាជីពជាពិសេសនៅតំបន់ទីក្រុង ។
តើហេតុអ្វីបានជាបុរស និងស្ត្រីចាំបាច់កំណត់អាយុនៅក្នុងការសម្រេចចិត្តជ្រើសរើសពេលវេលាសម្រាប់បង្កើតគ្រួសារ0x017d7
ជីវិតអាពាហ៍ពិពាហ៍មិនមែនងាយស្រួលឡើយ ។ កាលណាបុរស និងស្ត្រីសម្រេចចិត្តចាប់ដៃគ្នាឆ្លងកាត់ពិធីនេះ នោះបញ្ជាក់ថាអ្វីៗនឹងប្រែប្រួល ។ ដូច្នេះការដែលរៀបការនៅពេលវ័យក្មេងពេកវាពិតជាពិបាកនៅក្នុងការសម្របសម្រួល ។ តាមបទពិសោធន៍បង្ហាញថា គូស្នេហ៍ដែលរៀបការនៅក្មេងវ័យពេក ពួកគេអាចជួបបញ្ហាខ្វះបទពិសោធន៍ជីវិតដែលនាំឱ្យមានការយល់ច្រឡំ និងជម្លោះ ភាពច្របូកច្របល់នៃផ្លូវចិត្ត ហើយនាំឲ្យគ្រួសារងាយបែកបាក់ ។
ដូច្នេះទាំងបុរស និងស្ត្រី ការរៀបការក្នុងអាយុកំណត់ខាងលើ គឺជាវ័យសមរម្យល្មម ដែលពួកគេមានតាំងពីពេលវេលា និងសក្តានុពលច្រើនក្នុងការរៀបចំផែនការ និងពង្រីកគ្រួសារ ។ ទាំងបុរស និងស្ត្រី គឺពោរពេញដោយថាមពលនៅក្នុងការងាររកចំណូល ហើយនិយាយអំពីសុខភាពផ្លូវភេទក៏បរិបូរណ៍ ជាពិសេសស្ត្រីទទួលបានអត្ថប្រយោជន៍ពីលក្ខខណ្ឌជីវសាស្ត្រកាន់តែប្រសើរសម្រាប់ការសម្រាលកូន ដោយកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការមានផ្ទៃពោះ ។
ម្យ៉ាងវិញទៀត គូស្វាមីភរិយាដែលរៀបការ នៅក្នុងវ័យនេះអាចងាយស្រួលសម្របសម្រួលផ្លូវចិត្ត និងមានភាពចាស់ទុំដែលនាំឲ្យពួកគេអាចបង្កើតទំនាក់ទំនងគ្រួសាររឹងមាំ ។ ពួកគេក៏មានឱកាសចែករំលែកបទពិសោធន៍ជីវិតសំខាន់ៗជាមួយគ្នា ហើយអាចរស់នៅជាមួយគ្នារហូតដល់អវសាន្តនៃជីវិតរៀងៗខ្លួន ។
សរុបទៅ ការកំណត់អាយុត្រឹមត្រូវដើម្បីរៀបការ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន និងសង្គមគ្រួសារ ប៉ុន្តែផ្អែកតាមកត្តាជីវសាស្ត្រ និងសង្គមវ័យដែលបុរស និងស្ត្រីគួរតែសក្តិសមបំផុតនៅក្នុងការចាប់ដៃគ្នាដើរចូលក្នុងពិធីអាពាហ៍ពិពាហ៍ គឺបុរសគួរតែនៅក្នុងវ័យពី២៥ឆ្នាំទៅ ៣០ឆ្នាំហើយយឺតបំផុតគួរត្រឹម៤០ឆ្នាំ ។
ដោយឡែក ស្ត្រីវិញ គឺរង្វង់ពី២០ ទៅ៣៥ឆ្នាំ ។ នៅក្នុងវ័យនេះទាំងស្ត្រី និងបុរស គឺច្រើនតែមានចរិតចាស់ទុំ ចំណេះ និងបទពិសោធន៍ជីវិតក៏មានច្រើន ម្យ៉ាងវិញទៀតបញ្ហាហិរញ្ញវត្ថុក៏រឹងមាំ ហើយសុខភាពសម្រស់ និងសុខភាពទូទៅក៏ប្រសើរ ។ សុភមង្គលនៅក្នុងគ្រួសារមួយ គឺចាំបាច់បំផុត គឺមានលុយមានបទពិសោធន៍ល្អជាមួយគ្នា ការយោគយល់គ្នា ការសម្របសម្រួល មានភាពចាស់ទុំ និងសុខភាពល្អនេះឯង ៕
ចែករំលែកព័តមាននេះ